BREAKING NEWS
Search

គ្មានទេ​ការ​រស់​ឡើងវិញ​របស់​អតីត​សង្គ្រោះ​ជាតិ មានតែ​ការចាប់​ជាតិ​ថ្មី​ប៉ុណ្ណោះ

​ភ្នំពេញ​ ៖ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ជិត​៣​ខួប​ហើយ ដែល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​សម្រេច​រំ​លាយ ក្រោយពី​រកឃើញថា ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​នេះ បាន​ឃុបឃិត​ជាមួយ​បរទេស មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែលជា​ទង្វើ​ក្បត់ជាតិ​។

បើតាម​ការលើកឡើងរ​បស់​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អ្នកវិភាគ ក៏ដូចជា​អ្នកច្បាប់ បាន​បញ្ជាក់ថា បើទោះបីជា​មេដឹកនាំ ក៏ដូចជា​សកម្មជន និង​អ្នកគាំទ្រ​ខំ​ធ្វើ​សកម្មភាព​យ៉ាងណា​ក៏​អត់​ន័យ​ដែរ ពីព្រោះ​វា​ជាគោលការណ៍​ច្បាប់ ហើយក៏​មិនអាច​ធ្វើ​ឲ្យ​សាលក្រម​តុលាការ​ត្រឡប់​ថយក្រោយ​វិញ​បានដែរ ហើយ​អ្នក​ដែល​ចង់​បន្ត​នយោបាយ​ត​ទៅមុខទៀត គឺ​មានតែ​ស្នើ​សិទ្ធិ​តែប៉ុណ្ណោះ ទើប​ថ្មីៗ​នេះ​អ្នក​ជាប់​បម្រាម​មួយចំនួន បាន​ពិចារណា​ថា ត្រូវតែដើរ​ទៅមុខទៀត ទើប​អាច​រក្សា​ស្មារតី​លទ្ធិប្រជាធិបតេយ្យ​បាន​។​

លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តតាកែវ​បាន​ថ្លែងថា ពីមុន​លោក​យល់ថា CNRP អាច​រស់​ឡើងវិញ ដោយសារ​ការចរចា​ន​យោ​បាយ​ណាមួយ ប៉ុន្តែ​បើទោះជា​រស់​ឡើងវិញ ក៏​មិនអាច​ទាំងស្រុង​នោះដែរ ពីព្រោះ​វា​មិនអាច​ត្រឡប់​សាលក្រម​តុលាការ​បានទេ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ពីមុន​យើង​គិតថា វា​អាច​ត្រឡប់មកវិញ​ដោយសារ​ការចរចា​នយោបាយ ហើយ​បើទោះជា​ត្រឡប់មកវិញ ក៏​មិនអាច​ត្រឡប់មក​ទាំងស្រុង​នោះដែរ ខ្ញុំ​មិនអាច​គិតថា វា​មិន​អាចមក​ទាំង​ឈ្មោះ​ទាំង​អី​នោះទេ ដោយ​មូល​ហេតុថា វា​មិនអាច​ត្រឡប់​សាលក្រម​តុលាការ​កើត​ទេ ពីព្រោះ​តុលាការ​សម្រេច​រួចហើយ​”​។

លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា តែ​ជា​ទស្សនៈ​របស់លោក “​វា​ជា​រឿង​នយោបាយ ដូច្នេះ​ខ្ញុំ​គិតថា ប្រសិនបើ​មិន​ត្រឡប់មក​ទាំងស្រុង​វិញ ក៏​យើង​អាច​ចរចា​នយោបាយ​ក្នុង​កម្រិត​ណាមួយ ប៉ុន្តែ​មកដល់ពេលនេះ ខ្ញុំ​មិនដឹងថា ព្រលឹង​របស់​សង្គ្រោះ​ជាតិ​នៅមាន​ដដែល ឬ​ស្មារតី​វា​បែកខ្ញែក​គ្នា​យ៉ាងណា​ហើយ ប៉ុន្តែ​សង្ឃឹមថា ប្រជាធិបតេយ្យ​វា​មិន​ទៅណា​ទេ ពីព្រោះ​វា​ជា​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ដូច្នេះហើយ ឬ​ត្រឡប់មកវិញ ឬ​មិន​ត្រឡប់មកវិញ​សម្រាប់​ខ្ញុំ​នៅពេលនេះ ខ្ញុំ​លែង​បាន​គិតពី​រឿង​ហ្នឹង​ទៀតហើយ តែ​ខ្ញុំ​គិតថា អ្វីដែល​សំខាន់ គឺ​ត្រូវ​ទៅមុខទៀត គឺ​ចង់​រក្សា​ស្មារតី​ប្រជាធិបតេយ្យ​ហ្នឹង ខ្ញុំ​មិន​ចង់ឱ្យមាន​ការបាត់បង់​នោះទេ ពីព្រោះ​វា​ជា​ប្រយោជន៍​សម្រាប់​អ្នកជំនាន់ក្រោយ​”​។

