BREAKING NEWS
Search

រាជរដ្ឋាភិបាល ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សន្តិសុខ​សេដ្ឋកិច្ច និង​សេវា​សុខភាព​របស់​ជនពិកា​រ​សម្រាប់​ឆ្នាំ​២០១៩-២០២៣

មន្ត្រីជាន់ខ្ពស់​របស់​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនី​តិ​សម្បទា​បាន​ថ្លែងថា ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព និង​ជន​ងាយ​រងគ្រោះ​សម្រាប់​ឆ្នាំ​២០១៩-២០២៣​ខាងមុខនេះ​ រាជរដ្ឋាភិបាល ​ផ្តោត​សំខាន់​ទៅលើ​ការងារ និង​សន្តិសុខ​សេដ្ឋកិច្ច សេវា សុខភាព និង​ស្តារ​លទ្ធភាព​ពលកម្ម ការអប់រំ​ និង​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​សមានកម្ម​ជនរងគ្រោះ ព្រមទាំង​ការ​បង្ក​លក្ខណៈ​ងាយស្រួល ការចូលរួម​ដោយ​សមភាព​សេវា​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព សមភាព​យេនឌ័រ ការកាត់បន្ថយ​ហានិភ័យ ​និង​ផល​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​កិច្ច​សហប្រតិបត្តិការ​ជាតិ​-​អន្តរជាតិ និង​ស្ថិតិ​។

នេះ​ជាការ​លើកឡើង​របស់ លោក​អ៊ុង សម្បត្តិ អគ្គលេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​អំពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ​ស្តីពី​ពិការភាព ២០១៩-២០២៣ និង​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព ដល់​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​កាលពី​ម្សិលមិញ ​នៅ​ខេត្ត​កោះកុង។​

អគ្គលេខាធិការ​រង​ លោក ​អ៊ុង សម្បត្តិ​ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ សម្ដេច​ទាំង​ទ្វេ ​តែងតែ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ជាធំ។ ក្នុងនោះ សម្តេច​ទាំង​ទ្វេ​ បាន​ខិតខំ​បំពេញ​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ ​ទាំង​វិស័យ​អាណាចក្រ​ និង​ពុទ្ធចក្រ។​ បន្ថែម​ពី​នេះ ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​មាន​សេចក្តី​សុខ​សុភមង្គល​រីកចម្រើន​ទៅមុខទៀត​ដល់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ជួយ​លើកស្ទួយ​ជីវភាព​ឲ្យ​បាន​ប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

រាជរដ្ឋាភិបាល​ បាន​អនុវត្ត​នូវ​ការ​ផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១ និង ក្រ​២ អំឡុង​ពេល​ដែល​មេរោគ​កូ​វីដ​-១៩ បាន​និង​កំពុង​រាតត្បាត​នៅ​លើ​ពិភពលោក​ ដោយមាន​អ្នក​ឆ្លង​ប្រមាណ​៣០​លាន​នាក់​ និង​ស្លាប់​ជិត​មួយ​លាន​នាក់​។​
​លោក​ អ៊ុង សម្បត្តិ​ បាន​ថ្លែង​បន្ថែម​ថា ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ​ផ្តោត​សំខាន់​ទៅលើ​ការងារ សន្តិសុខ​សេដ្ឋកិច្ច សេវា​សុខភាព​របស់​ជនពិកា​រ​សម្រាប់​ឆ្នាំ​២០១៩-២០២៣​ និង​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព ដល់​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ជា​កត្តា​សំខាន់បំផុត​៕
អត្ថបទ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114