ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ប៉ុណ្ណា​ដោយ​សារកូវីដ១៩?

ទីផ្សារ​ស្មាត​ហ្វូន​ពិភពលោក បាន​ធ្លាក់​ចុះ​ប្រមាណ ១៤% កាល​ពី​ខែ​កុម្ភៈ កន្លងទៅ ស្រប​ពេល​ដែល​វីរុស​កូវីដ ១៩ កំពុង​វាយ​ប្រហារ​ប្រទេស​ចិន និង​បណ្តា​ប្រជាជាតិ​ផ្សេង​ទៀត​ជុំ​វិញ​ពិភពលោក។ នេះ​បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា Counterpoint ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​និង​បាន​ព្រមាន​ថា​ទីផ្សារ​ស្មាត​ហ្វូន​ពិភពលោក នឹង​កាន់​តែ​ធ្លាក់​ចុះ​ជាង​នេះ បើ​ស្ថាន​ការណ៍​ឆ្លង​រាតត្បាត​វីរុសកូវីស​១៩ ទូទាំង​សកល​លោក​កាន់​តែ​អាក្រក់​ឡើង​នោះ។

ករណី​ផ្ទុះ​ឆ្លង​រាល​ដាល​វីរុស បាន​ធ្វើ​ឲ្យ​ចិន​ដែល​ទី​ផ្សារ​ក្រុមហ៊ុន​យក្ស Apple និង​ទីផ្សារ​ស្មាត​ហ្វូន​ដទៃ​ទៀត ត្រូវ​បិទទ្វារ​ក្នុង​ប្រទេស​នេះ អំឡុង​ខែ​កុម្ភៈ កន្លង​ទៅ ខណៈ​តួ​លេខ​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ចិន អំឡុង​ខែ​កុម្ភៈ Apple លក់​ចេញ​ស្មាត​ហ្វូន​របស់​ខ្លួន​ក្នុង​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​មួយ​នេះ បាន​ប្រមាណ ៥សែន​គ្រឿង​ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២០ រហូត​ដល់​ខែ​កុម្ភៈ ទីផ្សារ​ស្មាតហ្វូន​ចិន បាន​ធ្លាក់​ចុះ​ប្រមាណ ៣៨% ប៉ុន្តែ​ការ​គ្រប់​គ្រង​ស្ថានការណ៍​វីរុស​កូវីដ ១៩ នៅ​ពេល​នេះ ជំរុញ​ឲ្យ​បណ្តា​ទីផ្សារ​ស្មាត​ហ្វូន​ជាច្រើន បើក​ទ្វារ​ឡើង​វិញ អំឡុង​ពាក់​កណ្តាល​ខែមីនា កន្លង​ទៅ។
ជាមួយ​គ្នា​នេះ ទីផ្សារ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក៏​កំពុង​ក្រោក​ឡើង​វិញ​ដូច​គ្នា ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ទៅ​ផ្សារ​ផ្សេង​ទៀត​ជុំ​វិញ​ពិភពលោក កំពុង​តែធ្លាក់​ក្នុង​ស្ថានការណ៍​កាន់​តែ​អាក្រក់​ខ្លាំង។

ខណៈ​ពេល​នេះ​ដែរ បណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងប្រឈមមុខនឹងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី នៅពេលដែលប្រទេសជាច្រើនបាន​ចេញបញ្ជាបិទ​ប្រទេស។ កាលពីថ្ងៃអង្គារក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់សំខាន់មួយរបស់ក្រុមហ៊ុន Apple បាននិយាយថាខ្លួននឹងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌាដោយអនុលោមតាមបទបញ្ជារបស់រដ្ឋាភិបាល ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CNA