BREAKING NEWS
Search

ឥណ្ឌានិងចិនព្រមព្រៀងគ្នាឈប់បញ្ជូនកងទ័ពបន្ថែមទៀតទៅព្រំដែនមានជម្លោះ

មេបញ្ជាការយោធាឥណ្ឌានិងចិនបានព្រមព្រៀងបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែនហិម៉ាល័យដែលមានជម្លោះបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់រវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ។

ទំនាក់ទំនងរវាងប្រទេសយក្សអាស៊ីទាំងពីរកាន់តែមានភាពតានតឹងបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវឃោរឃៅនៅតំបន់ជួរភ្នំ Ladakh ក្បែរព្រំដែនកាលពីថ្ងៃទី១៥ខែមិថុនាដែលក្នុងនោះកងទ័ពឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់។

មេបញ្ជាការយោធាបានធ្វើកិច្ចចរចាជាច្រើនលើកក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីឧប្បត្តិហេតុខែមិថុនា។

កងទ័ពឥណ្ឌាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងសងខាងបានឯកភាពគ្នាបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់សមរភូមិជួរមុខដោយចៀសវាងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនិងចៀសវាងចាត់វិធានការណាមួយដែលអាចធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ ពួកគេក៏បានយល់ព្រមចៀសវាងការយល់ច្រលំនិងការវិនិច្ឆ័យខុសហើយរៀបចំកិច្ចប្រជុំបន្ទាប់ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានផងដែរ”។

ទោះបីជាមានការជជែកគ្នាក៏ដោយ ឧប្បត្តិហេតុមួយទៀតបានផ្ទុះឡើងនៅដើមខែកញ្ញានៅពេលកាំភ្លើងត្រូវបានបាញ់ជាលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំនៅព្រំដែន។

បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីខែមិថុនា ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកទាំងពីរបានបញ្ជូនកងទ័ពបន្ថែមរាប់ម៉ឺននាក់ទៅកាន់ព្រំដែន។

ឥណ្ឌានិងចិនបានធ្វើសង្គ្រាមនៅព្រំដែនក្នុងឆ្នាំ១៩៦២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបទៅព្រំដែនស្របពេលភាពតានតឹងជាមួយឥណ្ឌាកាន់តែខ្លាំង

ចុចអាន៖ ភាពតានតឹងរវាងចិននិងឥណ្ឌានៅព្រំដែនឡើងកម្តៅទៀតហើយក្រោយមានហេតុការណ៍ថ្មី