BREAKING NEWS
Search

តើមេដឹកនាំពិភពលោកកំពូលៗនិយាយអ្វីខ្លះក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥?

បណ្តាមេដឹកនាំពិភពលោកបានថ្លែងទៅកាន់អង្គការសហប្រជាជាតិដែលកំពុងមានភាពរង្គោះរង្គើកាន់តែខ្លាំងឡើងនៅក្នុងមហាសន្និបាតលើកទី៧៥របស់ខ្លួន។

កិច្ចប្រជុំប្រចាំឆ្នាំកាលពីថ្ងៃអង្គារនៅទីក្រុងញូវយ៉កក្នុងឆ្នាំនេះត្រូវធ្វើឡើងតាមអនឡាញដោយសារវីរុសកូរ៉ូណាខណៈជំងឺរាតត្បាតកូវីដ១៩ស្ថិតក្នុងរបៀបវារៈក្នុងចំណោមបញ្ហាផ្សេងទៀតដែលមានការព្រួយបារម្ភជាសកល។

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនូវអ្វីដែលមេដឹកនាំពិភពលោកបាននិយាយ៖

លោក Donald Trump

នៅក្នុងសុន្ទរកថារបស់លោកក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានផ្សព្វផ្សាយនូវអ្វីដែលលោកហៅថា “វីរុសចិន” និងទាមទារឲ្យអង្គការសហប្រជាជាតិឲ្យចិនទទួលខុសត្រូវចំពោះបញ្ហានេះ។

លោកបានការពារការដោះស្រាយរបស់លោកលើជំងឺកូវីដ១៩ក្នុងសហរដ្ឋអាមេរិកខណៈអ្នកស្លាប់នៅទីនោះបានកើនលើស២០០,០០០នាក់។

លោក Trump បានថ្លែងក្នុងសុន្ទរកថាដែលថតទុកជាមុនមានរយៈពេលតិចជាង៧នាទីថា “យើងបានធ្វើសង្គ្រាមដ៏ខ្លាំងក្លាប្រឆាំងនឹងសត្រូវមើលមិនឃើញដែលបានឆក់យកជីវិតមនុស្សរាប់មិនអស់នៅក្នុងប្រទេសចំនួន១៨៨ប្រទេស។ នៅពេលយើងស្វែងរកអនាគតដ៏ភ្លឺស្វាងនេះ យើងត្រូវតែឲ្យប្រទេសដែលធ្វើឲ្យជំងឺនេះរាលដាលដល់ពិភពលោកទទួលខុសត្រូវ នោះគឺប្រទេសចិន”។

លោក Xi Jinping

ផ្ទុយទៅវិញ ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ចេញសំឡេងផ្សះផ្សារដោយអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើជំងឺរាតត្បាតនេះនិងបានសង្កត់ធ្ងន់ថា ប្រទេ​សចិនគ្មានចេតនាធ្វើសង្គ្រាមត្រជាក់ឬសង្គ្រាមក្តៅណាមួយជាមួយប្រទេសផ្សេងឡើយ។

លោក Xi និយាយថា ការប៉ុនប៉ងយកជំងឺរាតត្បាតនេះធ្វើជានយោបាយគួរតែត្រូវបានបដិសេធ។ លោកបានបន្ថែមថា “ចិនគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតនៅលើពិភពលោក ជាប្រទេសមួយដែលប្តេជ្ញាចិត្តដើម្បីសន្តិភាព បើកចំហ សហប្រតិបត្តិការនិងការអភិវឌ្ឍរួមគ្នា”។

លោក Jair Bolsonaro

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានការពារកំណត់ត្រារដ្ឋបាលរបស់លោកក្នុងការការពារព្រៃអាម៉ាហ្សូនដោយប្រាប់អង្គប្រជុំថា ប្រទេសរបស់លោកត្រូវបានគេបង្ហាញមិនត្រឹមត្រូវថាជាមនុស្សអាក្រក់ខាងបរិស្ថាន។

លោក Bolsonaro និយាយថា “យើងគឺជាជនរងគ្រោះនៃយុទ្ធនាការផ្សព្វផ្សាយពត៌មានមិនពិតដ៏ឃោរឃៅបំផុតមួយអំពីតំបន់អាម៉ាហ្សូននិងតំបន់ដីសើម Pantanal។ ព្រៃអាម៉ាហ្សូនប្រេស៊ីលត្រូវបានគេស្គាល់ថាជាព្រៃសម្បូរធនធាន។ នេះគឺជាមូលហេតុដែលស្ថាប័នអន្តរជាតិបានគាំទ្រយុទ្ធនាការបែបនេះដោយផ្អែកលើផលប្រយោជន៍នៃសមាគមដែលបម្រើខ្លួនឯងនិងមិនមែនប្រេស៊ីលជាមួយគោលបំណងធ្វើបាបរដ្ឋាភិបាលនិងប្រទេសប្រេស៊ីល។

លោក Recep Tayyip Erdogan

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានអំពាវនាវឲ្យមានការសន្ទនាដោយស្មោះត្រង់ដើម្បីដោះស្រាយជម្លោះដែលកំពុងកើនឡើងជាមួយប្រទេសក្រិកជុំវិញការរុករកថាមពលរបស់ទីក្រុងអង់ការ៉ានៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។

