BREAKING NEWS
Search

ក្រសួងទេសចរណ៍​ចេញ​ផែនការ​៥​ឆ្នាំ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​បាន​៧​លាន​នាក់

​ភ្នំពេញ ​៖ ​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​ផែនការ​៥​ឆ្នាំ​២០២០ ២០២៥​ដើម្បី​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ពោលគឺ​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​បាន​៧​លាន​នាក់​វិញ​។

ផែនការ​៥​ឆ្នាំនេះ​ ត្រូវ​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេស ចរណ៍​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ចាប់ពី​ឆ្នាំ​២០២០-២០២៥ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៥​កញ្ញា​នាឱកាស​នោះ លោក​បណ្ឌិត ថោង ខុន បាន​មាន​ប្រសាសន៍​ថា ​ផែនទី​ចង្អុល​ផ្លូវ​នេះ​នឹង​ចង្អុលបង្ហាញ​នូវ​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ដែលជា​ការងារ​អាទិភាព ហើយ​ដែល​គួរតែ​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ពី​ឥឡូវនេះ សម្រាប់​ទីផ្សារ​ទេសចរណ៍​ដែលមាន​សក្តានុពល និង​ទីផ្សារ​ទេសចរណ៍​សមស្រប​ណាមួយ​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ដាក់ចេញ​វិធាន​គោលនយោបាយ​អន្តរាគមន៍ ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ជា​៣​ដំណាក់កាល​សំខាន់ៗ​៖​ដំណាក់កាល​ទី​១ ៖ ការគ្រប់គ្រង​វិបត្តិ​ក្នុងដំណាក់កាល​ប្រក្រតីភាព​តាម​ទម្លាប់​ថ្មី​និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្តារឡើងវិញ (​ឆមាស​ទី​២ ឆ្នាំ​២០២០ ដល់​ឆមាស​ទី​១ ឆ្នាំ​២០២១)​។​ដំណាក់កាល​ទី​២៖ ការជំរុញ និង​ការ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ (​ឆមាស​ទី​២ ឆ្នាំ​២០២១-២០២២)​។ ដំណាក់កាល​ទី​៣៖ ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៣-២០២៥)​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្តទៀតថា ក្នុងដំណាក់កាល​នីមួយៗ​មានការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​អនុវត្ត​ត្រូវ​អនុលោម​ទៅតាម​សសរស្តម្ភ ៤៖ បេតិកភណ្ឌ​វប្បធម៌ ទេសចរណ៍​តំបន់ឆ្នេរ អេកូ​ទេសចរណ៍ និង​ភាពជា​ប្រជាជន​ខ្មែរ រួមទាំង​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៣៖ សេដ្ឋកិច្ច និង​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ការផ្សព្វផ្សាយ និង​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ និង​អភិបាលកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​។

គួរ​បញ្ជាក់​ថា ​សេចក្ដីព្រាង​ផែនទី​ចង្អុល​ផ្លូវ​នេះ​នឹង​បញ្ចូល​នូវ​សកម្មភាព​យុទ្ធសាស្ត្រ​ចំនួន ៤៨ និង​គម្រោង​អភិវឌ្ឍ​គំរូ​ធំៗ​សរុប​ចំនួន ១៦ ដែល​សេចក្តីព្រាង​នេះ​គ្រោង​នឹងដាក់​ឆ្លង​គណកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​នាពេលខាងមុខ​៕
សំអឿន

សូមចុចអាន ៖ ក្រសួងទេសចរណ៍​ណែ​នាំ​ឲ្យ​សហគមន៍​ទេសចរណ៍​ កត់​ឈ្មោះ​និង​ព័ត៌មាន​ចាំបាច់​របស់​ភ្ញៀវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114