BREAKING NEWS
Search

មក​ស្គាល់​ម្ចាស់​ជយលាភី​ស្លាក​សញ្ញា ​រូប​សត្វ​តំណាង និង បាវចនា SEA GAME 2023​ នៅ​កម្ពុជា​

យើង​បាន​ដឹង​រួចហើយ​ថា កម្ពុជា​ បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី​៣២​ ឆ្នាំ​២០២៣( SEA GAME 2023) និង កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​(​កីឡា​ជនពិការ​) លើក​ទី​១២ ​ឆ្នាំ​២០២៣ (ASEAN PARA GAME)។

ជាមួយនឹង​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ កម្ពុជា ​ក៏បាន​បង្កើត​នូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC)។

ថ្មីៗ​កន្លងមកនេះ CAM SOC ដែលមាន ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​នោះ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ស្លាក​សញ្ញា​LOGO រូប​សត្វ​តំណាង Ma scot និង បាវចនា​ស៊ី​ហ្គេម​២០២៣។​

ស្លាក​សញ្ញា​(LOGO) កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ ឆ្នាំ​២០២៣ ​នៅ​កម្ពុជា មាន​និមិត្តរូប​ប្រាសាទ​អង្គរវត្ត​ពណ៌​មាស រូប​នាគព័ន្ធ​៤​ពណ៌​ខុសៗ​គ្នា ជាមួយ​កង​ចំនួន១១ ជា​ស្លាក​សញ្ញា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ពណ៌​ទឹកមាស និង​ពាក្យ​ភាសា​អង់គ្លេស​ខាងក្រោម “The 32nd SEA Games Cambodia Phnom Penh”​។​ លោក នាង វិសាល ជា​ម្ចាស់​ជយលាភី​ស្លាក​សញ្ញា​Logo​នេះ។

លោក ​វិសាល បាន​ឲ្យ​ដឹងថា “ ក្នុងការ​រចនា logo sea game 2023 នេះ លោក​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ជា​៤​ខែ​ក្នុង​ការ​ធ្វើ និង​ពិនិត្យ​ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ​ឆ្នាំ​២០២៣ SEA GAME 2023(CAMSOC)។​ សម្រាប់​អត្ថន័យ​ឡូហ្គោ​មួយ​នេះ មាន​អត្ថន័យ​សំខាន់ៗ ដែល​បង្ហាញ​ពី​ថាមពល វប្បធម៌ អរិយធម៌ និង​អត្តសញ្ញាណ​ជាតិ​ដ៏​ត្រចះត្រចង់​របស់​របស់​ជាតិខ្មែរ​គ្រប់​ជំនាន់ និង​ស្មារតី​នាគព័ន្ធ​បង្ហាញ​ពី​ពី​ភាព​សហ​ប្រតិបត្តិ​ការ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ីអាគ្នេយ៍ ”​។​

ស្លាក​សញ្ញា​Logo មាន​និមិត្តរូប​ប្រាសាទអង្គរវត្ត​ ពណ៌​មាស រូប​នាគព័ន្ធ​៤​ពណ៌​ខុសៗ​គ្នា ជាមួយ​កង​ចំនួន១១ ជា​ស្លាក​សញ្ញា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ពណ៌​ទឹកមាស និង​ពាក្យ​ភាសា​អង់គ្លេស​ខាង​ក្រោម “The 32nd SEA Games Cambodia Phnom Penh ”។ រីឯ​ស្លាក​សញ្ញា​ការប្រកួត​កីឡា​ជន​ពិការ​មាន​និមិត្តរូប​ដូចគ្នា ខុស​តែ​ស្លាក​សញ្ញា​កីឡា​ជន​ពិការ​អាស៊ីអាគ្នេយ៍​តែប៉ុណ្ណោះ​។​

ខ្លឹមសារ​អត្ថន័យ អត្ថរស ​នៃ Logo ទាំងពីរ​ បង្កប់​នូវ​ថាមពល នៃ​វប្បធម៌ អរិយធម៌ អត្តសញ្ញាណ​ជាតិ​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ​គ្រប់​ជំនាន់​ ជាមួយនឹង​ស្មារតី​នាគព័ន្ធ គឺ​សាមគ្គីភាព សហប្រតិបត្តិការ​ នៃ​បណ្ដា​ប្រទេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​សមាជិក SEA Games។

