BREAKING NEWS
Search

ទីបំផុតអាមេរិកទទួលស្គាល់ថា ចិនពិតជាធ្វើបានល្អក្នុងការដោះស្រាយវិបត្តិកូវីដ

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទទី១៤ខែកញ្ញាម្សិលមិញនេះបានដកការព្រមានរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសចិនដោយទទួលស្គាល់ថា ប្រទេសនេះមានការរីកចម្រើនក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ថ្វីបើមានការរិះគន់ជាញឹកញាប់ពីសហរដ្ឋអាមេរិកក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិកនៅតែទទូចដល់ជនជាតិអាមេរិកឲ្យពិចារណាជាថ្មីអំពីការធ្វើដំណើរទៅកាន់ប្រទេសចិន។

ក្រសួងការបរទេសអាមេរិកនិយាយថា សាធារណរដ្ឋប្រជាមានិតចិនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មភាគច្រើនឡើងវិញរាប់បញ្ចូលទាំងមណ្ឌលសុខភាពនិងសាលារៀនផងដែរ។ ស្ថានភាពប្រសើរឡើងផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន។

ដោយឡែក ក្រសួងនៅតែព្រមានពលរដ្ឋអាមេរិកអំពីហានិភ័យនៃការចាប់ខ្លួនទាំងបំពាននៅក្នុងប្រទេសចិនរួមទាំងនៅហុងកុងផងដែរស្របពេលទីក្រុងប៉េកាំងអនុវត្តច្បាប់សន្តិសុខថ្មីដ៏តឹងរ៉ឹង។

ដំបូន្មានស្តីពីការធ្វើដំណើរថ្មីនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនប្រកាសជ័យជម្នះលើវីរុសកូរ៉ូណាខណៈលោកប្រធានាធិបតី Xi Jinping បានប្រគល់មេដាយដល់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅក្នុងពិធីមួយ។

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump តែងតែរិះគន់ចិននិងស្តីបន្ទោសប្រទេសនេះចំពោះជំងឺកូវីដ១៩នៅពេលករណីដំបូងត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Wuhan។

ផ្ទុយទៅវិញ លោក Trump ត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយវិបត្តិសុខភាពនៅសហរដ្ឋអាមេរិកខណៈប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដខ្ពស់ជាងគេបំផុតលើពិភពលោក៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ AFP

ចុចអាន៖ ដំណឹងល្អ! ចិនថា សាធារណជនអាចនឹងទទួលបានវ៉ាក់សាំងកូវីដក្នុងខែវិច្ឆិកា

ចុចអាន៖ មួកសុវត្ថិភាពថ្មីធានាមិនឲ្យមានការឆ្លងកូវីដដល់បុគ្គលិកសុខាភិបាលជួរមុខ