លោក Erdogan បាននិយាយថា “អាទិភាពរបស់យើងគឺត្រូវដោះស្រាយជម្លោះដោយការសន្ទនាដោយស្មោះត្រង់ផ្អែកលើច្បាប់អន្តរជាតិនិងផ្អែកលើមូលដ្ឋានសមធម៌។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងនឹងមិនអត់ធ្មត់ចំពោះការដាក់ទីតាំង ការយាយីឬការវាយប្រហារណាមួយក្នុងទិសដៅផ្ទុយនោះទេ”។

សម្ព័ន្ធមិត្តណាតូគឺទួរគីនិងក្រិកកំពុងជាប់ក្នុងជម្លោះនៃការខួងយកឧស្ម័នក្នុងសមុទ្រដែលធ្វើឲ្យទីក្រុងអង់ការ៉ាត្រូវប្រឆាំងនឹងរដ្ឋជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។

ព្រះចៅ Sheikh Tamim

ព្រះចៅ Sheikh Tamim bin Hamad Al Thani របស់ប្រទេសកាតាបានបញ្ជាក់ជាថ្មីម្តងទៀតនូវការអំពាវនាវរបស់ទ្រង់ឲ្យមានកិច្ចពិភាក្សាដោយគ្មានលក្ខខណ្ឌនិងការដកបម្រាមខុសច្បាប់ដែលដាក់ដោយអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីប។

ព្រះអង្គ Sheikh Tamim មានបន្ទូលថា “ជាងបីឆ្នាំបានកន្លងផុតទៅចាប់តាំងពីការចាប់ផ្តើមនៃការរាំងស្ទះដោយអយុត្តិធម៌និងខុសច្បាប់លើរដ្ឋកាតា។ ទោះបីជាយ៉ាងណាក៏ដោយ យើងបានរក្សាផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនិងការអភិវឌ្ឍលើវិស័យផ្សេងៗ”។

ព្រះអង្គក៏បានរិះគន់ដល់សហគមន៍អន្តរជាតិចំពោះភាពបរាជ័យក្នុងការប្រឈមមុខជាមួយអ៊ីស្រាអែលលើការកាន់កាប់ទឹកដីប៉ាឡេស្ទីនខុសច្បាប់របស់ខ្លួនផងដែរ។

លោក Hassan Rouhani

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានសន្យាថា មេដឹកនាំអាមេរិកបន្ទាប់ត្រូវតែទទួលយកការទាមទាររបស់ទីក្រុងតេអេរ៉ង់។

លោក Rouhani បានថ្លែងថា “យើងមិនមែនជាបន្ទះឈីបចរចានៅក្នុងការបោះឆ្នោតអាមេរិកនិងគោលនយោបាយក្នុងស្រុកទេ។ រដ្ឋបាលអាមេរិកណាក៏ដោយបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខនឹងគ្មានជម្រើសអ្វីក្រៅពីការចុះចាញ់នឹងភាពអត់ធ្មត់របស់អ៊ីរ៉ង់នោះទេ”។

លោក Vladimir Putin

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឲ្យមានសន្ធិសញ្ញាអន្តរជាតិមួយដើម្បីហាមឃាត់អាវុធនៅលំហអាកាសហើយបានស្នើផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់រុស្ស៊ីដល់បុគ្គលិកអង្គការសហប្រជាជាតិដោយឥតគិតថ្លៃ។

លោក Putin និយាយថា “ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវជំនួយដែលមានលក្ខណៈសម្បត្តិចាំបាច់ទាំងអស់ដល់អង្គការសហប្រជាជាតិ។ ជាពិសេស យើងកំពុងស្នើផ្តល់វ៉ាក់សាំងរបស់យើងដោយឥតគិតថ្លៃសម្រាប់ការចាក់ដោយស្ម័គ្រចិត្តលើបុគ្គលិកអង្គការសហប្រជាជាតិនិងការិយាល័យរបស់ខ្លួន”។

លោកក៏បាននិយាយផងដែរថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជំងឺរាតត្បាតនេះបានធ្វើឲ្យមានតម្រូវការជាថ្មីសម្រាប់ការដកទណ្ឌកម្មពាណិជ្ជកម្មចេញ។

លោក Emmanuel Macron

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា អឺរ៉ុបនឹងមិនធ្វើសម្បទានជាមួយសហរដ្ឋអាមេរិកជុំវិញចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្មីទេដោយព្រមានថា អ្វីដែលគេហៅថាការលួចចាក់ពីក្រោយអាចធ្វើឲ្យអន្តរាយដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងបង្កើនភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា។

លោក Macron បាននិយាយថា “យើងនឹងមិនធ្វើសម្បទានលើការអនុវត្តយន្តការមួយដែលសហរដ្ឋអាមេរិកមិនស្ថិតនៅក្នុងជំហរនោះទេ។ នេះនឹងធ្វើឲ្យអន្តរាយដល់សាមគ្គីភាពរបស់ក្រុមប្រឹក្សាសន្តិសុខនិងភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្លួនហើយវានឹងប្រឈមហានិភ័យនៃភាពតានតឹងកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់នេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖​​ Al Jazeera

ចុចអាន៖ រុស្ស៊ីស្នើផ្តល់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃដល់បុគ្គលិកអង្គការសហប្រជាជាតិ

ចុចអាន៖ សហរដ្ឋអាមេរិកនិងចិនវាយប្រហារគ្នាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