BREAKING NEWS
Search

ប្រទេសថៃកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំង ហើយនឹងបន្តរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ

បើយោងតាមការព្យាករណ៍អាកាសធាតុប្រទេសថៃបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ បន្ទាប់ពីវាបង្កឲ្យមានទឹកជំនន់ និងទឹកហូរខ្លាំងនៅក្នុងខេត្តជាច្រើនចាប់តាំងកាលពីយប់ថ្ងៃពុធ ។

នាយកដ្ឋានឧតុនិយមថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងនឹងបន្តធ្លាក់ដោយសារតែមានជំនោរខ្យល់មូសុងនៅលើតំបន់ភាគខាងជើង ភាគកណ្តាល និងភាគឦសានចាប់តាំងកាលពីថ្ងៃពុធ ។

កត្តានេះហើយទើបធ្វើឲ្យវាមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅផ្នែកជាច្រើននៃប្រទេសចាប់ពីយប់ថ្ងៃពុធដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ ទឹកជំនន់ត្រូវបានគេរាយការណ៍នៅកណ្តាលក្រុង Chiang Mai កាលពីព្រឹកថ្ងៃពុធ ហើយមានទឹកហូរចេញពីទឹកជ្រោះ Wang Kaew នៅក្នុងខេត្ត Lampang ។

ទន្ទឹមនោះទឹកហូរខ្លាំងក៏ត្រូវបានគេរាយការណ៍ចេញពីឧទ្យានជាតិ Khao Yai ទៅកាន់ភូមិ Ban Koh Moi ក្នុងស្រុក Prachantakham នៃខេត្ត Prachin Buri ។

ចំណែកនៅខេត្ត Kanchanaburi ទឹកហូរខ្លាំងចេញពីឧទ្យានជាតិ Khuean Srinagarindra បានវាយប្រហារទៅលើតំបន់នានាក្នុងឃុំ Hin Dat នៃស្រុក Thong Phaphum ។ ឃុំ Hin Dat ក៏ត្រូវទឹកជន់លិចដែរ ។

បន្ថែមពីនៅទីក្រុងបាងកកមានភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើនកាលពីយប់ថ្ងៃពុធ ។ រដ្ឋបាលក្រុងបាងកកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លាំងកម្រិត ១០០ មីល្លីម៉ែត្រក្នុងរយៈពេល ១៥ នាទីបានបង្កការជន់លិចនៅក្នុងស្រុក Din Daeng ស្រុក Huai Khwang និងស្រុក Phaya Thai ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន៖ តំណាងរាស្រ្តថៃត្រូវគេថតជាប់កំពុងមើលរូបភាពសិចអំឡុងពេលប្រជុំសភា

ចុចអាន៖ ខេត្ត២២របស់ថៃរងគ្រោះខ្លាំងដោយសារព្យុះ “នូល” ខណៈភាគខាងត្បូងប្រទេសឡាវរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