​គម្លាត​យេនឌ័រ​នៅ​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​ពី​ចំណាត់ថ្នាក់​ទី​១១២​មក​នៅត្រឹម​ចំណាត់ថ្នាក់​ទី​៨៩​នៅ​ឆ្នាំ​២០២០ ​

​ភ្នំពេញ​៖ ​​លោក បណ្ឌិត អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា ​​គម្លាត​យេនឌ័រ នៅក្នុង​ប្រទេស​ក​ម្ពុជា​ ត្រូវបាន​កាត់បន្ថយ​គួរ​ជាទី​កត់សម្គាល់​ដោយ​ថយ​ចុះ​ពី​ចំណាត់ថ្នាក់​ទី​១១២ ក្នុង​ឆ្នាំ​២០១៦ មក​ត្រឹម​ចំណាត់ថ្នាក់​ទី​៨៩ ក្នុង​ឆ្នាំ​២០២០​នេះ​។​

​​លោក​រដ្ឋមន្ត្រី​ បានលើក​ឡើង​បែបនេះ​នៅក្នុង​ពិធី​ អបអរសាទរ​ខួប​ លើក​ទី​១០៩ ​នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២០​ ក្រោម​ប្រធានបទ “​មាន​សន្តិភាព​មានការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​”​ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​ទីស្តីការក្រសួង​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ បើតាម​របាយ​ការណ៍​របស់​ស្ថាប័ន​វេទិកា​ សេដ្ឋកិច្ចពិភពលោក (World Economic Forum) ​ការដែល​កម្ពុជា​ អាច​កាត់​បន្ថយគម្លាត​យេនឌ័រ ថយចុះ​ពី​ចំណាត់ថ្នាក់​ទី​១១២ ក្នុង​ឆ្នាំ​២០១៦ មក​ត្រឹម​ចំណាត់ថ្នាក់​ទី​៨៩ ក្នុង​ឆ្នាំ​២០២០​នេះ ​គឺ​ផ្អែកលើ​កត្តា​ចម្បង​ៗ​ចំនួន​៤​គឺ៖ ទី​១-​ការ​បង្កើន​ ការចូលរួម​របស់​ ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច, ​ទី​២-​សមភាព​យេនឌ័រ​ក្នុង​វិស័យ​អប់រំ, ទី​៣-​ស្ថាន​ភាព​ ​សុខភាព​របស់​ស្ត្រី និង​ ទី​៤-​សមភាព​យេនឌ័រ​ក្នុងតួនាទី​ជា​អ្នកធ្វើ​សេចក្តីសម្រេច​ ក្នុង​វិស័យ​សាធារណៈ ​និង​នយោបាយ​។​

​លោក​រដ្ឋមន្ត្រី​បាន ​បន្ថែមទៀតថា​ សមភា​ព​យេនឌ័រ ​ជា​កត្តា​ចម្បង​ ក្នុង​ការធានា​នូវ​ ​ចីរ​ភាព​នៃ​សន្តិ​ភាព ​បរិយាប័ន្ន​ និង​និរន្តរភាព​យូរអង្វែង នៃ​សន្តិភាព​។ សមភាព​យេនឌ័រ ​និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ​គឺជា​របៀបវារៈ ​ដែល​ត្រូវបាន​ រាជរដ្ឋាភិបាល​កម្ពុជា ​ផ្តោត​ការយកចិត្តទុកដាក់ និង​គាំទ្រ​យ៉ាងខ្លាំង​ក្លា ​ដើម្បី​ជំរុញ​ឱ្យ​ពួក​គេ​ក្លាយជា​ កម្លាំងចលករ​ ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​អភិវឌ្ឍ ​និង​ក្លាយជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាល​ទី​៤ ​ដើម្បី​កំណើន​ការងារ សម​ធម៌​ និង​ប្រសិទ្ធភាព​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ​២០១៩-២០៣០ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា បានដាក់​ចេញ​នូវ​ការងារ​លើកកម្ពស់​សម​ភាព​យេនឌ័រ និង​ការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី ​និង​ក្មេងស្រី ​ជា​វិស័យ​អាទិភាពជ​ដាច់ដោយឡែក ក៏ដូចជា​ការងារ​ក្នុង​វិស័យ​អាទិភាព​ដ៏ទៃទៀត​ផងដែរ​។​

ឆ្លើយតប​ទៅនឹង​ការលើកកម្ពស់ ​សមភាព​យេនឌ័រ​នេះ​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ ក្រសួង​ការងារ និង​ បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​បញ្ជ្រាប​ការងារ​ យេនឌ័រ​ទៅក្នុង​ផែនការ​ យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩-២០២៣ ​ត្រង់​កម្មវិធី​ទី​៤ នៃ​យុទ្ធសាស្ត្រ​ទី​០៥ ចង្កោម​សកម្មភាព​ទី​០៧ និង​បានរៀបចំ​ផែនការ​យុទ្ធ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដំណាក់កាល​ទី​៤​ឆ្នាំ​២០១៩-២០២៣​ផងដែរ ទាំងនេះ​បង្ហាញ​នូវ ការប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​លើកកម្ពស់​សមភាព​យេនឌ័រ​របស់​ក្រសួង​។​

