BREAKING NEWS
Search

ប្រធាន គ​.​ជ​.​ប​ ៖ ការ​ចុះ​តាម​លេខាធិការដ្ឋាន​រាជធានី ខេត្ត ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​ថ្នាក់​កណ្ដាល ធ្វើ​ណា​ម៉េច​ឲ្យ​ក្រោយ​ការបោះឆ្នោត​មាន​សន្តិភាព និង​ស្ថិរភាព​ក្នុងស្រុក​

តាកែវ ​៖ ការ​លើក​ឡើង​របស់ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លេខាធិការដ្ឋាន​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​។​

ថ្លែង​ក្នុង​ពិធី​នោះ លោក​ ស៊ិ​ក ប៊ុន​ហុក បាន​កោតសរសើរ​ចំពោះ​លេខាធិការដ្ឋាន​ខេត្ត​តាកែវ (​ល​.​ខ​.​ប​) ដែល​បំពេញការងារ​យ៉ាង​ល្អ និង​មាន​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់​។ លោក​ថា ហេតុអ្វី​បានជា​លោក​ត្រូវ​ចុះ​ទូទាំង​ប្រទេស ? គឺ​ដើម្បី​ធ្វើការ​កែទម្រង់​នេះ ដូច្នេះ ​លោក​ត្រូវ​ស្វែងយល់​ឲ្យ​ឃើញ​ថា តើ​នៅតាម​លេខាធិការដ្ឋាន​រាជធានី ខេត្ត ត្រូវការ​អ្វី ? ធ្វើ​ម៉េច​ឲ្យ​មាន​ប្រក្រតី​ភាព ​នៃ​ការបោះឆ្នោត? ហើយ​តើ​ត្រូវ​ប្រយ័ត្នប្រយែង​យ៉ាងម៉េច​ខ្លះ? បើទោះបី​យើង​ធ្វើបាន​ហើយ ប៉ុន្តែ​ចំណុច​ដែល​នៅ​សេសសល់ គឺ​ត្រូវ​ការ​ជួយ​ពី​ថ្នាក់​កណ្ដាល ម្ល៉ោះហើយ ថ្នាក់ក្រោម​នេះ គឺ​ត្រូវ​ខិតខំ​ធ្វើឲ្យ​បាន ធ្វើ​ម៉េច​ឲ្យ​ការបោះឆ្នោត​នៅ​ពេល​ដែល​ចប់​ទៅ មាន​សន្តិភាព និង​ស្ថិរភាព​ស្រុក​ទេស​។​

ជាមួយគ្នា​នោះ លោក​បានលើកឡើង​នូវ​ទ្រឹស្ដី​របស់​ លោក សាមុយ​អែល ស្មា​យ (Samuel Smiles) ជា​ជនជាតិ​អេកូ​ស្សេ ដែល​ងាយ​ចាំ​៥​យ៉ាង ការ​គិត​នាំឲ្យ​ចេញ​ជា​សកម្មភាព សកម្មភាព​ច្រើនដង ចេញ​ជា​ទម្លាប់ ទម្លាប់​ច្រើនដង​ចេញ​ជា​អត្តចរិត អត្តចរិត​ចេញ​ជា​ជោគវាសនា។ ​ក្នុង​ន័យនេះ លោក​ទាញ​ជា​ហេតុផល​ថា លោក​ចុះ​នេះ មិនមែន​ដើម្បី​បោកប្រាស់​មន្ត្រី ឲ្យ​ដើរ​ផ្លូវខុស​ទេ ហើយ​ភាព​ជោគជ័យ​រាល់​កិច្ចការ​ទាំងឡាយ ទាំងពួង គឺ​ស្ថិត​នៅ​លើ​មេដឹកនាំ។ បើ​មេដឹកនាំ​ល្អ គឺ​ល្អ​ហើយ ហើយ​មេ​ដឹកនាំ​អាក្រក់​ដូច ប៉ុល ពត នឹង​នាំ​គ្រោះថ្នាក់​ដល់​ជាតិ និង​មាតុភូមិ ដូច្នេះ​លោក​ជា​ប្រធាន គ​.​ជ​.​ប លោក​ត្រូវ​ដឹកនាំ​ឲ្យ​បាន​ល្អ​។​

តាម​របាយការណ៍​របស់​ លោក​ស្រី ហែម បញ្ញា ប្រធាន​លេខាធិការដ្ឋាន​ខេត្ត​តាកែវ (​ល​.​ខ​.​ប​) បាន​ឲ្យ​ដឹង​ថា ខេត្ត​តាកែវ​ មាន​ប្រជាពលរដ្ឋ​សរុប ​១ ០២៦ ២០១​ នាក់។ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចំនួន ​៦០៥ ០៥៩ នាក់, ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៥ ៨១៦​ នាក់ ,ផែនការ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ ១៦ ៤១២ នាក់ ហើយ ល​.​ខ​.​ប បង្កើត​ការិយាល័យ​បោះឆ្នោត​ថ្មី ចំនួន​៥​ការិយាល័យ សរុប​ចំនួន ១ ៥៦១ ការិយាល័យ​។
​បើតាម​ លោកស្រី ហែម បញ្ញា ល​.​ខ​.​ប តាកែវ បាន​ត្រៀម​បែងចែក និង​ដឹកជញ្ជូន​សម្ភារៈ ឯកសារ​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ដល់​ឃុំ សង្កាត់ និង​ភាគី​ពាក់ព័ន្ធ។ ក្នុងនោះ ព្រមទាំង​បានការ​សហការ​យ៉ាង​ល្អ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ផងដែរ​។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ចុះ​ពង្រឹង​កោសិកា​ នៃ​ការបោះឆ្នោត នៅ​ភូមិភាគ​ទាំង​៥ នៃ​រាជធានី ខេត្ត ទាំង​២៥ របស់ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​បញ្ចប់​ដោយ​ជោគជ័យ។ មន្ត្រី ល​.​ខ​.ប ទាំង​អស់ បានទទួល​នូវ​ចំណេះដឹង​ជាច្រើន ​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត និង​ចំណេះដឹង​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​រីកចម្រើន ​ទទួលជោគជ័យ​ នៅ​ក្នុង​ជីវិត​ទៀត​ផង​។

មន្ត្រី​បោះឆ្នោត​ទាំងអស់ ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ផង​ដែរ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ​ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២០ ខាងមុខនេះ​៕

អត្ថបទ ៖ កោះ​កែវ​

សូមចុចអាន ៖ ប្រធាន គ​.​ជ​.​ប ប្រាប់​មន្ត្រី​បោះឆ្នោត ឲ្យ​ប្រកាន់​គោលការណ៍​មិន​លម្អៀង​ជាដាច់ខាត​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114