BREAKING NEWS
Search

ដុំ​មហា​រីកសាច់​ថ្លើម ភាគច្រើន​​បណ្តាល​មកពី​ការ​រលាក​សាច់​ថ្លើម​រ៉ាំរ៉ៃ

ដោយសារ​មេរោគ​រលាក​ថ្លើម​ប្រភេទ​សេ ប្រភេទ​បេ និង​ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ ហើយ​រយៈពេល​យូរ​ជាដើម ហើយ​វិវត្តន៍​ទៅជា​ថ្លើម​ក្រិន និង​ដំណាក់កាល​ចុងក្រោយ ​គឺ​ការ​លេចចេញ​ នៃ​ដុំ​មហារីក នៅ​លើ​សាច់​ថ្លើម​ដែល​ក្រិន​នោះ (80-90%)​។​

​មូលហេតុ​ខ្លះៗ​បន្ថែមទៀត​មាន ​៖
– សត្វល្អិត​ម្យ៉ាង​រស់​តាម​ដង​ទន្លេមេគង្គ​លើ ម្តុំ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង (liver fluke) អាច​ឆ្លង​មក​មនុស្ស​ដោយ​ការ​ទទួល​ទាន​ខ្ចៅ ខ្យង ឬ​ត្រី​ដែល​មាន​ពង ឬ​កូន​សត្វល្អិត​ប៉ារ៉ាស៊ីត​នេះ​ហើយ​ចម្អិន​មិន​ឆ្អិន​ល្អ​។​
– ការបរិភោគ​អាហារ​ផ្អាប់​យូរ មាន​ដុះ​ផ្សិត Beta Aflatoxin ជាប្រចាំ អាច​បណ្តាល​ឲ្យ​កើត​មហារីក​ថ្លើម មាន​អត្រា​ខ្ពស់ជាង មេរោគ​រលាក​ថ្លើម បេ និង សេ រួមបញ្ចូល​គ្នា​ទៅទៀត​។​

​ចំណាំ ​៖ ដុំ​មហារីក​ថ្លើម​ក៏​អាចមាន​នៅលើ​អ្នកជំងឺ​ដែល​មិនទាន់មាន​បញ្ហា​ក្រិន​ថ្លើម​ផងដែរ (១០%​ទៅ ២០%) ជាពិសេស​គឺ​អ្នកជំងឺ​ដែលមាន​ផ្ទុកមេរោគ​រលាក​ថ្លើម​ប្រភេទ បេ រ៉ាំរ៉ៃ (chronic hepatitis B )​។​

ក​) រោគសញ្ញា​ ៖
រោគសញ្ញា​ដែល​អាច​ឲ្យ​យើង​ដឹង​អំពី​ជំងឺ​មួយ​នេះ​គឺ​មាន​ដូចជា​:
– មាន​ការឈឺ​ចុកចាប់​នៅ​ផ្នែក​ខាងស្តាំ ​នៃ​ពោះ​
– ថ្លើម​រីក​ធំ (​ដោយ​ការពិនិត្យ​របស់​វេជ្ជបណ្ឌិត​)
– អ្នកជំងឺ​ភាគច្រើន​មានមក​ជាមួយ​រោគសញ្ញា​ នៃ​ជំងឺ​ក្រិន​ថ្លើម (​លឿង​ភ្នែក និង​ស្បែក ទាច​ទឹក​ក្នុង​ស្រោមពោះ ហើមជើង​…)
– មានពេលខ្លះ​អ្នកជំងឺ​បាន​រកឃើញ​ដុំ​សាច់​មហារីក​ថ្លើម​នេះ​ដោយ​ការ​ពិនិត្យមើល​អេកូ​ពោះ​(Medical checkup)…​។​

ខ​) ការធ្វើ​រោគវិនិច្ឆ័យ ​៖
យើង​អាច​ធ្វើឡើង​បាន​តាមរយៈ​
– ការសាកសួរ​អំពី​ប្រវត្តិ​របស់​ជំងឺ​
– ការពិនិត្យ​របស់​វេជ្ជបណ្ឌិត (Physical examination)
– ការធ្វើ​អេកូ​ពោះ​រកមើល​ដុំ​សាច់​ថ្លើម​
– ការពិនិត្យ​ឈាម​មើល​ជាតិ AFP ដែលជា Tumors marker
– ការចាក់​យក​សាច់​ថ្លើម​ទៅ​វិភាគ (Hepatic biopsy)
– ការធ្វើ​ស្កា​ន់​នែរ​ពោះ​ដោយ​ចាក់​ថ្នាំ (Injection abdominal CT scan)។​

