BREAKING NEWS
Search

កម្ពុ​ជា មាន​យុទ្ធសាស្ត្រ​លុបដាន​ប្រវត្តិសាស្ត្រ រុញ​ចំណាត់ថ្នាក់​ពី​លេខ​៨ ឲ្យ​មក​ត្រឹម​​លេខ​៥ នៅ​ស៊ី​ហ្គេម​លើក​ទី​៣២

CAMSOC ៖ កម្ពុ​ជា មាន​យុទ្ធសាស្ត្រ​លុបដាន​ប្រវត្តិសាស្ត្រ រុញ​ចំណាត់ថ្នាក់​ពី​លេខ​៨ ឲ្យ​មក​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥​ ឬ​លេខ​៦។ ក្នុងនោះ ពេលដែល​កម្ពុជា​ទ​ទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​ ជា​ប្រវត្តិសាស្ត្រ​ នៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ​ឆ្នាំ​២០២៣ (CAM SOC) បាន​មានប្រសាសន៍​ ដោយ​បង្ហាញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់ CAMSOC ដែល​កន្លងមក កម្ពុជា ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​១១​ប្រទេស​ នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ជាពិសេស​គឺ​ស៊ី​ហ្គេម​ពីរលើក​ចុងក្រោយ គឺ​នៅ​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ និង​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​២០១៩ គឺ​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨​ដូចៗ​គ្នា។ ប៉ុន្តែ​ឆន្ទៈ​ដ៏​មោះមុត​របស់​ថ្នាក់​ដឹកនាំ​ គឺ​ធ្វើយ៉ាងណា រុញ​ចំណាត់ថ្នាក់​ពី​លេខ​៨​នេះ​ឲ្យ​មក​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​ ឬ​លេខ​៦ ក្នុង​ពេលដែល​កម្ពុជា​ទ​ទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង ​ជា​ប្រវត្តិសាស្ត្រ​នោះ ដើម្បី​លុបដាន​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ធ្លាប់​នៅ​លេខ​៩ ឬ​លេខ​៨ ប្រយោជន៍​ឲ្យ​ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​មាន​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ មាន​ភាពរឹងមាំ​ នៃ​វិស័យ​កីឡា​កម្ពុជា សម្រាប់​ជូន​ជាតិ​ និង​ប្រជាជន​របស់​យើង​។​

លោក​អគ្គលេខាធិការ​CAMSOC បាន​បញ្ជាក់​ថា យើង​មាន​កីឡា​សក្ដានុពល ហើយ​ដែល​ធ្លាប់មាន​ប្រៀប​លើ​គេ​រួចមកហើយ​ដែរ ដែល​ប្រជែង​បាន​មេដាយមាស ប្រាក់​ និង​សំរឹទ្ធ នៅ​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​ជា​បន្ត​បន្ទាប់មក​នោះ ដូចជា ​ប្រភេទ​កីឡា​ប៉េតង់ ចំបាប់ ម៉ូតូ​ទឹក តេ​ក្វាន់​ដូ​WT តេ​ក្វាន់​ដូ WTF ប្រដាល់​គុន​ខ្មែរ វាយ​កូន​បាល់ កា​រ៉ា​តេ ក៏ដូចជា​កីឡា​វ៉ូ​វី​ណា​ម ដែល​យើង​កំពុង​ជំរុញ​បន្ថែម​ឲ្យ​ប្រភេទ​កីឡា​ទាំងនេះ រួមទាំង​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយចំនួនទៀត ដើម្បី​បន្ត​ស្វែងរក​ឧត្តមភាព​បន្ថែមទៀត ដោយ​អ្នក​ធ្លាប់​ឈ្នះ​មេដាយមាស ត្រូវ​បន្ត​យកឈ្នះ​មេដាយមាស​ទៀត។ រីឯ​អ្នកឈ្នះ​ត្រឹម​មេដាយ​ប្រាក់ ​ត្រូវ​ជំរុញ​ឲ្យ​ដល់​មេដាយមាស និង​អ្នក​ធ្លាប់​បាន​មេដាយ​សំរឹទ្ធ​ត្រូវ​ជំរុញ​ឲ្យ​ដល់​មេដាយប្រាក់​ជាដើម​។

លោក​បន្តថា កម្ពុជា ​កំពុង​ជំរុញ​ផែនការ​អភិវឌ្ឍ​បច្ចេកទេស​របស់ខ្លួន​រួច​អស់ហើយ ដែល​គ្រោង​នឹង​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​មួយ​ក្រុម​ធំ ហើយ​១​ក្រុម​ទៀត ​ហ្វឹកហាត់​ក្នុងស្រុក ដែល​ជួល​គ្រូ​បរទេស​ឲ្យ​មក​ជួយ​បង្វឹក ដែល​ទាំងអស់នេះ​គឺជា​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ក្នុង​ការ​រុញ​កម្រិត​បច្ចេកទេស​ឈានទៅដល់​គោលដៅ​សក្ដានុពល​របស់​យើង​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ឯម ដា​រ៉ូ សាក​កណ្តាប់​ដៃ​ជាមួយ​ម៉ន គឹម​ឡុង ខ​ណៈ​តក់ សោ​ភ័​ណ្ឌ ជួប​ភុ​ន សោ​ភ័​ណ្ឌ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114