BREAKING NEWS
Search

លោក ហេង សួរ ៖​ ​កម្មករ​រោងចក្រ​ជាង​៩៥​% ​នៅ​ទូទាំង​ប្រទេស​ ​បន្ត​ធ្វើការ​ជា​ធម្មតា​

ភ្នំពេញ​ ៖​ លោក ហេង សួរ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ​ខែមេសា ​ឆ្នាំ​២០២០ ​មាន​កម្មករ​រោងចក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​៩៥​ភាគរយ​ បាន​មក​ធ្វើការ​ជា​ធម្មតា​ទៅតាម​បទបញ្ជា ​និង​សំណូមពរ​របស់​រាជរដ្ឋាភិបាល។

លោក ហេង សួរ បាន​បន្តទៀតថា ​នៅ​ទូទាំងប្រទេស ​មានតែ​ខេត្តកំពង់ស្ពឺ​ទេ​ ដែលមាន​ចំនួន​កម្មករ​មក​ធ្វើការ​ទាប​ជាងគេ​បន្តិច ​​។​ ចំណែក​រាជធានី​ខេត្ត​ផ្សេងៗ​ទៀត ​មានកម្ម​ករ​មក​ធ្វើការ​ជាង​៩៥​ភាគរយ​។​

ការបន្ត​ធ្វើការ​ក្នុង​រោងចក្រ​ដូច​ធម្មតា មិន​ឈប់សម្រាក​ទៅលេង​ស្រុកកំណើត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ពិតជា​ល្អប្រសើរ​ណាស់​ក្នុងការ​ចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​-១៩។

អ្នកស្រី ស៊យ វ៉ាន់ឌី ប្រធាន​ស៊ុប​ភើ​វ៉ា​យ​ហ្ស័​រ​ផ្នែក​ឡេវ​នៅ​រោងចក្រ​លីម​ឡាញ​ ដែល​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ ​បាន​គាំទ្រ​ពេញទំហឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​កម្មករ​និយោជិត​ធ្វើការ​ក្នុង​អំឡុងពេល​ចូលឆ្នាំ​ ព្រោះថា​ ប្រសិនបើ​ទៅផ្ទះ​មាន​ហានិភ័យ​ខ្លាំង​ណាស់​ទាំង​ធ្វើ​ដំណើរ​ទៅតាម​ផ្លូវ​ និង​ជួបជុំ​គ្រួសារ​ មិត្តភ័ក្ដិ ​អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

អ្នកស្រី​បាន​បន្តទៀតថា​ «​អីចឹង​ ដើម្បី​ជួយ​ការពារ​ខ្លួនឯង ក្រុមគ្រួសារ​ និង​មិត្ត​រួម​ការងារ​ទាំងអស់​ ក៏​ដូចជា​ជួយ​ដល់​សង្គម​ទាំងអស់​ យើងខ្ញុំ​រីករាយ​ធ្វើ​ការ​បន្ត​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ ​មិនមែន​តែ​ខ្លួន​ខ្ញុំ​ទេ ​គឺជា​រឿង​រួម​ទាំងអស់គ្នា​តែម្តង​ ទាំង​គ្រួសារ ទាំង​សង្គម​ និង​កន្លែង​ការងារ​ទាំងអស់​។​ ការ​មិន​ទៅ​ស្រុកកំណើត​នេះ ​គឺ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ប្រាក់​ឈ្នួល​ធម្មតា មិន​ចម្លង​ជំងឺ​ដល់​គ្រួសារ​ ហើយ​ប្រសិនបើ​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​មាន​ឆ្លង​ជំងឺ​នេះ​ គឺ​ខ្ញុំ​ពិបាក​ទទួល​យក​មែនទែន​ ដោយសារ​ពួកគេ​ជា​បេះដូង​របស់ខ្ញុំ​។​ តាមពិត​ខ្ញុំ​ចង់​ជួប​ពួកគាត់​ណាស់​ ដូចជា​ឪពុក​ម្តាយ កូន​ បងប្អូន ​មិត្តភ័ក្ដិ ​តែ​ខ្ញុំ​ត្រូវ​គិត​ឲ្យ​វែងឆ្ងាយ​ថា បើ​សិន​ជួប​ពួកគាត់​នាំ​ជំងឺ​ទៅ​ចម្លង​គាត់​នោះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ​»​។​

អ្នកស្រី​ បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​ មិនថាតែ​នៅ​តំបន់​ទួល​សង្កែ ​ឬ​តំបន់​ផ្សេងៗ​ទៀត ​សូម​កុំ​មាន​អារម្មណ៍​ថា​ អាក់អន់ចិត្ត​ក្នុងការ​មិនបាន​ត្រឡប់​ទៅ​ស្រុកកំណើត។ ​រដ្ឋាភិបាល​ នឹង​ដោះដូរ​ថ្ងៃ​ឈប់​ទៅ​ថ្ងៃ​ក្រោយ ពេល​ស្ថានភាព​ជំងឺ​នេះ​បាន​ផុត​រលត់​។

​សូម​ចូលរួម​ការពារ​ទាំងអស់​គ្នា ​ដើម្បី​ផលប្រយោជន៍​គ្រួសារ ខ្លួនឯង​ និង​ប្រទេសជាតិ​ ពោលគឺ​ការពារ​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩​ ដែល​ជា​ជំងឺ​កាច​សាហាវ​ខ្លាំង​បំផុត​នៅ​លើ​ពិភព​លោក​។​

គួរ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ ស្ដីពី​ការ​លើក​ការ​ឈប់​សម្រាក​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ នៅ​ថ្ងៃទី​១៣ ,១៤ ,១៥ និង​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០​ និង​បានចេញ​បម្រាម​ហាមឃាត់​ការ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផងដែរ​ លើកលែងតែ​ខេត្ត​កណ្តាល ​និង​រាជ​ធានី​ភ្នំពេញ អាច​ធ្វើ​ដំណើរ​បាន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ-​១៩​ នៅ​ក្នុង​សហគមន៍​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​៕

សូមចុចអាន ៖ មន្ទីរពេទ្យ​ខេត្តស្វាយរៀង​នាំយក​ថវិកា​សម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​covid19


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114