BREAKING NEWS
Search

ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច​ គាំទ្រ​ចំពោះ​គម្រោង​របស់ UN និង​បច្ចុប្បន្នភាព​លើ​គម្រោង​ពិការភាព ​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​ថ្លែង​នូវ​ការ​គាំទ្រ​លើ​គម្រោង​របស់ UN និង​បច្ចុប្បន្នភាព​ លើ​គម្រោង​ពិការភាព និង​បម្រែបម្រួល​អាកាសធាតុ ដោយ​ស្នើសុំ​ធ្វើការ​វាយតម្លៃ HACT (​ការវាយតម្លៃ​សមត្ថភាព​លើ​គម្រោង / ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នកទទួល​ជំនួយ​)​។

នេះ​ជាការ​ថ្លែង​លើកឡើង​របស់ លោក​ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា​ ខណៈពេល​ទទួល​ជួប​អនុប្រធាន​តំណាង​អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា UNOHCHR លោកស្រី Claudia De La Fuente និង​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​ នា​ទីស្ដីការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា។

ខ្លឹមសារ​រួម​ក្នុង​កិច្ចពិភាក្សា​នេះ ​គឺ​ដើម្បី​រាយការណ៍​បច្ចុប្បន្នភាព​ អំពី​កម្មវិធី​រួម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ថ្មី និង​ស្នើសុំ​ចុះហត្ថលេខា​លើ​លិខិត​គាំទ្រ​លើ​គម្រោង​របស់ UN និង​បច្ចុប្បន្នភាព​លើ​គម្រោង​ពិការភាព និង​បម្រែបម្រួល​អាកាសធាតុ ដោយ​ស្នើសុំ​ធ្វើការ​វាយតម្លៃ HACT (​ការវាយតម្លៃ​សមត្ថភាព​លើ​គម្រោង / ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នកទទួល​ជំនួយ​)​។​

លោក​ ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​ បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្ដេច​ទាំង​ទ្វេ​ តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាធំ។ ​ក្នុងនោះ សម្ដេច​ទាំង​ទ្វេ​ បាន​ខិតខំ​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ លើ​គ្រប់​វិស័យ​ ទាំង​វិស័យ​អាណាចក្រ ​ពុទ្ធចក្រ​ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​របស់​ពួកគាត់។ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​មាន​សេចក្តីសុខ ​សុភមង្គល​រីកចម្រើន​ទៅមុខទៀត​ ដល់​កូនចៅ​ជំនាន់​ក្រោយ ​និង​បាន​ជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ពិសេស​ជនពិការ​ឲ្យ​បាន​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ រាជរដ្ឋាភិបាល​ បាន​អនុវត្ត​នូវ​ការ​ផ្តល់​សាច់​ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១ និង ក្រ​២ អំឡុង​ពេល​ដែល​មេរោគ​កូ​វីដ-​១៩ បាន​និង​កំពុង​រាត​ត្បាត​នៅលើ​ពិភពលោក​ ដោយមាន​អ្នក​ឆ្លង​ប្រមាណ​ជាង​៣០​លាន​នាក់ ​និង​ស្លាប់​ជាង​មួយ​លាន​នាក់​។ នេះ​ជាការ​គិតគូរ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សុខទុក្ខ​ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​ពិសេស​ជនពិការ​ភាព ចាស់ជរា និង​កុមារកំព្រា​តែម្តង ដោយ​ទុក​ឲ្យ​នរ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ ​ឬ​នៅ​ឯកា​ឡើយ​។​

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ស្រី Claudia De La Fuente​ ក៏បាន​ថ្លែង​នូវ​ការ​គាំទ្រ​ចំពោះ​ការយកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ជំរុញ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មានការ​រីកចម្រើន​ពិសេស​រស់នៅ​ក្រោម​ម្លប់​សន្តិភាព​តែម្ដង ​ដែល​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ចង់បាន​៕
អត្ថបទ ៖ វិមាន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114