BREAKING NEWS
Search

​​និស្សិត​ខ្មែរ​ចប់អនុបណ្ឌិត​នៅ​ជប៉ុន ប្រាប់​ពី​គន្លឹះ​ងាយ​ៗ​​ទទួល​បាន​​អាហារូបករណ៍

យុវជន​​ ម៉ែន វុឌ្ឍី គឺជានិស្សិត​ខ្មែរមួយរូប​​ ​ទើប​បញ្ចប់ការសិក្សា​ថ្នាក់​អនុបណ្ឌិត​​លើ​ជំនាញ​​​វិស្វកម្ម​ទន្លេ​ និង​បរិស្ថាន នៅ​សាកលវិទ្យាល័យ​ជប៉ុន( The University of Tokyo )​ ។ វុឌ្ឍី បាន​ប្រាប់​​ពី​​គន្លឹះ​ងាយ​ៗ​មួយ​ចំនួ​ន​ ដែល​អាច​​ទទួល​បាន​​អាហារូបករណ៍​ទៅសិក្សា​នៅ​ក្រៅ​ប្រទេស​​​។

វុឌ្ឍី​ បាន​និយាយ​ថា មុន​ពេល​ជាប់​អាហារូបករណ៍​ទៅ​ជប៉ុន ខ្លួន​​បាន​​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជំនាញ​ធនធាន​ទឹក​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ថ្នាក់​បរិញ្ញាបត្រ។ ​ក្រោយ​មក​​បាន​ចូល​​មើល​ព័ត៌មាន​ នៅ​​ក្នុងគេហទំព័រ​សាកលវិទ្យាល័យ​​ជប៉ុន​​​  និង​បាន​ចាប់អារម្មណ៍កម្មវិធី​​អាហាររូបករណ៍ដែលមាន​ថា MEXT Scholarship Program  និង​​បាន​ខិតខំ​ស្រាវជ្រាវ ពី​លក្ខខណ្ឌ​ និង​កាលបរិច្ឆេទ​​ផុត​កំណត់។

វុឌ្ឍី បន្ថែម​ថា ការ​​ដាក់ពាក្យ​គឺ​ទាមទារ​ឯកសារ​ជា​ច្រើន​អំពី​ខ្លួន​ តែ​ឯកសារ​សំខាន់​​​យក​មក​វាយតម្លៃ​ ​គឺភាសា​អង់គ្លេស​ ឬ​ជប៉ុន គម្រោង​ស្រាវជ្រាវ CV និង​សមិទ្ធផល​ ដែល​យើង​មាន​ក្រៅ​ពី​ការ​សិក្សា​ក្នុង​ថ្នាក់ (Awards etc)​ និង​បទពិសោធន៍​ការងារ ​ដែល​ទាក់ទង​នឹង​ជំនាញ​យើង។ ជាពិសេស​នោះ​គឺ​ពឹងផ្អែក​លើ​កត្តា​ជាច្រើន ដូចជា ការ​ស្គាល់​ខ្លួនឯង ប្រភេទ​អាហារូបករណ៍ ឯកសារ ការ​សម្ភាសន៍ និង​ទំនាក់ទំនង  ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​មុន​គេ​ គឺ​រៀន​ឲ្យ​បាន​ពូកែ​សិន ។

​មូលហេតុ​ដែល​​ វុឌ្ឍី​ សម្រេចចិត្ត​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​លើ​ជំនាញ​វិស្វកម្ម​ទន្លេ​ និង​បរិស្ថាន គឺ​ដោយសារ​តែ​គេ​បាន​ជ្រើសរើស​ជំនាញ​ទាក់ទង​នឹង​ទឹក ​តាំង​ពី​ថ្នាក់​បរិញ្ញាបត្រ​មក​ម្ល៉េះ​។ ជំនាញនេះការពិតមានសារៈសំខាន់ណាស់ មិនត្រឹមតែប្រទេសកម្ពុជាទេ​ ប្រទេសផ្សេងក៏សំខាន់ណាស់ដែរ ពីព្រោះការបញ្ជៀសការខូចខាតនានា ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ឬគ្រោះមហន្តរាយទឹកជំនន់ ជាដើម គឺសុទ្ធតែត្រូវការវិស្វករធារាសាស្រ្តនេះ។ ​​ប្រទេសខ្មែរយើងតែងតែមានគ្រោះមហន្តរាយទឹកជំនន់ ព្យុះ ឬក៏រាំងស្ងួត ទាំងនៅជនបទ និងទីក្រុង។ ដូច្នេះធនធានមនុស្ស ក្នុងជំនាញនេះសំខាន់ខ្លាំងណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងកាត់បន្ថយការប៉ះពាល់ និងការខូតខាតនានាក្នុងប្រទេសយើង។