បើតាម​លោក អ៊ូ ច័ន្ទ​រ័ត្ន ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នីមួយៗ ជៀស​មិន​រួច​នឹងមាន​បញ្ហា​ខ្លះ​នោះទេ ប៉ុន្តែ​សំខាន់​លើ​មេដឹកនាំ តើ​មាន​ឆន្ទៈ​ក្នុងការ​បន្តដំណើរ​បណ្ដុះ​បណ្ដាល​ឲ្យ​ប្រសើរឡើង​ដែរឬទេ​?​។ សម្រាប់​លោក អ៊ូ ច័ន្ទ​រ័ត្ន លោក​ស្វាគមន៍​ចំពោះ​ការស្នើ​សិទ្ធិ​របស់​អ្នកនយោបាយ​មួយចំនួន ពីព្រោះ​មានតែ​ការស្នើសុំ​សិទ្ធិ​ទេ ដែល​អាច​បន្ត​នយោបាយ​ត​ទៅមុខទៀត​បាន​។

ចំណែក​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា បាន​ថ្លែងប្រាប់​ប្រាប់​កម្ពុជា​ថ្មី​ថា ជាគោលការណ៍​ច្បាប់​នៅពេល​ដែលមាន​ដីកា​តុលាការ​រំលាយ​គណបក្ស​នយោបាយ​ណាមួយ​ហើយ​នោះ មិនមាន​អ្វី​ត្រូវ​រស់​ឡើងវិញ​នោះទេ ដូច្នេះ​ក្តីសង្ឃឹម​របស់​ពួកគាត់ គឺជា​សិទ្ធិ​ក្នុងការ​សង្ឃឹម ប៉ុន្តែ​ជាគោលការណ៍​ច្បាប់​មិនមាន​ទេ ។ លោក​បញ្ជាក់ថា “​ជា​ទិដ្ឋភាព​ច្បាប់ អ្នក​ដែល​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ អាច​ទទួល​សិទ្ធិ ឬ​ទទួល​នីតិសម្បទា នៃ​ការធ្វើ​នយោបាយ​ឡើងវិញ ប្រសិនបើ​មានការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រ ប៉ុន្តែ​ប្រសិនបើ​ឱ្យ​បក្ស​នេះ​រស់​ឡើងវិញ គឺ​វា​អត់​មាន​”​។

ចំពោះ​ក្តីសង្ឃឹម​ណាមួយ​របស់​មេ​ដឹកនាំ និង​សកម្មជន​ថា គណបក្ស​នេះ​នឹង​រស់​ឡើងវិញ លោក ជិន ម៉ា​លីន អះអាងថា “​សង្ឃឹម​យ៉ាងម៉េច​ក៏​សង្ឃឹម​ទៅ ប៉ុន្តែ​កុំ​ធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​បំពាន​ច្បាប់ ប្រសិនបើ​មាន​ក្តីសង្ឃឹម​ហើយ ធ្វើ​សកម្មភាព​ណាមួយ​ដែល​បំពាន​ច្បាប់ ត្រូវតែ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ជាពិសេស​អ្នក​ដែល​ត្រូវ​ស្ថិតនៅក្នុង​បំរាម ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ​នោះ អាច​នឹងត្រូវ​ប្រឈម​ផ្លូវច្បាប់ ប្រសិនបើ​ពួកគាត់​បំពាន​ទៅនឹង​ច្បាប់​ទាំងអស់នេះ​”​។

ដោយឡែក​លោក មាស នី អ្នកវិភាគ និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​ថ្លែងថា លោក​មិនអាច​ទស្សន៍ទាយ​បានទេ ដោយសារតែ​លោក​មិន​នៅក្នុង​គណបក្ស ប៉ុន្តែ​ជាការ​មើលឃើញ សម្រាប់​អ្នកគាំទ្រ ក៏ដូចជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​រំលាយ​ហើយ​នោះ ព្រលឹង​នោះ ហាក់ដូចជា​នៅតែ​ហោះហើរ ដូចជា​ស្រមោល​អន្ទោលតាមប្រាណ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ផងដែរ​។