ចំពោះ​រូប​សត្វ​តំណាង (Mascot) គឺជា​និមិត្តរូប​សុភា​ទន្សាយ​មួយគូ ដែល ​កញ្ញា លី គឹម​អាន ជា​ម្ចាស់​ជយ​លាភី​លើ​រូបតំណាង​ម៉ា​ស្កុ​ត seagame 2023​នេះ។​

កញ្ញា លី គឹម​អាន មាន​អាយុ​២៣​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ។ នាង​បាន​ឲ្យ​ដឹងថា​” រូប​តំណាង​ម៉ា​ស្កុ​ត seagame 2023​នេះ នាង​បាន​រចនា​ឡើង​ប្រមាណ​៥ ទៅ​៦ ខែ​ទាំង​ការពិនិត្យ​កែ​ និង​កែសម្រួល​ជាច្រើន​ដង ច្រើន​ដំណាក់កាល។

​កញ្ញា​ បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​រូបតំណាង​នេះ​ជា​រូប​ទន្សាយ ដោយសារ​សត្វ​ទន្សាយ​តំណាង​ឲ្យ​សភាវៈ​ល្អ មានគុណ​ធម៌ និង​សុភាពរាបសារ ហើយ​សម្រាប់​នៅ​ស្រុក​ខ្មែរ​យើង​ទន្សាយ ​គឺ​តំណាង​ឲ្យ​ភាព​ឆ្លាត​វៃ​មាន​យុត្តិធម៌ ហើយ​ជាងនេះទៀត​ឆ្នាំ​២០២៣ ជា​ឆ្នាំថោះ​ជា​ឆ្នាំ​របស់​សត្វ​ទន្សាយ។

ទន្សាយ​ទាំងពីរ​ខាងលើនេះ​មានឈ្មោះ​ថា​ បុរី​ និង​រំដួល ហើយ​មាន​ពណ៌​ខៀវ​ និង​ក្រហម​ តំណាង​ជាតិ​ខ្មែរ។ បុរី ​ជា​តួអង្គ​ប្រុស​ដែល​កាន់​ភ្លើង​គប់​កីឡា ឯ រំដួល ​ជា​តួអង្គ​ស្រី ​ដែល​សំពះ​ស្វាគមន៍​ភ្ញៀវ​ពី​គ្រប់ទិសទី។ ទន្សាយ​ទាំងពីរ​នេះ មាន​សម្លៀកបំពាក់​ជា​កីឡាករ​កីឡាការិនី​កីឡា​ល្បុក្កតោ​ខ្មែរ ដែល​ជា​ក្បាច់គុន អត្តសញ្ញាណ​របស់​ខ្មែរ​យើង ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​អ​រូបិយ​ជាតិ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​បាន​ស្នើសុំ​ចុះបញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​អង្គការ UNESCO ផង​ដែរ​។​

ចំពោះ​បាវចនា​ស៊ី​ហ្គេម​លើក​ទី​៣២​ ឆ្នាំ​២០២៣ ​នៅ​កម្ពុជា​វិញ​នោះ ​គឺ “​កីឡា​រស់​ក្នុង​សន្តិភាព​” “Sports Live in Peace” មាន​អត្ថន័យ​ស៊ីជម្រៅ ក្នុង​គុណប្រយោជន៍ ​នៃ​សន្តិភាព មាន​សន្តិភាព ​ទើប​កីឡា​មានជីវិត កីឡា​មាន​សកម្មភាព និង​កីឡា​មានការ​អភិវឌ្ឍ​។​

សូមបញ្ជាក់ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ តទៅ​ រហូតដល់​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ មាន​ចំនួន​១០០០​ថ្ងៃ​គត់​។ រីឯ​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​(​កីឡា​ជន​ពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣ នឹង​រៀបចំ​ធ្វើ​ បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម លើក​ទី​៣២ ប្រមាណ​២​សប្ដាហ៍ ដែល​មាន​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ លី​គ​(leaque)​កំពូល​របស់​កម្ពុជា​រីកចម្រើន​ខ្លាំង


​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114