ក្រោយ​ចប់​ការ​សិក្សា​នៅ​ជប៉ុន​ វុឌ្ឍី ​ក៏បាន​រៀបចំ​ឯកសារ​ដើម្បី​ធ្វើការ​ឲ្យ​សកលវិទ្យាល័យ​តូក្យូ​រយៈពេល ៣ខែ ​ជា​ជំនួយការ​បច្ចេកទេស​ឲ្យ​សាស្ត្រាចារ្យ​ក្នុង​មន្ទីរ​ពិសោធន៍​វិស្វកម្ម​ទន្លេ​ និង​បរិស្ថាន​។ ទន្ទឹម​នឹង​នេះ ក៏​កំពុង​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ក្រុមហ៊ុន​កុងសុលតង់ នៅ​ប្រទេស​ជប៉ុន​។ វុឌ្ឍី​ ចង់ធ្វើការជា វិស្វករនៅក្នុងគម្រោងអន្តរជាតិ នៅផ្នែកធនធានទឹកនៅប្រទេសជប៉ុន គឺអាចមានឱកាសក្លាយជាវិស្វករបែបនេះ ពីព្រោះក្រុមហ៊ុនជប៉ុនមានគម្រោងក្រៅប្រទេសច្រើន។

បច្ចុប្បន្ន វុឌ្ឍី​ មិនទាន់មានគម្រោងត្រលប់​មក​កម្ពុជា​ភ្លាម​ទេ ពីព្រោះដើម្បីអាចក្លាយជាវិស្វករ ដែលអាចធ្វើការក្នុងគំរោងអន្តរជាតិ គឺត្រូវតែនៅប្រទេស​ជប៉ុនបន្ត ហើយធ្វើការក្នុងក្រុមហ៊ុនក្នុងប្រទេសនេះសិន​​។ រកការងារក្នុងក្រុមហ៊ុនជប៉ុន នៅប្រទេសជប៉ុន តែធ្វើការក្នុងគម្រោងអន្តរជាតិ។ ​​នេះជាប្រភេទការងារដែលកំពុងរក ​។ បើតាមគម្រោង ដើម្បីក្លាយជាវិស្វករមួយរូប ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងធំៗ នៅប្រទេសខ្មែរបាន វុឌ្ឍី​ ប្រហែលជាត្រូវចំណាយពេលយ៉ាងតិច ៥ ឆ្នាំធ្វើការយកបទពិសោធន៍នៅ​ប្រទេស​ជប៉ុន​​ រួចហើយប្រសិនបើមានឱកាសណាមួយខ្លួន​នឹងត្រលប់​មក​កម្ពុជា​វិញ​។

ជា​ចុង​ក្រោយ​យុវជន​រូប​នេះ​បាន​ផ្ដាំផ្ញើ​ថា ចំពោះ​និស្សិត​ខ្មែរ​យើង​ដែល​មាន​បំណង​មក​សិក្សា​នៅ​ក្រៅ​ប្រទេស សូម​ឲ្យ​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​ពិន្ទុ​ល្អ​។ ​ការ​សិក្សា​ទាំង​ជំនាញ​ និង​ភាសា។ ត្រូវ​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ សិស្ស​ច្បង​និង​គ្រូ ពីព្រោះ​នៅ​ពេល​រៀបចំ​ឯកសារ​មក​រៀន​នៅ​ក្រៅ​ប្រទេស យើង​នឹង​ត្រូវ​ការ​បទពិសោធន៍​ជា​ច្រើន​ពី​ពួកគាត់៕

អត្ថបទ៖ មេឃខៀវ