BREAKING NEWS
Search

ប្រមុខ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ដុសក្អែល​ ឡៅ ចិ​ន្ត្រា និង​ យ៉េន ឌី​ណា បន្ទាប់ពី​ប្រកួត​មិន​អស់ពី​សមត្ថភាព

ភ្នំពេញ​ ៖ ​លោក​ឧត្ដមសេនីយ៍​ឯក​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ បាន​ធ្វើការ​ដុស​ក្អែល ​ដោយ​ណែនាំ​កីឡាករ ​ឡៅ ចិ​ន្ត្រា និង​កីឡាករ យ៉េន ឌី​ណា​ ដែល​អ្នក​ទាំង​២​នាក់ ​ប្រកួត​កាល​ពី​សប្ដាហ៍​មុន​មិន​អស់ពី​សមត្ថភាព​សក្ដិសម​ជា​កីឡាករ​លំដាប់​ប្រទេស​នោះ​។​

លោក​ឧត្ដមសេនីយ៍​ឯក ​តែម ម៉ឺន ​បានធ្វើ​ការណែនាំ​នេះ ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ធ្វើ​ការណែនាំ​ដល់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ ​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ​ឆ្នាំ​២០២០ គឺ​ កីឡាករ ​ឡៅ ចិ​ន្ត្រា និង កីឡាករ យ៉េន ឌី​ណា ដើម្បី​ពង្រឹង​វិន័យ ក្រមសីលធម៌​ប្រកួត ឲ្យ​សក្ដិសម​ជា​កីឡាករ​ថ្នាក់​ជាតិ​ នៅ​ស្នាក់ការ​សហព័ន្ធ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​។​

លោក​ឧត្ដមសេនីយ៍​ឯក​ តែម ម៉ឺន បាន​មានប្រសាសន៍ថា ការណែនាំ​កីឡាករ​ ឡៅ ចិ​ន្ត្រា និង​កីឡាករ យ៉េន ឌី​ណា​ ធ្វើឡើង​ក្រោយពី​អ្នក​ទាំង​២​នាក់​ ធ្វើការ​ប្រកួត​កាលពី​សប្ដាហ៍​មុន មិន​អស់ពី​សមត្ថភាព​ សមជា​កីឡាករ​លំដាប់​ប្រទេស​នោះ​ឡើយ​។

ក្នុងនាម​ជា​កីឡាករ​ត្រូវ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ​ទោះបី​ចាញ់ ឬ​ឈ្នះ​ក៏ដោយ មិន​ត្រូវ​ធ្វើ​ឲ្យ​ទស្ស​និក​ជន និង​អ្នក​គាំទ្រ​ខកចិត្ត​ទេ​។​

លោក​ប្រធាន​ បាន​បន្ត​ថា កីឡាករ ឡៅ ចិ​ន្ត្រា និង​ កីឡាករ យ៉េន ឌី​ណា គឺជា​ក្រុម​កីឡា​ជម្រើស​ជាតិ​គុន​ខ្មែរ​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAM ES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ទីក្រុង​ហាណូយ នា​ខែ​វិច្ឆិកា​ ខាងមុខ​នេះ​។ មិន​ថា ឡៅ ចិ​ន្ត្រា និង​ កីឡាករ យ៉េន ឌី​ណា ក្រុម​កីឡា​គុន​ខ្មែរ​ផ្សេងៗ​ដែល​ប្រព្រឹត្ត​បែបនេះ លោក​ និង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​នឹង​ធ្វើ​ណែនាំ​ដូចគ្នា​៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ ម៉ន​ សា​ម៉េ​ត ស្វាគមន៍​ការសុំ​ជួប​របស់​ អេ​លី​ត សាន់ នៅលើ​សង្វៀន​គូ​បូ​តា​ យប់​ថ្ងៃ​សុក្រ​នេះ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114