BREAKING NEWS
Search

សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​នៅ​វត្ត​វាំង​ចាស់​

ក្នុង​ថ្ងៃ​ឆ្លង​បិណ្ឌ​ ឬ​ហៅថា​ភ្ជុំបិណ្ឌ​ នា​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ជាមួយ​ក្រុមគ្រួសារ​ សាច់ញាតិ​ និង​មន្ត្រី​អ្នកមុខអ្នកការ​ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​នៅ​វត្ត​វាំង​ចាស់ ឃុំ​វាំង​ចាស់ ក្នុងស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ វត្ត​វាំង​ចាស់ ​ជា​អតីត​ព្រះបរមរាជវាំង​របស់​ព្រះមហាក្សត្រ​ខ្មែរ និង មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង​ដែរ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តែងតែ​អញ្ជើញ​មក​ចូលរួម​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ ​នៅ​ទី​អារាម ​ក្នុង​វត្ត​វាំង​ចាស់​មិនដែល​ខាន​ឡើយ​ ដោយ​បាន​នាំយក​នូវ​គ្រឿង​សក្ការបូជា​មាន​ទៀន​ធូប ផ្កា​ភ្ញី សម្រាប់​បូជា​ចំពោះ​ព្រះរតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ ​និង​ព្រះសង្ឃ និង​បាន​នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន គ្រឿង​ឧបភោគ​បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ។ ក្នុងនោះ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មហា​កុសល​ផលបុណ្យ ជូន​ចំពោះ​បុព្វការី​ជន មាន​មាតា បិតា ជីដូន ជីតា ញាតិកា​ទាំង​៧​សន្តាន​ ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ ​ជាពិសេស​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ ​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង​, លោកយាយ​មហា​ឧបាសិកា ឌី ប៉ុក ដែល​ជា​មាតាបិតា​បង្កើត​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ​,​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​មហា​ឧបាសក លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ជា​បិតា​មាតា​បង្កើត​របស់​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី។​

​នៅ​ទីនោះ​ជា​រៀងរាលឆ្នាំ​ បន្ទាប់ពី​បាន​អញ្ជើញ​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ​នូវ​បច្ច័យ ទេយ្យទាន សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ​ជាច្រើន​មុខ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​អញ្ជើញ​ទៅ​ថ្វាយ​ទៀនធូប ផ្កា​ភ្ញី ចំពោះ​ព្រះ​ពុទ្ធបដិមា​ ឧទ្ទិស​កុសល​ផល​បុណ្យ​ចំពោះ​ព្រះរតនត្រ័យ ​ជាពិសេស​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះបាទ​អង្គឌួង លើ​ទួល​ព្រះវិហារ​ចាស់ ​និង បន្ត​អញ្ជើញ​ថ្វាយ​ទៀនធូប ផ្កាភ្ញី​នៅ​លើ​ព្រះវិហារ​ថ្មី និង អញ្ជើញ​បន្ត​ទៅ​គោរព​បដិបត្តិ​នៅ​រូបសំណាក​វីរ​បុរស​អ្នកស្នេហាជាតិ​ដែល​មាន​គុណបំណាច់​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ​។​

​វត្ត​វាំង​ចា​ស់ មាននាម​ដើម​ថា ​វត្ត​ហរិរក្ស​រាជិនី។ ចំណេរ​ក្រោយមក​ វត្ត​នេះ​ ត្រូវបាន​ហៅ​ក្លាយ​ថា វ​ត្ត​ក្នុង​វាំង ឬ​វត្ត​វាំង​ចាស់​តរៀងមក​។ នា​សម័យ​ដើម ​វត្ត​នេះ ​មាន​ភាព​រុងរឿង ​ជា​វត្ត​សំបូរ​ទៅ​ដោយ​គម្ពីរ​ដីកា​ភាសាបាលី​ និង​សម្រាយ​, ជា​វត្ត​ដែល​បណ្ដុះ​ព្រះសង្ឃ​ជា​បណ្ឌិត​មាន​ចំនួន​ច្រើន​អង្គ​ ក្រោម​ព្រះ​រាជូបត្ថម្ភ​របស់​ព្រះមហាក្សត្រ​ខ្មែរ។ ប៉ុន្តែ​វត្ថុ​បុរាណ​ និង​សមិទ្ធផល​ទាំងឡាយ​នៅក្នុង​ទី​អារាម​នេះ ​ត្រូវ​បាន​បាត់បង់​អន្តរាយ​អស់​ ដោយសារ​សង្គ្រាម​ និង​របប​ប្រល័យពូជសាសន៍។​

​ក្រោយ​ថ្ងៃ​៧​មករា ​ឆ្នាំ​១៩៧៩​ ទី​អារាម​នេះ ​ក៏ដូចជា​ទី​អារាម​នានា​ដែរ​ បាន​ដំណើរការ​ឡើងវិញ​ ប៉ុន្តែ​ដំបូង​នោះ​ មានតែ​សាឡុំ​មួយ​ដែល​សង់​លើ​ទីទួល​ព្រះវិហារ​ចាស់​ប៉ុណ្ណោះ។ រហូតមកដល់​ឆ្នាំ​១៩៩៦ សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ដែល​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​សកម្ម​ បាន​ដឹក​នាំ​កសាង​ទី​អារាម​ប្រវត្តិសាស្ត្រ​នេះ​ឡើង​វិញ​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ​

សមិទ្ធផល​ដែល​ សម្ដេច​តេ​ជោ​ ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ដឹកនាំ​កសាង​នៅ​ក្នុង​ទី​អារាម​នេះ​មានដូចជា​ ព្រះវិហារ​, ដងទង់​, របង​, ខ្លោងទ្វារ​,​ឧបដ្ឋានសាលា​, កុដិ​,​សាលារៀន​,​សាលា​ពុទ្ធិក​សិក្សា ,​រូបសំណាក​វីរបុរស​អ្នកស្នេហាជាតិ​ ព្រមទាំង​ផ្លូវ​បេតុង​ និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ដែល​បម្រើ​ឲ្យ​ទាំង​វិស័យ​ពុទ្ធចក្រ ​និង​អាណាចក្រ៕
អត្ថបទ ​៖​ ណា​រី​

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114