BREAKING NEWS
Search

កសិករ​នៅ​សង្កាត់​វាល​ស្បូវ ព្រែក​ថ្មី​ និង​ក្បាលកោះ ​ងាក​មក​ដាំ​ផ្លែ​ត្របែក​ ​ទទួល​បាន​កម្រៃ​ខ្ពស់​

កសិករ​រស់នៅ​ និង​ប្រកប​របរ​ដាំ​បន្លែ ​ផ្លែឈើ​ កំពុង​នាំគ្នា​ងាក​មក​ដាំ​ដើម​ត្របែក​ជា​លក្ខណៈ​ធម្មជាតិ​ ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ នឹកស្មាន​មិន​ដល់​។​

តាម​ការ​អះអាង​ពី​ លោក​ ជា សារុន បាន​និយាយ​ថា​ សព្វថ្ងៃ​នេះ​ នៅ​តាម​បណ្តា​ដីចម្ការ ​ក្នុង​សង្កាត់​វាល​ស្បូវ ព្រែក​ថ្មី​ និង​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ គេ​សង្កេតឃើញ​ប្រជាកសិករ​លោក​មក​នាំគ្នា​ដាំ​ដើម​ត្របែក​គីឡូ​ ព្រោះ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ដែល​នឹក​ស្មាន​មិន​ដល់​។​

លោក ​រុន បន្ត​ថា ​កាលដែល​ប្រជាកសិករ​លោក​ងាក​មក​ដាំ​ដើម​ត្របែក​គីឡូ ​គឺ​ងាយស្រួល​ក្នុង​ការ​ដាំដុះ​ ហើយ​ប្រើ​រយៈពេល​ខ្លី​។ បើ​សរុប​ទាំង​ការ​បណ្តុះ​ពូជ ​រួច​យក​មក​ដាំ​ ត្រូវ​ចំណាយ​ពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​ នៅពេលដែល​ចាប់​ផ្តើម​ចេញ​ផ្កា ប្រជាកសិករ​លោក​នាំ​យក​ជីធម្មជាតិ​មក​ដាក់​គល់​ដើម​ត្របែក។​ ​ជីធម្មជាតិ​នេះ​ងាយស្រួល​រក​បំផុត ព្រោះ​នៅ​តាម​បណ្តា​ភូមិឋាន​មិន​ខ្វះ​ដូចជា​ សំបក​ចេក​ណាំ​វ៉ា​លាយ​ជាមួយ​លាមក​គោ ​គួបផ្សំ​នឹង​លាមក​ប្រជៀវ​។​

ប្រជាកសិករ​មួយ​រូប​ នៅ​សង្កាត់​វាល​ស្បូវ​ បាន​និយាយថា ​ពួកគាត់​បញ្ឈប់​ការប្រើប្រាស់​ជីគីមី​ហើយ​ព្រោះ​មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​អ្នក​ហូប​ប៉ុណ្ណោះ​ទេ ​គឺ​អ្នក​ដែល​ដាំ​ក៏​ប៉ះពាល់​សុខភាព​ពេល​យក​ជីគីមី​ទៅ​បាញ់​លើ​ដំណាំ​។​

អ្វីដែល​កសិករ​យើង​សប្បាយ​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​នោះ​ គឺ​ក្នុង​១​គីឡូក្រាម​ ថ្លៃ​ ៦ ០០០​ រៀល ​ខណៈ​ដែល​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​។ ​បើ​លក់​ចេញ​វិញ​ មិន​ក្រោម​ ៨ ០០០​ រៀល ​ក្នុង​១​គីឡូក្រាម​ ទេ។​

ចំពោះ​ដើមដំបូង ​ក្នុង​រយៈពេល​១​ឆ្នាំ​ ទទួល​បាន​ផល​២​ដង​ឯណោះ​។ ​ដូច្នេះហើយ​ ទើប​ប្រជាកសិករ​លោក​ងាក​មក​នាំគ្នា​ដាំ​ដើម​ត្របែក​គីឡូ​ ព្រោះ​ងាយស្រួល​លក់​៕​
អត្ថបទ ៖ ន​រា​

សូមចុចអាន ៖ កសិករមួយរូប កែច្នៃ​ស្លឹកដំឡូងមី​ខ្ចីៗ​ធ្វើ​ផ្អក ជា​ចំណី​គោធំធាត់បាន​លឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114