BREAKING NEWS
Search

លួ​ន សុខ​ខេង ឈ្នះ ហេង វិឆ័យ ​ដោយ​ពិន្ទុ ខណៈ​អេ​អាំ​ម៉ា​រី​ន ភូ​ថង ផ្ដួល ឆូ​ន បួន ទឹក​៤

អ្នក​ប្រដាល់​ជើងចាស់ លួ​ន សុខ​ខេង នៃ​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​វាយ​ឈ្នះ ​ហេង វិឆ័យ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​បិទទ្វារ​គូ​បូ​តា​របស់​ទូរទស្សន៍​បាយ័ន កាលពី​យប់​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០។​

ហេង វិឆ័យ នៅក្នុង​ទឹក​១ គេ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង​ទៅហើយ ដោយសារ​ត្រូវ​កណ្ដាប់ដៃ​របស់​កួន សុខ​ខេង ដាល់​ត្រូវចំ​ថ្គាម ដែល​ធ្វើ​ឲ្យ​គេ​ដួល ​និង​វង្វេង។ ប៉ុន្តែ​ ក្រោយពេល​អាជ្ញាកណ្ដាល​រាប់​៨ គេ​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​។

លួ​ន សុខ​ខេង គេ​មានប្រៀប​ឈ្នះ​លើ​ហេង វិឆ័យ​ សឹងតែ​គ្រប់ទឹក ទាំង​លើ​ផ្នែក​កម្លាំង​កាយសម្បទា ស្នៀត​វាយលុក ​និង​កម្លាំងចិត្ត។ ហេង វិឆ័យ​ ចាញ់​កម្លាំង​ស៊ុ​ហ្វ​ សុខ​ខេង ហេតុនេះ​ សុខ​ខេ​ង ស្ថិត​នៅ​ប្រៀប​ឈ្នះ​ច្រើនជាង។ លួ​ន សុខ​ខេង ​និង ​ហេង វិឆ័យ ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូ​ក្រាម។​

អេ​អេ​ម៉ា​រី​ន ភូ​ថង អ្នក​ប្រដាល់​ស្រករ​ក្រោយ នៃ​សមាគម​កីឡាប្រដាល់​កងយោធពលខេមរភូមិន្ទ បាន​ផ្ដួល​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដូចគ្នា ឆូ​ន បួន អ្នក​ប្រដាល់​ក្លិប​បញ្ជាការ​ដ្ឋាន​ទ័ព ​ពិសេស​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​៤។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។​

ឆូ​ន បួន ក្នុង​ទឹក​ទី​៣​នោះ ត្រូវ​ អេ​អាំ​ម៉ា​រី​ន​ភូ​ថង ដាល់ ​និង​ទាត់​ត្រូវ​ បណ្ដាល​ឲ្យ​ចង់​គាំង ត្រូវ​អាជ្ញា​កណ្ដាល​រាប់​៨​ម្តង ហើយ​បន្ទាប់ពី​បន្ត​ការប្រកួត​ទៀត​នោះ ឆូ​ន បួន ក៏​ត្រូវ​អាំ​ម៉ា​រី​ន ដាល់​ និង​អុក​ជង្គង់​ត្រូវ ធ្វើ​ឲ្យ​ឆូ​ន បួន ដួល​លែង​ក្រោក ​ហើយ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​បន្ត​ការប្រកួត​ទៀត​តែ​ម្តង។​

ចំពោះ​ ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ធា វាសនា អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នោះ បាន​វាយ​ចាញ់​ វាសនា​ ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។

រីឯ ពេជ្រ ហ្សូ​ណា អ្នក​ប្រដាល់​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ បាន​វាយ​ឈ្នះ​ រិ​ទ្ធ ប​ច្ចា អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ ឯម សុធី ជួប អេ​អាំ​ម៉ា​រី​ន ឯ ហេង វិឆ័យ ជួប លួ​ន សុខ​ខេង នៅ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114