​ទាក់ទងនឹង​ប្រធានបទ ​នៅ​ឆ្នាំនេះ​លោក​បណ្ឌិត អ៊ិត​សំហេង​ បាន​មានប្រសាសន៍ថា​ «​ខ្ញុំ​សូម​គាំទ្រ​ប្រធានបទ ​សម្រាប់​ទិវា​អន្តរជាតិ ​នារី​៨​មីនា​ឆ្នាំនេះ​ស្តីពី ​“​មាន​សន្តិភាព​មានការ​លើកកម្ពស់​ សម​ភាព​យេនឌ័រ​” ជា​ប្រធានបទ​មួយ​ឆ្លើយតប​ទៅនឹង ​បរិបទ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ​ព្រោះថា ការ​រក្សា​បាន​នូវ​សុខសន្តិភាព​ ​និង​ស្ថេរ​ភាព​នយោបាយ​ គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់​ ដើម្បី​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​មួយ​ មានលទ្ធភាព​ផ្ដោត​ការ​យកចិត្ត​ទុក ​ដាក់​លើ​កិច្ច​អភិវឌ្ឍ​ សេដ្ឋកិច្ចសង្គម​ ​និង​សុខ​មាល​ភាព​របស់​ប្រជាជន​។ ​បើ​បាត់បង់​សន្តិភាព ​នោះ​អ្វីៗ​គ្រប់យ៉ាង​នឹង​ត្រូវ​បាត់បង់​។ ​សន្តិភាព​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ធានា​ចីរភាព​នៃ​កិច្ចអភិវឌ្ឍន៍​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ជាក់ស្តែង បន្ទាប់ពី​ទទួលបាន​នូវ ​សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស​អាស្រ័យ​ដោយ​គោលនយោបាយ ​” ឈ្នះ​-​ឈ្នះ “ ​ប្រទេស​កម្ពុ​ជាមាន​ភាព ​រីកចម្រើន​ជឿន​លឿន​ជា​លំដាប់​ក្នុង​ខណៈ​ បោះជំហាន​លើ​មាគ៌ា​នៃ​ការកសាង ​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​​ក្រោម ម្លប់​សន្តិភាព ប្រជាជន​កម្ពុជា​ បាន​នឹង​កំពុង​ទទួល​ ផ្លែផ្កា​ពី​សេចក្តីសុខ ​សន្តិភាព ស្ថិរភាព​នយោបាយ ​និង​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ​អត្រា​មធ្យម​ប្រមាណ​ជាង​៧%​ នា​អំឡុង​ពេល​ពី​រ​ទស្សវត្ស​កន្លងមកនេះ​ ធ្វើឱ្យ​ភាពក្រីក្រ​នៅ​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​មកក្រោម​១០%​នាពេល​បច្ចុប្បន្ន (​ជាង​៥៣%​នៅ​ឆ្នាំ​២០០៤) ​និង​អត្រា​គ្មាន​ការងារ​ធ្វើ ​មាន​ប្រមាណ​០.៣%​ហើយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹងថា ​នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​។ ​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀតថា​ តាមរយៈ​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​នេះ ​កម្ពុជា​បាន​ផ្លាស់ប្តូរ​មុខ​មាត់​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ​និង​បោះជំហាន​ឆ្ពោះ​ទៅ​សម្រេច​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​គួរ​រំលឹកថា​ទិវា​នារី​អន្តរជាតិ​៨​មីនា​ខួប​លើក​ទី​១០៩ ឆ្នាំ​២០២០​ក្រោម​ប្រធានបទ “​មាន​សន្តិភាព​មានការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​” រៀបចំឡើង​ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព និង “ អរគុណ​សន្តិភាព ” ដែល​បានប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​គំនរ​ផេះផង់ បែកបាក់​ជាតិ និង​បែងចែក​ទឹកដី ទៅជា​ទឹកដី ប្រកបដោយ​សន្តិភាព ស្ថេរភាព សេរីភាព ប្រជា​ធិបតេយ្យ នីតិរដ្ឋ និង​កំពុង​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ​ព្រមទាំង​ចូលរួម​ដោយ​ស្មើភាព ​និង​ស្មើ​សិទ្ធិ​ ជាមួយ​បណ្ដា​ប្រទេស​នានា​ ទាំង​ក្នុង​តំបន់ និង​លើ​សកលលោក ជាពិសេស​សមភាព​យេនឌ័រ​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​ប្រកបដោយ​លទ្ធផល​ជា​វិជ្ជមាន​គួរឱ្យកត់សម្គាល់​៕


អត្ថបទ៖ ​​សំអឿន​