BREAKING NEWS
Search

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ប្រតិកម្ម​ចំពោះ​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​ចំនួន​ពីរ​រូប ​

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា សម្ដែង​ការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​ចោទប្រកាន់ ដោយ​ហេតុផល​នយោបាយ (​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០) របស់​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​ចំនួន​ពីរ​រូប គឺ ​លោក Alan Lowenthal សមាជិក​សភា និង​លោក Robert A. Destro ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ធានា​សន្តិភាព សណ្ដាប់ធ្នាប់ និង​សុខភាព​សាធារណៈ​ក្នុង​ប្រទេស​។​

​អ្នកនាំពាក្យ ​បាន​អះអាង​ កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា នេះ​ថា ការវាយតម្លៃ​របស់​ពួកគេ មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ និង​មិនបាន​គិត​ពី​ទិដ្ឋភាព​អង្គហេតុ និង​អង្គច្បាប់ ​នៃ​បញ្ហា​នេះ​។ ប្រទេស​កម្ពុជា​លើក​តម្កើង​សេរីភាព​ នៃ​ការ​បញ្ចេញមតិ សមាគម និង​ការ​ជួបជុំ​ដោយ​សន្តិវិធី ដូចដែល​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ទោះយ៉ាងណា ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព​បែបនេះ ត្រូវ​អនុលោម​តាមច្បាប់​។

សេរីភាព​ នៃ​ការ​បញ្ចេញមតិ មិនមែន​ជា​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ការរើសអើង ដែលនាំ​ឲ្យ​មាន ការ​ស្អប់ខ្ពើម ការ​ប្រកាន់​ពូជសាសន៍ និង​អំពើ​ហិង្សា​នោះ​ឡើយ​។

​បើតាម​ លោក កុយ គួ​ង គ្រប់​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់ រួម​ទាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​ក្រុម​យុវជន មាន​សេរីភាព​ក្នុងការ​អនុវត្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​រួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍន៍​ជាតិ ដរាបណា​សកម្មភាព​អស់ទាំងនោះ​ស្ថិត​នៅក្រោម​ដែន​កំណត់​ នៃ​ច្បាប់​។ អ្នក​នាំ​ពាក្យ​កត់សម្គាល់​នូវ​កម្រិត​ជាក់លាក់​មួយ​ នៃ​ស្តង់ដារ​ទ្វេ ដែល​សម្ដែង​ចេញ​ដោយ​ឥស្សរជន​ទាំងពីរ ដោយ​ម្យ៉ាង​អំពាវនាវ​ឲ្យ​ដោះលែង​ក្រុម​ពិសេស​មួយ​ចំនួន​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ផ្ទុយទៅនឹង​ការអនុវត្ត​ នៃ​ដំណើរការ​នីតិវិធី​តុលាការ និង​ម្យ៉ាងវិញទៀត បែរជា​អំពាវនាវ​ឲ្យ​គោរព​នីតិរដ្ឋ​ទៅវិញ​។​

​អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់​ថា កម្ពុជា​ រក្សា​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​សហរដ្ឋអាមេរិក។ ក្នុងនោះ វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ដើម្បី​ស្ថិរភាព សន្តិ​ភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​៕
អត្ថបទ ៖ កោះ​កែវ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114