BREAKING NEWS
Search

ក្នុង​ខែ​សីហា ​ឆ្នាំ​២០២០​នេះ ​មាន​ស្ត្រី​ជា​កម្មការិនី​សម្រាលកូន​ចំនួន​ ៥ ៦៦២ ​នាក់

ភ្នំពេញ​ ៖ ​យោង​តាម​របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ បាន​ឲ្យ​ដឹង​ថា ​នៅក្នុង​ខែ​សីហា ​ឆ្នាំ​២០២០​ មាន​ស្ត្រី​ជា​កម្មការិនី​សម្រាលកូន​ចំនួន ​៥ ៦៦២ ​នាក់​ ដែល​មាន​កូន​សរុប​ចំនួន​៥ ៦៩៩ ​នាក់ ​ក្នុងនោះ​មានកូន​ភ្លោះ​ពីរ​ ចំនួន​៣៧​នាក់ ​ផង​ដែរ​។​
​ ​
បើតាម​បេឡា​ជាតិ​សន្តិសុខ​សង្គម ​ក្នុងចំណោម​ស្ត្រី​ជា​កម្មការិនី​សម្រាលកូន​ចំនួន​ ៥ ៦៦២​ នាក់​នោះ​ប​.​ស​.​ស បាន​ចំណាយ​ថវិកា​ចំនួន​ ២ ២៧៩ ៦០០ ០០០​ រៀល​ផង​ដែរ​។​

សម្រាប់​សមាជិក ប​.​ស​.​ស​. ជា​កម្មការិនី​សម្រាលកូន អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជ​រដ្ឋា​ភិបាល ​ត្រូវ​មាន​លក្ខខណ្ឌ​ដូចខាងក្រោម​ ៖
​ទី​១. កម្មករ​និយោជិត​ជា​ស្ត្រី ត្រូវ​អញ្ជើញ​មក​បំពេញបែបបទ​នៅ​ទីស្នាក់ការ ប​.​ស​.​ស ក្នុង​រាជធានី​ខេត្ត អំឡុង​ពេល​យ៉ាង​យូរ​៣​ខែ មុន​សម្រាលកូន​។​
​ទី​២. សាមីខ្លួន​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​លិខិត​ពិនិត្យ​ផ្ទៃពោះ​ដែល​បាន​បញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាល​(​អេកូ​) ប័ណ្ណ​សមាជិក ប​.​ស​.​ស​. ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរសព្ទ​ច្បាស់លាស់​របស់​សាមីខ្លួន ដែល​អាច​ទំនាក់ទំនង​បាន​។​
​ទី​៣. ករណី​សាមីខ្លួន​មិន​បាន​មក​បំពេញបែបបទ​នៅ ប​.​ស​.​ស​. ក្នុងអំឡុងពេល​ខាងលើ សាមីជន ឬ​អ្នកតំណាង ត្រូវ​ជូនដំណឹង​ជាបន្ទាន់​មកកាន់ ប​.​ស​.​ស យ៉ាង​យូរ​បំផុត ១(​មួយ​)​ខែ ក្រោយ​ថ្ងៃ​សម្រាល​កូន​។​
​ទី​៤. សាមីខ្លួន ឬ​សាច់ញាតិ ​ត្រូវ​ជូនដំណឹង​មក ប​.​ស​.​ស តាម​លេខ​ទូរសព្ទ​ទំនាក់ទំនង​បន្ទាន់ ១២៨៦ ពេលដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល (​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស​។​

ចំពោះ​សុពលភាព ​នៃ​ការ​ដាក់​ឯកសារ​សម្រាប់​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​មាន រយៈ​ពេល​យ៉ាងយូរបំផុត​ត្រឹមតែ​៣០​ថ្ងៃ ឬមួយ​ខែ​។​

រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ឲ្យ​អនុវត្ត​ផ្តល់​គោល​របប​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​កម្មការិនី និង​បុគ្គលិក​ជា​ស្ត្រី​សម្រាលកូន ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ដូចខាងក្រោម ​៖​សម្រាល​បាន​កូន​១ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​៤០​ម៉ឺន​រៀល សម្រាល​បានកូន​ភ្លោះ​២ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​៨០​ម៉ឺន​រៀល​ និង​សម្រាល​បានកូន​ភ្លោះ​៣ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​១២០​ម៉ឺន​រៀល។ ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត កូនភ្លោះ​ទាំង​៣ គឺជា​កូន​របស់ ​សម្តេច​តេ​ជោ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដោយ​ផ្ទាល់​ពី សម្ដេច​ ចំនួន​៥​លាន​រៀល​។​

បើតាម​ ប​.​ស​.​ស កម្មការិនី​ជា​ស្ត្រី​សម្រាលកូន​ ក៏​នឹង​ទទួល​បាន​ប្រាក់​បំណាច់​៧០​ភាគរយ នៃ​ប្រាក់​ឈ្នួល​មធ្យម​ ជាប់​ភាគទាន​ប្រចាំ​ខៃ ពី ប​.​ស​.​ស ផង​ដែរ។ ប្រសិនបើ​ថៅកែ​របស់​ពួកគាត់​បាន​ប្រកាស​ភាគ​ទាន​មក​ក្នុង ប​.​ស​.​ស បាន​យ៉ាងតិច​ចំនួន​៩​ខែ​ ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ​ គិត​មក​ត្រឹម​ខែ​ដែល​បាន​សម្រាលកូន៕​
អត្ថបទ ៖ សំអឿន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114