BREAKING NEWS
Search

អភិបាលខេត្ត​កណ្តាល ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង/ស្រុក​ ពង្រឹង​កីឡា​គ្រប់​ប្រភេទ ​

អភិបាលខេត្ត​កណ្ដាល បាន​​អំពាវនាវ​​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ពង្រឹង​កីឡា​គ្រប់​ប្រភេទ និង​នាំគ្នា​លេង​កីឡា​ជាប្រចាំ។ ព្រោះ​កីឡា​បង្កើត​នូវ​សាមគ្គីភាព ឯកភាពគ្នា មាន​សុខ​ភាពល្អ និង​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។

លោក គង់ សោ​ភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​ បាន​អំពាវនាវ​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២០ នៅ​វិទ្យាល័យ ជ័យ​វរ្ម័ន​ទី​៧ ស្ថិត​ក្នុងស្រុក​កៀនស្វាយ កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​។​

លោក​បាន​មានប្រសាសន៍ថា ដោយមាន ​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ នៃ​ការអភិវឌ្ឍ​អប់រំ​កាយ និង​កីឡា ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ ឱកាស និង​បណ្ដុះ​វប្បធម៌​អប់រំ កាយ និង​កីឡា​ ដល់​ប្រជាជន​គ្រប់រូប ឲ្យ​មាន​សុខភាពល្អ ​សុខុ​មាល​ភាព​ល្អ កាយសម្បទា​រឹងមាំ ឆន្ទៈ​មោះមុត អំណត់​ព្យាយាម វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត​ និង​មាន​ការ​តស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើមបាន​លទ្ធផល​ល្អប្រសើរ ក្នុង​ការ​ប្រ​កួត​កីឡា​ទាំង​នៅ​ថ្នាក់ជាតិ និង​លើ​ឆាក​អន្តរជាតិ។​

លោក​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ដល់​កីឡាករ កីឡាការិនី ដែល​តស៊ូ​យ៉ាង​ស្វិតស្វាញ ប្រកប​ដោយ​ភាព​ស្វាហាប់ គោរព​បាន​នូវ​ក្រមសីលធម៌ និង​វិន័យ រហូត​ដណ្ដើម​បាន​ជយលាភី នា​ឱកាស​នេះ​។ ​សម្រាប់​កីឡាករ កីឡាការិនី ដែល​មិន​ទទួលបាន​ជយលាភី មិនត្រូវ​មានការ​អស់សង្ឃឹម​ឡើយ ត្រូវខិតខំ​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​នៅលើ​ក​ក្រោយៗ​ទៀត ឲ្យ​ទទួល​បាន​ជយលាភី​ផងដែរ​។

ជាងនេះទៅទៀត កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ហើយ ត្រូវខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត ព្រោះថា​ប្រទេស​កម្ពុជា នឹងមាន​កិត្តិយស​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

បើតាម​ លោក ចេង សំ​អ៊ុ​ល ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹងថា ការ​ប្រកួត​កីឡា​មហាជន​នា​ពេល​នេះ មាន​៣​ផ្នែក គឺ​ផ្នែក​កីឡាបាល់ទាត់ មាន​ចំនួន​១៨​ក្រុម នារី៦​ក្រុម ផ្នែក​កីឡាបាល់ទះ មាន​ចំនួន១១ក្រុម នារី៥ក្រុម និង​ផ្នែក​កីឡា​ទាញព្រ័ត្រ មាន១២​ក្រុម នារី៦​ក្រុម​៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ លោក ​កែវ រ៉េមី ៖​ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​itf​ ពានរង្វាន់​មេគុណ​អន្តរ​ក្លិប​ ដើម្បី​ពង្រឹង​ផ្នែក​មេគុណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114