BREAKING NEWS
Search

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ៖​ ប្រសិនបើ​គ្មាន​កិច្ចសហការ​គ្នា​ទេ នោះ​ពុំ​មាន​ប្រទេស​ណាមួយ​អាច​ទប់​ស្កាត់​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន​បានទេ

នាយ​ឧត្ដមសេនីយ៍ មៀ​ច សុផាន់​ណា បាន​ស្នើ​ឲ្យ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ រួមគ្នា​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទាំង​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ធានា​ការពារ​ឲ្យ​បាន​នូវ​អំពើ​ភេរវកម្ម ការ​សារាចរ​ឱសថ​ក្លែងក្លាយ គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ជាច្រើន​ផ្សេងទៀត​។​

ថ្លែងប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ ស្ដីពី​ការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អាស៊ាន លើក​ទី​២០ តាមរយៈ​វីដេអូ ខន​ហ្វើ​រិ​ន ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នាយ​ឧត្ដមសេនីយ៍ មៀ​ច សុផាន់​ណា​ បាន​មានប្រសាសន៍ថា​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន​នេះ គឺជា​បញ្ហា​មួយ​ដែល​ប្រទេស​នៅ​ក្នុង​តំបន់​ ក៏ដូចជា​ពិភពលោក​ កំពុង​ព្រួយ​បារម្ភ​នៅឡើយ ហើយ​ភាគី​ទាំងអស់​ សន្យា​ប្ដេជ្ញា​រួមគ្នា​បន្ថែម​ទៀត​ក្នុង​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បំផុត ដើម្បី​ធានា​ដល់​សន្តិសុខ​សង្គម តំបន់ និង​ពិភពលោក​ទាំងមូល​។

នាយ​ឧត្ដមសេនីយ៍ មៀ​ច សុផាន់​ណា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បន្ត​ថា​ «​ប្រសិនបើ​គ្មាន​កិច្ចសហការ​គ្នា​ទេ​នោះ ពុំ​មាន​ប្រទេស​ណាមួយ​ជា​ឯកឯង​អាច​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន​នេះ​បាន​នោះ​ទេ »​។​

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​នេះ ភាគី​ពាក់ព័ន្ធ​បាន​និយាយ​គ្នា​ជាច្រើន​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​, ការ​សារាចរ​ឱសថ​ក្លែងក្លាយ ,​គ្រឿងញៀន​, ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ជាច្រើន​ទៀត ដែល​កំពុង​បន្ត​កើតមានឡើង​ក្នុង​តំបន់​ និង​ពិភពលោក​។​

នាយ​ឧត្ដមសេនីយ៍ មៀ​ច សុផាន់​ណា ​បាន​ឲ្យ​ដឹង​ទៀតថា ​ទន្ទឹម​នឹង​នេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក៏​បាន​ស្នើ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក ក្នុង​ក្របខណ្ឌ​អាស៊ាន​(SOMTC-Leader) ត្រូវ​រួម​សហការ​គ្នា ផ្ដល់​ព័ត៌មាន ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ផ្ដល់​ការ​សម្របសម្រួល​ជូន​គ្នា​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ឲ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អាស៊ាន លើក​ទី​២០​នេះ កម្ពុជា ត្រូវ​ធ្វើ​បទ​បង្ហាញជូន​អង្គប្រជុំ ស្ដីពី​ការ​ជួញដូរ​អាវុធ ខណៈ​បណ្ដា​ដទៃ​ផ្សេងទៀត ក៏បាន​លើក​ប្រធានបទ ប្រឆាំង​ភេរវកម្ម​, ការជួញដូរ​មនុស្ស ,​ការសំអាត​ប្រាក់​, អំពើ​ប្លន់​តាម​សមុទ្រ , ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​សត្វព្រៃ និង​ឈើ​ខុសច្បាប់ ព្រមទាំង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​អន្តរជាតិ និង បទល្មើស​បច្ចេក​វិទ្យា​ផង​ដែរ​៕
អត្ថបទ ៖ ​សំអឿន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114