មាន​សន្តិភាព​ មាន​សេចក្ដី​ស្រឡាញ់​! ផ្ដល់​ឈាម ផ្ដល់​ក្តី​ស្រឡាញ់ ក្នុង​ទិវា នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ

រតនគិរី ៖ លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ផ្តល់​ឈាម នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ​រៀបចំ​យុទ្ធនាការ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​សេចក្តី​ស្រឡាញ់​!​ ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់​!» ដែល​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​៤​រសៀល នៅ​មជ្ឈ​មណ្ឌល​ផ្តល់​ឈាម មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី ស្ថិត​ក្នុង​ក្រុង​បាន​លុង​។​

​លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ឲ្យ​យុវជន និង​ប្រជាជន​នៅ​ទូទាំង​ខេត្ត​រតនគិរី បបួលគ្នា​ចូលរួម​ផ្តល់​ឈាម​ឲ្យ​បាន​ច្រើន​កុះករ នៅ​តាម​មជ្ឈមណ្ឌល​ផ្តល់​ឈាម ដើម្បី​ចែករំលែក​សេចក្ដី​ស្រលាញ់ និង​ដើម្បី​ជួយ​ជីវិត​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ឈាម​។ ​ប្រធានបទ «​មាន​សន្តិភាព​មាន​សេចក្តី​ស្រឡាញ់​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់​» គឺជា​ពាក្យស្លោក​ដ៏​សំខាន់​មួយ ជាពិសេស​ក្នុង​ឱកាស ដែល​យុវជន​តែងតែ​បាន​ចាត់​ទុក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ជា​ទិវា​ នៃ​ក្តី​ស្រលាញ់ ហើយ​នាំគ្នា​ផ្តល់​ឈាម ដើម្បី​បង្កើត​ជា​ទម្លាប់​ល្អ​មួយ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចែករំលែក​សេចក្តី​ស្រលាញ់ សម្រាប់​សង្គម​ជាតិ​យើង​ទាំងមូល​។​

លោក​វេជ្ជបណ្ឌិត​ អ៊ុង រតនា ក៏បាន​ជំរុញ​ឲ្យ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្ត បង្កើន​ការអប់រំ​ផ្សព្វផ្សាយ និង​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​បរិច្ចាគ​ឈាម​ច្រើន​ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​យុវជន ប្រជាជន​យើង​បាន​ចូល​រួម​បរិច្ចាគ​ឈាម​កាន់​តែ​ច្រើន​។​

​លោក​វេជ្ជបណ្ឌិត ហ៊ីង ផាន​សគ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ឈាម​នេះ គឺ ​សម្រាប់​ផ្គត់ផ្គង់​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ចូលរួម​រួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​ច្រើន​ ពីព្រោះ​ជនរងគ្រោះ​ត្រូវការ​ឈាម​សង្គ្រោះ​ជីវិត​យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ គិត​ជា​មធ្យមភាគ​៣​ប្លោក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ប្រធាន​មន្ទីរពេទ្យ​រូបនេះ​បាន​បន្តថា ការ​បរិច្ចាគ​ឈាម​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។​

ផ្ទុយទៅវិញ​ វា​ក៏​ផ្តល់​ប្រយោជន៍​សម្អាត​ឈាម​ចាស់​ជំនួស​ឈាម​ថ្មី ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ខ្លួន​យើង​ផង​៕


អត្ថបទ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114