BREAKING NEWS
Search

រដ្ឋមន្ត្រី​កសិកម្ម ៖​ រាជរដ្ឋាភិបាល​ មាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​​មាន​ចំណូល​ខ្ពស់ ​នៅ​ឆ្នាំ​២០៥០

ភ្នំពេញ ៖ លោក វេ​ង សាខុន បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល ​មាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ នៅ​ឆ្នាំ​២០៥០​។​

លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ស្រប​ជាមួយគ្នានេះ រាជរដ្ឋាភិបាល ​ក៏​មាន​មហិច្ឆតា​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព។ សំដៅ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ ពង្រីក​វិបុលភាព និង​លើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាម​អភិក្រម ​និង​វិសាលភាព​ថ្មី ដើម្បី​ប្រែក្លាយ​វិស័យ​នេះ ពី​ដំណា​ក់​កាល ​នៃ​ការ​អភិវឌ្ឍ​តាមបែប​យថាផល ឈានទៅរក​ដំណាក់កាល​ថ្មី ​ដែល​ផ្តោតលើ​ផលិតកម្ម​ប្រពល​វប្បកម្ម ពោលគឺ​ពឹងផ្អែក​ជាសំខាន់​លើ​ការប្រើប្រាស់​បច្ចេកទេស បច្ចេកវិទ្យា​ថ្មី ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​យ​ន្តូ​ប​នីយកម្ម ព្រមទាំង​ការបង្កើន​សមត្ថភាព​ស្រោចស្រព សំដៅ​លើកកម្ពស់​ផលិត​ភាព ពិពិធ​ភាវូបនីយកម្ម​ដំណាំ​មាន​សក្ដានុពល​ និង​ទីផ្សារ។​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​២០​២០ នេះ ​ការរៀបចំ​ដី​ដាំ​ដុះ​ដំណាំ​ស្រូវ​របស់​កសិករ​បាន​កើនឡើង​រហូតដល់ ៩៩,០៩% នៃ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​សរុប។ រីឯ​ការប្រមូល​ផល​ស្រូវ​វិញ​ គឺ​បាន​កើនឡើង​រហូតដល់​ជាង ៨៥% នៃ​ផ្ទៃដី​ដែល​បាន​ដាំ​ដុះ​សរុប។ ដោយឡែក ការប្រើប្រាស់​ឧបករណ៍​ព្រោះ និង​ដាំ​ស្រូវ​ ក៏មាន​និន្នាការ​កើនឡើង​ដែរ។ ក្នុងនោះ ​ឧបករណ៍​ដាំ​បន្លែ ស្រោចស្រព ដាក់​ជី បាញ់​ថ្នាំ និង​ប្រមូល​ផល​ដំឡូង ក៏​មាន​ការ​កើន​ឡើង​ដែរ។

លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​ខាងលើ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និងកំពុង​ប្រឹង​ប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការស្រាវជ្រាវ និង​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ បាន​ដាក់​ឲ្យ​ដំណើរ​នូវ​ឧបករណ៍ គ្រឿងយន្ត​កសិកម្ម​មួយ​ចំនួន បញ្ជ្រាប​ទៅ​ក្នុង​សហគមន៍​កសិកម្ម និង​កសិករ​ដែល​មាន​កម្រិតជីវភាព​មធ្យម ជា​បណ្តើរៗ ស្របទៅតាម​លក្ខណៈ​ភូមិសាស្ត្រ ​ទំហំ​ដីធ្លី​របស់​កសិករ ធនធាន និង​ឆ្លើយតប​ទៅ​នឹង​ការ​ថមថយ ​នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នា​ពេល​បច្ចុប្បន្ន​ និង​​អនាគត៕
អត្ថបទ ៖ ណារី

សូមចុចអាន ៖ សហរដ្ឋអាមេរិកហាមឃាត់ការនាំចេញទំនិញពីតំបន់ស៊ីនជាំងដោយលើកឡើងការប្រើប្រាស់កម្លាំងពលកម្មទាំងបង្ខំ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114