BREAKING NEWS
Search

គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ​ដាក់​កម្លាំង​​ប្រចាំការ​២៤​ម៉ោង​ ដើម្បី​ធានា​សុវត្ថិភាព​ជូន​​ពល​រដ្ឋ​

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ដាក់​កម្លាំង​ប្រចាំការ​ជាច្រើន​នាក់​នៅ​តាម​គោលដៅ​សំខាន់ៗ ដូច​ជា​ តាម​ទី​វត្ត កន្លែង​សប្បាយ​ភាព កម្លាំង​សម្រួល​ចរាចរណ៍​ដង​ផ្លូវ ​និង​ការ​ពង្រាយ​កម្លាំង​ចុះ​ល្បាត​តាម​ភូមិ/​សង្កាត់​ ដើម្បី​ការពារ​សន្តិសុខ បញ្ហា​ចោរកម្ម​ក្នុង​មូលដ្ឋាន ខណៈ​ប្រជាពលរដ្ឋ​ចេញ​ទៅ​លេង​ស្រុកកំណើត​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

លោក​ ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៥​កញ្ញា​នេះ បាន​មានប្រសាសន៍ថា ការ​ត្រៀម​កម្លាំង​ការពារ​នៅ​តាម​មូលដ្ឋាន​នេះ គឺ​ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ និង​ពុទ្ធបរិស័ទ បាន​ធ្វើបុណ្យ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ មិន​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​ណាមួយ​កើតឡើង​។​

លោក​បាន​បញ្ជាក់​ថា នៅ​រដូវ​បិណ្ឌ​ភ្ជុំ​នេះ ជា​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​ភាគច្រើន បាន​ចាក់សោ​ចោល​ផ្ទះ ដើម្បី​ទៅលេង​ស្រុកកំណើត។ ដូច្នេះ​បញ្ហា​នេះ​ កម្លាំង​សមត្ថកិច្ច​ ត្រូវ​ប្រយ័ត្នប្រយែង​មែនទែន ក្នុង​ការ​ប្រចាំ​ការចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បញ្ហា​ចោរ​គាស់​ផ្ទះ​ លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។​

លោក​បន្ត​ថា ប្រជាជន​ចេញពីផ្ទះ​ទៅ​ស្រុក ចឹ​ង​គាត់​អត់​យក​ផ្ទះ​ទៅតាម​ទេ សម្ភារៈ​នៅផ្ទះ អាច​មាន​ចោរកម្ម​លួច ​ឬ​គាស់​ទម្លុះ​ទម្លាយ។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ ត្រូវ​ពង្រឹង​កិច្ចការ​ការពារ​ឲ្យ​ខាងតែ​បាន ដើម្បី​ទប់ស្កាត់​អំពើ​ចោរកម្ម​នេះ​ជូន​ប្រជាពលរដ្ឋ ដែល​នេះ​ជា​ការ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពួកគាត់​។​

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ក៏បាន​សម្តែង​ការ​កោតសរសើរ​ផង​ដែរ​ដល់​កង​កម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ធ្វើ​ឲ្យ​បទល្មើស​​តាម​បណ្តា​ខណ្ឌ​នានា ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​ការ​ថយចុះ​គួរ​ឲ្យ​កក់​សម្គាល់ និង​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

លោក​បញ្ជាក់​ថា ចំណុច​នេះ​បានបង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ត្រឹមត្រូវ​របស់​កងកម្លាំង​មា​ន​សមត្ថកិច្ច។ ​ចំណុចខ្លាំង​នេះ ​បាន​ជួយ​ទាក់ទាញ​ដល់​ក្រុម​វិនិយោគិន​បរទេស​មក​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់តែច្រើន​។​

យោងតាម​របាយការណ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​នៅ​តាម​ទី​វត្ត​អារាម​ទាំង​អស់​ទូទាំង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ បាន​សហការ​ជាមួយ​គណៈកម្មការ​វត្ត និង សន្តិ​សុខភូមិ ដើម្បី​រួមគ្នា​ជួយ​សម្រួល​ចរាចរណ៍ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​វត្ត​ និង​ការពារ​ម៉ូតូ ​រថយន្ត​​ទ្រព្យ​សម្បត្តិ​របស់​ពុទ្ធបរិស័ទ ម​ក​ធ្វើបុណ្យ​ ប្រកបដោយ​សទ្ធា​ជ្រះថ្លា​។​

ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏បាន​រឹតបន្តឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ដែល​មាន​លក្ខណៈ​តឹងរ៉ឹង ដោយ​ទប់ស្កាត់​ឲ្យ​បាន​ មិន​ឲ្យ​មានការ​ដឹក​លើស​ចំណុះ​ និង សំពីងសំពោង​ជាដើម​៕
អត្ថបទ ៖ ​ស្រីរ័ត្ន​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114