បើតាម​លោក មាស នី មកដល់ពេលនេះ​សង្គ្រោះ​ជាតិ​នៅតែ​លើកឡើងថា ការរំលាយ​នោះ គឺ​ខុសច្បាប់ ដូច្នេះ​នៅតែ​ទាមទារ​ទៀតថា ត្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ប៉ុន្តែ​ការរំលាយ​ទៅហើយនោះ មិន​ន​អាច​ត្រឡប់ក្រោយ​វិញ​ទេ ពីព្រោះ​រដ្ឋាភិបាល​ចាត់ទុកថា ជា​រឿង​ផ្លូវច្បាប់ មិនមែនជា​ទិដ្ឋភាព​នយោបាយ​ទេ ហើយ​ការប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ត្រូវតែ​រស់​ឡើងវិញ​ឲ្យ​ដូចដើម​នោះ វា​មិនអាច​ទៅរួច​ទេ ។ លោក​ប្រៀបធៀប ខ្ទម​ចាំ​ស្រែ​មួយ ដែល​ធ្លាប់ធ្វើ​ក្នុង​រដូវប្រាំង លុះដល់​រដូវវស្សា ត្រូវតែ​ជួសជុល​ទើប​អាច​រស់នៅ ឬ​ជ្រក​ក្នុង​ខ្ទម​នោះបាន​។

ក្នុងន័យនេះ លោក​មើលឃើញថា សម្រាប់​គណបក្សប្រឆាំង​នៅតែ​ប្រកាន់​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស នាំទៅរក​របប​ផ្ដាច់ការ ហើយ​ខ្លួន​ធ្វើ​ចលនា​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ងើបឈរ​ឡើង ដើម្បី​ផ្ដួលរំលំ​។

លោក មាស នី អះអាងថា អ្នកនយោបាយ​ទាមទារ​ឲ្យ​មានការ​បត់បែន ពីព្រោះ​ស្ថានភាព​កាលពី​ពីរ​ឆ្នាំមុន វា​មិនអាច​មិន​ដូច​ឆ្នាំ​២០២០​ទេ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ពិចារណា​ថា ត្រូវតែ​គួរ​ឲ្យ​នៅ​ដដែល ឬក៏​ត្រូវ​ផ្លាស់ប្ដូរ​។ ពីព្រោះ​នៅក្នុង​ទ្រឹស្ដី នៃ​ការផ្លាស់ប្ដូរ “​បើ​ប្ដូរ​គេ​មិនបាន​ត្រូវ​ប្ដូរ​ខ្លួនឯង​” ។
​ដោយឡែក​ទាក់ទង​ទៅនឹង​ក្រុម​ថ្នាក់ដឹកនាំ​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ លោក មាស នី បញ្ជាក់ថា វា​អាស្រ័យទៅលើ​ពួកគាត់​នោះទេ ។ ពីព្រោះ​ពេលខ្លះ ការស្នើសុំ​សិទ្ធិ​នយោបាយ អាចធ្វើ​ឲ្យ​ពួកគាត់​មាន​សិទ្ធិសេរីភាព​ក្នុងការ​ដើរទៅ​ជួប​ព្រលឹង​របស់គាត់ ដើម្បី​រៀបចំ​ឡើងវិញ​។ លោក​ថា ធម្មតា​ព្រលឹង ដើម្បី​ឲ្យ​ខ្លាំង​បាន ត្រូវតែមាន​រូបរាងកាយ ទើប​អាចធ្វើ​ការ​បាន ប៉ុន្តែ​បើ​ព្រលឹង​នេះ នៅតែ​ព្រលឹង​អណ្ដែតត្រសែត​តែលតោល​យូរៗ​ទៅ​អាច​រលាយ​សូន្យ​អស់​គ្មាន​សល់​អ្វី​ទេ​។

សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​កើតចេញពី​ការច្របាច់បញ្ចូលគ្នា​រវាង​គណបក្ស​សម រង្ស៊ី នឹង​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​សម្រេច​រំលាយ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​បាន​បិទផ្លូវ​តវ៉ា​។ ជាមួយគ្នា​នោះ ក៏បាន​ហាមឃាត់​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​នេះ​ចំនួន​១១៨ នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាងថា ការសង្ឃឹម​ពី​ការឡើង​វិញ​របស់​អ្នកគាំទ្រ និង​ថ្នាក់ដឹកនាំ​ដែលថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រស់​ឡើងវិញ​នោះ គឺ​មិនអាច​ធ្វើទៅ​រួច​នោះទេ ហើយ​សហគមន៍​អន្ដរជាតិ ក៏​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​បានដែរ​។ លោក​ថា “​ខ្មោច​ងាប់​ហើយ មិនអាច​រស់​ឡើងវិញ​ទេ​។ អាហ្នឹង ជា​ក្រិត​ក្រម​ធម្មជាតិ ការលើកឡើង​របស់គាត់ គ្រាន់តែ​ជាការ​ស្រមើស្រមៃ មិនអាច​ក្លាយទៅជា​ការពិត​ទេ​។ ប្រវត្តិសាស្ដ្រ​កម្ពុជា​វិល​ទៅមុខ មិនមែន​វិល​ថយក្រោយ​ទេ​”៕


ដោយ ៖ កោះ​កែវ
សូមចុច ៖ ក្រសួងមហាផ្ទៃ ច្រានចោល​សំដី​គ្មាន​ការពិត​របស់​អ្នកនយោបាយ អេង ឆៃអ៊ាង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114