BREAKING NEWS
Search

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសជន​ ដែល​ផ្តល់​សម្ភារៈ​ការពារ​ជំងឺ​​កូ​វីដ-​១៩ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​​

​ភ្នំពេញ​ ៖ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសជន​ដែល​ផ្តល់​សម្ភារៈ​ការពារ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ-​១៩ ខណៈ​ពេល​បង្កើន​ការប្រុងប្រយ័ត្ន​រលក​ទី​២​ នារ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេបញ្ជា​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្លែង​បែបនេះ ​ខណៈ​ទទួលបាន​ការឧបត្ថម្ភ​ជែ​ល​លាងដៃ​ពី ក្រុម​ហ៊ុន​សា​រ៉ា​យ៉ា ខេ​ម​បូ​ឌា ចំនួន​២០០​កេស ដែលមាន លោក កែវ សម្បត្តិ និង លោក ដៀ​ន វិជ្ជា ជា​តំណាង​ក្រុមហ៊ុន​ក្នុងការ​ប្រគល់​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា ​ជា​រៀងរាល់ថ្ងៃ ​លោក​តែងតែ​បាន​ក្រើនរំលឹក​ជា​រឿយៗ ​ស្តីពី​ការ បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ជំងឺ​ឆ្លង​កូ​វីដ​-១៩ (Covid-19) ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ ដូចជា​ ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល សង្គម និង​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ​។

វិធានការ​នេះ ស្របតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​រាល់ពេល​ចេញ​ប្រតិបត្តិការ ត្រូវ​មាន​ប្រុងប្រយ័ត្ន​ឲ្យ​ឲ្យ​បាន​ខ្ពស់បំផុត ទាំង​សុវត្ថិភាព​ពេល​បំពេញបេសកកម្ម និង ការការពារ​ការឆ្លង​កូ​វីដ​-១៩​។​

លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​បន្ថែម​ថា សម្រាប់​សម្ភារៈ​ការពារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​នេះ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​កម្លាំង​អាវុធហត្ថ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ពេល​បំពេញភារកិច្ច​បម្រើ​សុខទុក្ខ​ជូន​ប្រជាពលរដ្ឋ​ និង​សង្គមជាតិ​ ជាពិសេស​នា​រដូវ​បុណ្យ​កាន់បិណ្ឌ​ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តែម្ដង​។​

ក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់ ក្រុម​ហ៊ុន​សា​រ៉ា​យ៉ា ខេ​ម​បូ​ឌា ដែល​មាន​ទឹកចិត្ត​ស្រលាញ់​គាំទ្រ​កងរាជអាវុធហត្ថ និង​ចូលរួម​ឧបត្ថម្ភ ដូច​ខាង​លើ​នេះ​៕
អត្ថបទ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114