គ​)​ការព្យាបាល ​៖
វិធីសាស្ត្រ​ នៃ​ការ​ព្យាបាល​មានដូចជា ការវះកាត់​, ការចាក់​បញ្ចូល​ជាតិ​អាល់កុល និង សារជាតិ​គីមី​(Chemo embolisation) ដើម្បី​កម្ទេច​ដុំ​សាច់​មហារីក​នេះ និង​ការប្រើប្រាស់​ថ្នាំ​ ដើម្បី​ជួយ​ពន្យារ​ការ​លូតលាស់​រប​ស់​ដុំ​សាច់​នេះ​។ គោលបំណង​សំខាន់​របស់​ការព្យាបាល​ទាំងអស់នេះ គឺ​ដើម្បី​លើក​កម្ពស់​កា​រស់នៅ​របស់​អ្នកជំងឺ និង​ពន្យារពេល​នៃ​ការរស់នៅ​របស់​អ្នកជំងឺ​ឲ្យ​បាន​កាន់តែ​យូរ​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។​

​បច្ចុប្បន្ន​នេះ​មានការ​ព្យាបាល​ទំនើប​ថ្មី​មានដូចជា ​៖
១. ការព្យាបាល​ដោយ​ថ្នាំ​ឆ្លាត​កម្ទេច​ហ្សែ​ន អាច​ពន្យារ​ជីវិត​អ្នកជំងឺ​បានយូរ​ដល់​២​ឆ្នាំ​ភាគច្រើន ​ហើយ​គុណភាព​ជីវិត​របស់​អ្នកជំងឺ​ប្រសើរ​ជាង​ការ​មិន​ព្យាបាល​ឆ្ងាយ​ណាស់​។ អ្នកជំងឺ​ភាគច្រើន​រស់​នៅ​ដូច​មនុស្ស​ធម្មតា មិន​មាន​ការឈឺចាប់​អ្វី​ទាំងអស់​។​
២. មហារីក​ថ្លើម​ដំណាក់កាល​ដំបូងៗ ការ​ព្យាបាល​ដោយ​វះកាត់​ប្ដូរ​ថ្លើម​ថ្មី បន្ទាប់មក​បន្ត​ការ​ព្យាបាល​ដោយ​ថ្នាំ​ឆ្លាត រយៈពេល​២​ឆ្នាំ អ្នក​ជំងឺ​រ​ស់បាន​លើសពី​៥​ឆ្នាំ ៥០%​។​

បញ្ជាក់​ ៖ ការប្រើប្រាស់​ថ្នាំ​គីមី​ចាក់​តាម​សរសៃ (Chemotherapy) និង​ការបាញ់​កាំរស្មី​(Radiotherapy) ទៅលើ​ដុំ​សាច់​មហារីក​នេះ គឺ​មិនមាន​ចម្លើយ​ល្អជា​វិជ្ជមាន​នោះ​ទេ​សម្រាប់​ប្រភេទ​ នៃ​ដុំ​មហារីក​មួយ​នេះ​។ ជំងឺ​មហារីក​ថ្លើម​មិនអាច​បង្ការ​បាន​100%​ទេ​។​

ដំបូន្មាន​របស់​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត គឺ​មានតែ​ការ​បង្ការ និង​ការពារ​តែ​មួយគត់​ដែល​ជា​វិធី​ល្អ​បំផុត​សម្រាប់​គ្រប់​អ្នកជំងឺ​។ ការ​ព្យាបាល​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ និង សេ ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រាកដប្រជា មុនពេល​វិវត្ត​ទៅដល់​ដំណាក់កាល​ក្រិន​ថ្លើម​នេះ ការចាក់​ថ្នាំ​បង្ការ​ការពារ​មេរោគ​រលាក​ថ្លើម​ប្រភេទ បេ ពីដំបូង​ទី និង​ចៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង​រយៈពេល​យូរ​ជាដើម គឺជា​វិធានការ​ដ៏​ប្រសើរ​បំផុត​៕​
អត្ថបទ ៖ រស្មី​

សូមចុចអាន ៖ ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114