BREAKING NEWS
Search

ភរិយា​លោក ហ៊ុន ម៉ា​ណែ​ត យក​ថវិកា​ផ្ទាល់ខ្លួន និង​សប្បុរសជន ​​ជាង​១៧​ម៉ឺន​ដុល្លារ ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យកុមារ​អង្គរ​ នៅ​ខេត្ត​សៀមរាប​

សៀមរាប ៖ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ រួមជាមួយ​សប្បុរស​មួយ​ចំនួន​ទៀត បាន​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន និង​ថវិកា​សប្បុរសជន​ចំនួន​១៥២,៩៥០​ដុល្លារ និង​៣៩​លាន​រៀល ​ព្រមទាំង​សម្ភារៈ​ពេទ្យ និង​គ្រឿង​បរិភោគ​មួយ​ចំនួន ​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប។

ក្នុង​នោះ ក្នុង​ឱកាស​ដែល​មន្ទីរពេទ្យ​នេះ ប្រារព្ធ​កម្មវិធី​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ឆ្នាំ​ទី​៧ ដើម្បី​រក​មូលនិធិ​សម្រាប់​ការ​ព្យាបាល និង​ថែទាំ​សុខ​ភាព​កុមារ​-​ទារក ​ប្រមាណ​ជាង​៥០០​នាក់។​

​នៅ​ក្នុងឱកាស​សំណេះសំណាល​នោះ លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមា​គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ បាន​ផ្ដាំផ្ញើ ​សួរសុខទុក្ខ ក្តី​នឹករលឹក ជាពិសេស ការ​ថ្លែង​អំណរគុណ និង​កោតសរសើរ​ដ៏​ជ្រាលជ្រៅ ពី​សំណាក់ ​សម្ដេច​តេ​ជោ ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ជូន​ចំពោះ​ថ្នាក់ដឹកនាំ ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​ទាំង​អស់ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​​ខិតខំ​លះបង់​កម្លាំងកាយ​-​ចិត្ត ជួយសង្គ្រោះ​ព្យាបាល ផ្តល់​ក្តី​អាណិត​ស្រឡាញ់ ភាព​កក់ក្តៅ និង​ក្តីសង្ឃឹម​ដល់​កុមារ ក៏ដូចជា​ក្រុម​គ្រួសារ​អាណាព្យាបាល​ទាំងអស់ ប្រកបដោយ​ស្នាម​ញញឹម​។

​ក្នុងនាម​ថ្នាក់ដឹកនាំ បុគ្គលិក និង​ក្រុម​គ្រូពេទ្យ ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ លោក ងួន សុភ​ក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​ លោក​ស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត និង​សប្បុរសជន​ដទៃ​ទៀត ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់។ ដែល​នេះ​ជា​ការ​លើក​ទឹកចិត្ត​ដ៏​ថ្លៃ​ថ្លា​ ក្នុង​ការ​បន្ត​បេសកកម្ម​របស់​ក្រុមគ្រូពេទ្យ ​ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​។​

​បើ​តាម​ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប លោក ងួន សុភ​ក្ត្រា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០ នេះ ​មន្ទីរពេទ្យ​ ទទួល​ថវិកា​ជាង​៤០​ម៉ឺន​ដុល្លារ​ ពី​សប្បុរសជន​នៅ​ក្នុង​ស្រុក​ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​ក្នុង​មន្ទីរពេទ្យ​៕
អត្ថបទ ៖ កោះ​កែវ​

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114