BREAKING NEWS
Search

ផល​ប៉ះពាល់​ទាំង ៧ ពីចំហាយ​ម៉ាស៊ីន​ត្រជាក់​ ដែលភាគច្រើនបង្កជាបញ្ហាធំ

ម៉ាស៊ីន​ត្រជាក់​ ប្រៀប​ដូចជា​ខ្សែ​ជីវិត​សម្រាប់​មនុស្ស​ភាគច្រើន ​នា​ពេល​បច្ចុប្បន្ន​នេះ​ ជាពិសេស​បើ​សិន​ប៉ះ​ចំ​ថ្ងៃ​ក្ដៅ​ទៀត ​រឹត​តែ​មាន​អ្នក​ប្រើប្រាស់​ច្រើន​ឡើង។

ប៉ុន្តែ​ក្នុង​នោះ ​ម៉ាស៊ីនត្រជាក់​ក៏​មាន​ផល​ប៉ះពាល់​មិន​ល្អ​មួយ​ចំនួន​ ដែល​គ្រប់គ្នា​មិន​ធ្លាប់​ដឹង។

១. ​ខះ​ជាតិ​ទឹកក្នុងរាងកាយ

អត្រា​ខះ​ជាតិ​ទឹក​ត្រូវ​បាន​គេ​ដឹង​ថា ​ខ្ពស់​ជាង​ពេល​ស្ថិតនៅ​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់។ ជា​ធម្មតា​មនុស្ស​នឹង​ខ្វះ​ជាតិ​ទឹក​ ប្រសិន​បើ​ម៉ាស៊ីន​ត្រជាក់​ស្រូប​យក​សំណើម​ច្រើន​ពេក​ពី​បន្ទប់។ បញ្ហា​នេះ​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ​ត្រជាក់​ហើយ​ចង់​ផឹក​ទឹក។

២. ឈឺក្បាល​ប្រកាំង

ផល​ប៉ះពាល់​មួយ​ទៀត​នៃ​កន្លែង​ដែល​មាន​ម៉ាស៊ីនត្រជាក់ ​ជា​ពិសេស​ប្រសិន​បើ​ម៉ាស៊ីន​ត្រជាក់​នោះ​មិន​បាន​ថែរក្សា​ឲ្យ​ត្រឹមត្រូវ ​នោះ​គឺ​ងាយ​នឹង​រង​ការ​ឈឺក្បាល​ប្រកាំង ​នៅ​ពេល​កម្រិត​គុណភាព​ខ្យល់​ខាង​ក្នុង​ផ្ទះ​ធ្លាក់​ចុះ ហើយ​យើង​ស្ថិតនៅ​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ឬ​អាគារ​នោះយូរពេក។

៣. បញ្ហា​ផ្លូវ​ដង្ហើម

រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ​គឺ ​ភ្នែក​ ច្រមុះ​ និង​បំពង់ក​ កើន​ឡើង​ចំពោះ​អ្នក​ដែល​ចំណាយ​ពេល​ច្រើន​នៅ​កន្លែង​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ ជាង​អ្នក​ដែលមិន​ចំណាយ​ពេល​នៅ​កន្លែងដែល​មិន​មាន​ម៉ាស៊ីន​ត្រជាក់។ ទាំង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​ស្ទះ​ច្រមុះ ​បំពង់ក​ស្ងួត ​ឬ​​រលាក​រមាស់។

ដូច​ដែល​ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ២៨% នៃ​អគារ​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ ជួប​ប្រទះ​នឹង​ជំងឺ​រើម ​បើ​ប្រៀបធៀប​ទៅ​នឹង ៥ % នៅ​ក្នុង​អគារ​ដែល​មាន​ខ្យល់​ចេញ​ចូល​តាម​ធម្មជាតិ។ ប្រហែល ៣៥ % នៃ​ប្រជាជន​នៅ​ក្នុង​តំបន់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់ ​មាន​ការ​ស្ទះ​ច្រមុះ​ ទល់​នឹង ៩ % នៅ​ក្នុង​អគារ​ដែល​មាន​ខ្យល់​ចេញ​ចូល​ធម្មជាតិ។

៤. ល្ហិតល្ហៃ

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​ប្រជាជន​នៅ​ក្នុង​អគារ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់ តែង​​ត្អូញត្អែរ​ពី​ភាព​ល្ហិតល្ហៃ​ក្នុង​ខ្លួនប្រាណ។ ដូច​ដែល​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ ប្រសិន​បើ​យើង​កំពុង​ធ្វើការ​នៅ​ក្នុង​អគារ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់ ​យើង​នឹង​មាន​ការ​ត្អូញត្អែរ​ពី​ភាព​ល្ហិតល្ហៃ​ជាង​អ្នក​ដែល​ ស្ថិត​នៅ​ក្នុង​ចន្លោះ​ដែល​មាន​ខ្យល់​ចេញ​ចូល​ដោយ​ធម្មជាតិ។

៥. ស្បែក​ស្ងួត​និង​រមាស់

ម៉ាស៊ីន​ត្រជាក់​ហួស​កម្រិត​គួបផ្សំ​នឹង​ការ​ប៉ះ​ជាមួយ​កម្ដៅ​ថ្ងៃ​ខ្លាំង​ អាច​ធ្វើ​ឲ្យ​ស្បែក​រមាស់​និង​ស្ងួត។ នេះ​ក៏​ដោយសារ​តែ​យើង​មិន​បាន​ឲ្យ​ស្បែក​ប៉ះ​ពន្លឺ​ព្រះអាទិត្យ​បាន​គ្រប់គ្រាន់។

៦. ជំងឺ​ហឺត​និង​អាឡែកហ្សី

ម៉ាស៊ីន​ត្រជាក់​អាច​ធ្វើ​ឲ្យ​អាឡែកហ្សី​ ចំណែក​អ្នក​មាន​ជំងឺ​ហឺត​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ បើ​ម៉ាស៊ីន​ត្រជាក់​របស់​យើង​មិន​បាន​សម្អាត​ និង​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត​នោះ​ យើង​នឹង​ប្រឈម​នឹង​ហានិភ័យ​នៃ​អាឡែកហ្សី​មិនខាន។

៧. ភ្នែក​ស្ងួត

ភ្នែក​ស្ងួត​អាច​បណ្ដាល​ឲ្យ​ភ្នែក​របស់​យើង​​មាន​អារម្មណ៍​រមាស់​ និង​រលាក​ឬ​ព្រិល​ជាដើម។ ចំណែក​បញ្ហា​ភ្នែក​ស្ងួត​នេះ​ អាច​បណ្ដាល​មកពី​យើង​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​ក្នុង​កន្លែង​ដែល​មាន​ម៉ាស៊ីន​ត្រជាក់៕

ចុចអាន៖អ្នកមាន​ទម្លាប់ខាំក្រចកគួរកែប្រែទៅ ប្រយ័ត្នជួបបញ្ហាទាំងនេះ

ចុចអាន៖អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ នៃ​ការ​ឱបឬប៉ះពាល់​រាងកាយ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖curejoy