BREAKING NEWS
Search

ប្រទេស​១២​ ប្រកាស​ទទួល​អត្ត​ព​លិ​ក​កម្ពុជា​ ឲ្យ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

ចិន កូរ៉េ ជប៉ុន ថៃ វៀតណាម បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី អឺរ៉ុប និង អាមេរិក​ គេ​ស្ម័គ្រចិត្ត​ទទួលយក​កីឡាករ កីឡា​ការិនី​កម្ពុជា​ ទៅ​ហ្វឹកហាត់។​

នេះ​បើ​តាម​ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) បាន​ប្រាប់​ឲ្យ​ដឹង​នោះ​។​

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពេលនេះ​មាន​ប្រទេស​ចំនួន​១២​ ដែល​បាន​ប្រកាស​ទទួល​យក​អត្ត​ព​លិ​ក​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​

​ដោយសារ​កូ​វីដ​-១៩ បាន​ធ្វើ​ឲ្យ​កម្ពុជា​ ត្រូវ​ពន្យារពេល​ក្នុង​ការ​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស។ ទោះជា​យ៉ាងណា ក៏ ​លោក​ វ៉ា​ត់ ចំរើន បាន​ដាក់​គោលដៅ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជា​រឿង​សំខាន់។ នា​ខែ​វិច្ឆិកា ​ចុង​ឆ្នាំ​នេះ ប្រសិនបើ​កូ​វីដ-១៩​ មានការ​ថមថយ​នោះ កម្ពុជា ​នឹង​បើក​យុទ្ធនាការ​បញ្ជូន​អត្ត​ព​លិ​ក​ចេញទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស ​ក្នុង​ទ្រង់ទ្រាយ​ធំ​តែម្ដង។​

​ក្នុង​ករណី​អ្វីៗ​នៅ​មិនទាន់​ឈានទៅរក​ភាព​ប្រក្រតី​ដូចដើម​ទេ​នោះ ដើម​ឆ្នាំ​២០២១ ​កម្ពុជា ​នឹង​ត្រូវ​បង្ខំ​ចិត្ត​បញ្ជូន​កីឡាករ កីឡា​ការិនី​ ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស។ ចិន កូរ៉េ ជប៉ុន ថៃ វៀតណាម បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី អឺរ៉ុប និង អាមេរិក ​គេ​ស្ម័គ្រចិត្ត​ទទួលយក​កីឡាករ កីឡា​ការិនី​កម្ពុជា ​ទៅ​ហ្វឹកហាត់។

កីឡាករ កីឡា​ការិនី​កម្ពុជា ដែល​ត្រៀមខ្លួន​ចេញទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​១១០​នាក់ ។ ​ឆ្នាំ​២០២១​ ស៊ី​ហ្គេម​លើក​ទី​៣១​ នៅ​ទីក្រុង​ហាណូយ ​ប្រទេស​វៀតណាម ​ដែល​នោះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ មុន​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ ​ឆ្នាំ​២០២១​នេះ​ដែរ ក៏​ជា​ឆ្នាំ​ដែល​កម្ពុជា​ពិនិត្យ​មើល​ចុង​ក្រោយ ពី​សមត្ថភាព​អត្ត​ព​លិ​ក​របស់​ខ្លួន ក៏ដូចជា​ការពិនិត្យ​មើល​ពី​មន្ត្រី​បច្ចេកទេស​របស់​ខ្លួន​ជា​លើកចុងក្រោយ​ដែរ។

កម្ពុ​ជា មាន​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​ជាច្រើន ដូចជា ​ប៉េតង់ ចំបាប់ វូ​ស៊ូ វ៉ូ​វី​ណា​ម តេ​ក្វាន់​ដូ សូ​ហ្វ​តិ​ន្នី​ស វាយ​កូន​បាល់ វាយ​សី និង​ប្រភេទ​កីឡា​ជាច្រើន​ទៀត។ មិនតែប៉ុណ្ណោះ ​ប្រភេទ​កីឡា​មួយ​ចំនួន​ ដែល​កន្លងមក​ពុំ​ធ្លាប់​ប្រជែង​បាន​មេដាយ​នោះ ក៏​កំពុងតែ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ។
​ប្រភេទ​កីឡាបាល់ទាត់​ពេលនេះ ក៏​កំពុងតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​ ពិសេស​កីឡាករ​វ័យក្មេងៗ​ដែល​បណ្ដុះបណ្ដាល​ចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី។ បាល់ទះ បាល់បោះ កំពុងតែ​បង្ហាញ​ពី​ភាព​ខ្លាំង​និង​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​ពី​មួយខែ​ទៅមួយ​ខែ ព្រមទាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ យ៉េន ឌី​ណា និង ឡៅ ចិ​ត្រា វាយ​ស្មើ​ពិន្ទុ​គ្នា ខ​ណៈ​ជើង​ថ្មី ផាន់ ពេញចិត្ត ផ្តួល​ជើងចាស់​ចាន់ វ៉ា​រិ​ទ្ធ​ក្នុង​ទឹកទី​១



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114