BREAKING NEWS
Search

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អបអរ​ខួប​២៧​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រៀបចំ​សន្និសីទ​អបអរសាទរ​ទិវា​រំលឹក​ខួប​២៧​ឆ្នាំ​ នៃ​ការប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ពិធី​នេះ​រៀបចំ​ឡើង​ក្រោម​អធិបតីភាព ក​ត្តិ​នីតិ កោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក​។

​សន្និសីទ​នេះ ធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​រំលឹក​ខួប​២៧​ឆ្នាំ​ នៃ​ការប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ដែល​ជា​សមិទ្ធផល​កើត​ចេញពី​ឆន្ទៈ​រួម​របស់​ប្រជារាស្ត្រ​ខ្មែរ សម្តែង​ឡើង​តាមរយៈ​ការបោះឆ្នោត​ជាស​កល​កាលពី​ឆ្នាំ​១៩៩៣ ហើយ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​ នៃ​ស្ថិរភាព​របប​នយោបាយ ក្រប​ខណ្ឌ​ច្បាប់ និង​ក្របខណ្ឌ​ស្ថាប័ន នៅ​លើ​ខឿន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សុខ​សន្តិភាព​ពេញលេញ ជា​រដ្ឋ​មាន​ស្ថិរភាព ជា​មួយ​នឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក​។​

សន្និសីទ​នេះ មានការ​ចូលរួម​ធ្វើ​បទ​អន្តរាគមន៍​ពី​សំណាក់​នីតិ​បញ្ញវន្ត​ខ្មែរ ដែល​ភាគច្រើន​ទទួល​បាន​សញ្ញាប័ត្រ​ជាន់ខ្ពស់ ​មាន​និក្ខេបបទ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ធំៗ​នៅ​កម្ពុជា និង​ពី​បណ្តា​ប្រទេស​នានា និង​សុទ្ធសឹងតែ​បាន​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​បម្រើ​រដ្ឋ ឬ​កិច្ចការ​ក្នុង​វិជ្ជាជីវៈ​ជំនាញ ហើយ​បាន​ស្គាល់​នូវ​ការ​លំបាក និង​ការ​ងាយស្រួល​ នៃ​ដំណើរការ​ជាតិ​។​

​សូម​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​មួយ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ សម្រាប់​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត និង ព្រឹទ្ធសភា ​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះ​ឆ្នាត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។ ក្រុមប្រឹក្សាធម្មនុញ្ញ​ចាប់​ដំណើរការ​ពេញលក្ខណៈ​ នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៩៨​។​

​យោង​តាម​ឯកសារ​ បាន​បញ្ជាក់​ថា សមាសភាព ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​​ប្រធាន១រូប និង​សមាជិក​ចំនួន៨​រូប។ ប្រធាន​ ត្រូវបាន​ជ្រើសតាំង​តាម​ការ​បោះឆ្នោត ដោយ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ តាម​មតិ​ភាគច្រើន​ដាច់ខាត រៀងរាល់​បី​ឆ្នាំ​ម្តង ក្រោយពី​សមាជិក​ថ្មី៣​រូប​ចូលកាន់​តំណែង​។ ប្រធាន​ មាន​ឋានៈ និង​បុព្វសិទ្ធិ​ ស្មើ​នឹង​ប្រធានរដ្ឋសភា​។ សមាជិក​មាន​ឋានៈ និង​បុព្វសិទ្ធិ​ ស្មើនឹង​អនុ​ប្រធាន​រដ្ឋសភា​។ ជា​ធម្មតា​អាណត្តិ​របស់​សមាជិក​គឺ៩ឆ្នាំ ប៉ុន្តែ​សមាជិក​ចំនួន៣​រូប ត្រូវបាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង​។ ក្នុង​អាណត្តិ​ទី​១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក៣​រូប​សម្រាប់​បី​ឆ្នាំ៣​រូប សម្រាប់​ប្រាំមួយ​ឆ្នាំ និង ៣​រូប សម្រាប់​ប្រាំបួន​ឆ្នាំ​។ សមាជិក៣​រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់៣​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង៣​រូប​ទៀត ជ្រើសតាំង​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​ នៃ​អង្គចៅក្រម​។ សមាជិក​ទាំងអស់​ ត្រូវ​បាន​តែងតាំង ឬ ជ្រើស​តាំងពី​ចំណោម​ឥស្សរជន ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច៤៥​ឆ្នាំ មានបទពិសោធន៍​ការងារ​យ៉ាងតិច១៥​ឆ្នាំ និង មាន​សញ្ញាប័ត្រ​ឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច។

ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ​មិនអាច​យក​បញ្ហា​ណាមួយ​មក​ពិនិត្យ​ដោយ​ខ្លួនឯង​បានឡើយ ។ មានតែ​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិក​ព្រឹទ្ធសភា​មួយ​ភាគ​បួន និង​តំណាងរាស្ត្រ​មួយ​ភាគ​ដប់ ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​ធម្មនុញ្ញភាព ​នៃ​ច្បាប់​បាន។ ប្រជារាស្ត្រ និង​គណបក្សនយោបាយ​ អាច​លើក​សំណើ ឬ ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​តាម​លក្ខខណ្ឌ ដែល​មាន​ចែង​ខាង​ក្រោម។​

​ប្រជារាស្ត្រ ​អាច​លើកឡើង​ប្ដឹង​ទៅ​តុលាការ​អំពី​បញ្ហា​អធម្មនុញ្ញភាព​ នៃ​ច្បាប់ ឬ សេចក្ដីសម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដែល​គេ​អះអាងថា ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​សារវន្ត​របស់​គេ​តាម​រយៈ​រឿងក្ដី​របស់ខ្លួន​នៅ​តុលាការ​។ តុលាការ​ថ្នាក់​ក្រោម​ បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ​ទៅ​តុលាការ​កំពូល។ តុលាការ​កំពូល ​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល យល់ឃើញថា​សម​ហេតុ​សម​ផល។ បញ្ហា​ដែល​កើតឡើង​នោះ ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន​។ ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ​ដោយ ប្រជារាស្ត្រ​មាន​សិទ្ធិ​ប្ដឹង​សុំ​ឲ្យ​ពិនិត្យ​ធម្មនុញ្ញភាព ​នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឲ្យ​ប្រើ​ហើយ។ ប្រជារាស្ត្រ ​ត្រូវ​ប្ដឹង​តាមរយៈ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន ឬ​តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់។​

​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​មាន​សិទ្ធិ​ពិនិត្យ និង​សម្រេច​ជូន​ប្រជារាស្ត្រ ​អំពី​ករណី​វិវាទកម្ម​ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ត្រ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)។​

​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ពិនិត្យ និង​សម្រេច​ជូន​គណបក្ស​នយោបាយ តាម​បណ្តឹង​ផ្ទាល់ (​បណ្តឹង​នេះ​ធ្វើ​បាន​តែ​ក្នុង​រយៈពេល​៧២​ម៉ោង​យ៉ាង​យូរ​ បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​) ឬ​តាម​បណ្ដឹង​ឧទ្ធរណ៍​មិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុង​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង ការបោះឆ្នោត​ជ្រើសតាំង​សមា​ជិក​ព្រឹទ្ធសភា​។ ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការដោះស្រាយ​បណ្តឹងតវ៉ា ឬ​បណ្តឹង​ជំទាស់​នឹង​បញ្ជី​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង ការដោះស្រាយ​បណ្តឹង​ក្នុង​ពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បំពេញ​តួនាទី​ដូច​តុលាការ​។​

​ជាមួយគ្នា​នោះ ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ក្នុង​ក្របខណ្ឌ​ នៃ​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​តាម​សំណើ​ពី​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមា​ជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន តំណាងរាស្ត្រ​មួយ​ភាគ​ដប់ ឬ​តុលាការ​។​

​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ជា​អង្គការ​តែមួយគត់ ដែលមាន​សមត្ថកិច្ច​សម្រេច​ពី​មោឃភាព​ នៃ​ការ​អនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬ​ការ គ្រប់​គ្រង​រដ្ឋបាល​រប​ស់​ប្រទេសជាតិ​។​

​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទ​ផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត​ទៅ​លើ​គ្រប់​អំណាច​ទាំងអស់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៕
អត្ថបទ ៖ កោះ​កែវ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114