ឃោរឃៅពេក​ហើយ ក្មេងស្រីអាយុ ៥ ឆ្នាំត្រូវគេបោះបង់ចោល និងដាក់ច្រវាក់ចោល​ក្នុងផ្ទះតែ​ឯង

ម៉ិកស៊ិក៖ ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញជាប់ច្រវាក់នៅលើគ្រែនៅក្នុងផ្ទះ បន្ទាប់ពីអ្នកជិតខាងបានឮសំឡេងរបស់នាងស្រែក។ ប្រទះ​ឃើញ​ក្មេង​ស្រីអាយុ ៥​ឆ្នាំ​ត្រូវ​គេបោះបង់​ចោល ហើយ​បោះបង់​ចោល​ឲ្យ​នៅ​តែ​ឯង

កុមារីម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានរកឃើញដោយមន្រ្តីប៉ូលីសក្រុង Ciudad Fernández កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០នេះ។

យោងតាមនាយប៉ូលីសលោក Alfredo Farías Carmona អ្នកជិតខាងនៅតំបន់ El Refugio ក្រុង Ciudad Fernández បានរាយកាណ៍ទៅអាជ្ញាធរមូលដ្ឋានបន្ទាប់ពីពួកគេបានឮសំឡេងក្មេងស្រីស្រែកយំ។ នៅពេលប៉ូលីសបានរកឃើញនាង កជើងខាងស្តាំរបស់នាងត្រូវបានចងជាប់ដោយច្រវាក់ដែកច្រែះ ទៅនឹងស៊ុមឈើនៃគ្រែតូចមួយនៅក្នុងផ្ទះ។ បន្ទាប់មកក្រុមប៉ូលីសបាននាំក្មេងស្រីរងគ្រោះរូបនេះទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីធ្វើការវាយតម្លៃរាងកាយនិងផ្លូវចិត្តរបស់នាង។

ការិយាល័យរដ្ឋអាជ្ញាការពារកុមារនិងមនុស្សវ័យជំទង់នៅរដ្ឋ San Luis Potosí បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមអាជ្ញាធរកំពុងធ្វើការស្វែងរកឪពុកម្តាយក្មេងស្រីនោះ បន្ទាប់ពីនាងត្រូវបានគេជួយសង្គ្រោះ។

កាសែតម៉ិចស៊ីកូ Excelsior បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញធុងតូចមួយដែលកុមារីត្រូវប្រើជំនួសបង្គន់។ នាងត្រូវបានឃុំក្នុងបន្ទប់តូចដែលពេញដោយសម្លៀកបំពាក់កខ្វក់និងសំរាម។ នាងក៏ត្រូវបានរកឃើញថា មានស្នាមជាំយ៉ាងខ្លាំងនៅលើជើងស្ដាំផងដែរ។

ពេលនេះកុមារីរងគ្រោះ កំពុងស្ថិតក្នុងស្ថាប័នអភិវឌ្ឍន៍គ្រួសារ SIFD ដើម្បីទទួលបានការការពារ៕

 

ប្រែសម្រួល៖ សន្យា