BREAKING NEWS
Search

ស្ថានការណ៍កាន់តែតានតឹង! យោធាតៃវ៉ាន់និយាយថា ខ្លួនមានសិទ្ធិវាយប្រហារតបតចិនវិញ

កោះតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនមានសិទ្ធិការពារខ្លួននិងធ្វើការវាយប្រហារតបតចំពេលមានការរំខាននិងគំរាមកំហែង។ ការលើកឡើងបែបនេះត្រូវបានគេមើលឃើញថាជាការព្រមានយ៉ាងជាក់ស្តែងមួយទៅកាន់ប្រទេសចិនដែលកាលពីសប្តាហ៍មុនបានបញ្ជូនយន្ដហោះជាច្រើនគ្រឿងឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់។

ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះរវាងទីក្រុងតៃប៉ិនិងប៉េកាំង។

យន្តហោះចិនជាច្រើនគ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់ពាក់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់និងចូលតំបន់ការពារដែនអាកាសរបស់កោះនេះនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ដែលជាហេតុជំរុញឲ្យកោះតៃវ៉ាន់បញ្ជូនយន្តហោះដើម្បីទៅស្ទាក់ចាប់ហើយលោកស្រីប្រធានាធិបតី Tsai Ing-wen ហៅចិនថាជាការគំរាមកំហែងដល់តំបន់។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់យ៉ាងច្បាស់នូវនីតិវិធីសម្រាប់ការឆ្លើយតបដំបូងរបស់កោះនេះចំពេលមានការរំខាននិងការគំរាមកំហែងជាញឹកញាប់ពីនាវាចម្បាំងនិងយន្តហោះរបស់សត្រូវនៅឆ្នាំនេះ។

ក្រសួងនិយាយថា តៃវ៉ាន់មានសិទ្ធិដើម្បីការពារខ្លួននិងវាយប្រហារតបតទៅវិញហើយថា ខ្លួនបានអនុវត្តតាមគោលការណ៍ណែនាំនៃការមិនបង្កជម្លោះនិងមិនបង្កឧប្បត្តិហេតុ។ ក្រសួងបន្ថែមថា កោះតៃវ៉ាន់នឹងមិនបង្ករឿងនោះទេប៉ុន្តែក៏មិនខ្លាចសត្រូវដែរ។

សមយុទ្ធរបស់ចិនបានធ្វើឡើងកាលពីសប្តាហ៍មុននៅពេលទីក្រុងប៉េកាំងបានបង្ហាញនូវការខឹងសម្បាចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងតៃប៉ិ។

នៅថ្ងៃចន្ទនេះ កាសែត China Daily បាននិយាយនៅក្នុងបទវិចារណកថាមួយថា សហរដ្ឋអាមេរិកកំពុងព្យាយាមប្រើកោះតៃវ៉ាន់ដើម្បីទប់ស្កាត់ចិនប៉ុន្តែគ្មាននរណាម្នាក់អាចមើលស្រាលការប្តេជ្ញាចិត្តរបស់ចិនក្នុងការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះនេះបានទេ។

ប្រទេសចិនមានការខឹងសម្បាដោយសារតែការគាំទ្រកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ដោយក្នុងនោះរួមមានទាំងការធ្វើទស្សនកិច្ចចំនួន២លើកដោយមន្រ្តីជាន់ខ្ពស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយផងដែរ។ ដំណើរទស្សនកិច្ចមួយលើកនៅក្នុងខែសីហាគឺធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល Alex Azar និងមួយលើកទៀតកាលពីសប្តាហ៍មុនដោយអនុរដ្ឋមន្ត្រី​ក្រសួងការ​បរទស​អាមេរិកទទួល​បន្ទុក​ផ្នែក​​សេដ្ឋកិច្ចលោក Keith Krach។

សហរដ្ឋអាមេរិកដែលមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិខ្លាំងបំផុតរបស់ខ្លួននោះក៏កំពុងមានផែនការលក់អាវុធថ្មីធំៗដល់កោះនេះផងដែរ។

ប្រទេសចិននៅខែនេះបានធ្វើសមយុទ្ធទ្រង់ទ្រាយធំដ៏កម្រនៅក្បែរកោះតៃវ៉ាន់ប៉ុន្តែត្រូវបានទីក្រុងតៃប៉ិហៅថាជាការបង្កហេតុធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបាននិយាយថា សមយុទ្ធនេះគឺជាការចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ប្រធានាធិបតីតៃវ៉ាន់៖ សមយុទ្ធចិនបង្ហាញថា ទីក្រុងប៉េកាំងគឺជាការគំរាមកំហែងដល់តំបន់ទាំងមូល

ចុចអាន៖ តៃវ៉ាន់ដាក់ពង្រាយយន្តហោះចម្បាំង ក្រោយចិនធ្វើសមយុទ្ធក្បែរកោះខ្លួនសាជាថ្មី