BREAKING NEWS
Search

បើក​ដំណើរការ​សិក្ខាសាលា​គម្រោង ​CURE នៅ​ក្រុង​សៀមរាប​

​លោក​ ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម ផាក ស៊ុ​ង​ជីន អគ្គ​កុងស៊ុល នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ប្រចាំ​នៅ​ខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​អង្គសិក្ខាសាលា​បើក​ដំណើរការ គម្រោង​CURE(​ការធ្វើឲ្យ​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឈានដល់​ការលុបបំបាត់​) ជំងឺ​របេង​នៅ​ក្នុង​ខេត្ត​សៀមរាប​) កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​សណ្ឋាគារ ឡឺ ម៉េ​រី​ឌា​ន អង្គរ។

​តាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប និង លោក​វេជ្ជបណ្ឌិត ទៀង ស៊ីវ​ណ្ណា អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន និង ឯកឧត្តម ផាក ស៊ុ​ង​ជីន អគ្គ​កុង ស៊ុ​ល នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ប្រចាំ​នៅ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការបើក​ឲ្យ​ដំណើរការ​គម្រោង របេង​CURE ក្នុងប្រទេស​កម្ពុជា ដែល​នឹង​អនុវត្ត​គម្រោង​នៅក្នុង​ការិយាល័យ​ស្រុក​ប្រតិបត្តិ​អង្គរជុំ ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង ហង់​សិន និង អស់លោក លោកស្រី​ជាម​ន្ត្រី បុគ្គលិក​សុខាភិបាល នៃ​មណ្ឌល​សុខភាព ក្នុងស្រុក​ប្រតិបត្តិ​អង្គរជុំ ដែល​បាន​ចូលរួម។ ក្នុង​គម្រោង​នេះ​នឹង​ចុះ អនុវត្ត​សកម្មភាព​គម្រោង​ដោយ​ផ្ទាល់​នៅ​តាម​មណ្ឌល​សុខភាព​ចំនួន​១០ នៃ​ស្រុក​ប្រតិបត្តិ​អង្គរជុំ ដែល​មាន​ភូមិ​ចំនួន​៩៨​ភូមិ ក្រោម​ជំនួយ​គាំទ្រ​ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​គម្រោង និង សមាគម​ថត​សួត​របស់​ប្រទេស​កូរ៉េ (CCK) ។​

​មានប្រសាសន៍​បើក​អង្គសិក្ខាសាលា​នោះ​ដែរ​ ឯកឧត្តម​. ពិន ប្រាកដ បាន​ធ្វើ​ការ​អបអរសាទរ នូវ​កិច្ច​ដំណើរ​ការ គម្រោង​CURE(​ការ​ធ្វើ​ឲ្យ​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់​) ជំងឺ​របេង​នៅ​ក្នុង​ខេត្ត​សៀមរាប​)​។ ឯកឧត្តម​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជានិច្ចកាល​តែងតែ​ផ្តល់​អាទិភាព​ដល់​វិស័យ​សុខាភិបាល ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​កម្ពុជា​មាន​ការ​រីកចម្រើន និង​មា​ន​វឌ្ឍនភាព​គួរ​ជាទី​មោទនៈ ដូចជា​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​លើ​វិស័យ​សុខាភិបាល​មុន​កាលកំណត់ មាន​ជាអាទិ៍ ការកាត់បន្ថយ​អត្រា​មរណភាព​មាតា ទារក កុមារ និង​ជំងឺ​ឆ្លង​នានា​ដូចជា ជំងឺគ្រុនចាញ់ អេដស៍ របេង និង​ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត ដែល​អាច​ការពារ​បាន​តាមរយៈ​ការ​ចាក់​ថ្នាំ​បង្ការ និង​ទប់ស្កាត់​ការ​ចម្លង​ជា​លក្ខណៈ​អន្តរជាតិ។

តាងនាម​អាជ្ញាធរ​ខេត្ត​សៀមរាប ដោយ​បាន​ឃើញ​នូវ​ការចូលរួម​ជ្រោ​ម​ជ្រែ​ញ និង បន្ត​មានការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​នានា និង​ជាពិសេស​សាធារណ​រដ្ឋ​កូរ៉េខាងត្បូង ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ទាំង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ។ ឯក​ឧត្តម​ក៏បាន​ឯកភាព​តាម​លទ្ធផល​របាយការណ៍​នៃ​កម្ម​វិធី​សុខមាលភាព​ផ្សេងៗ បាន​បង្ហាញ​ថា មាន​អ្នក​ជំងឺ​ជាច្រើន​ទទួល​បាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ ក្រោម​ការអនុវត្ត​កម្មវិធី​បង្ការ ការស្វែងរក និង​ការ​ព្យាបាល​នានា ដែល​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់។ លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា អង្គការ​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល អ្នក​ជំនាញ​និង អ្នកស្ម័គ្រចិត្ត​ ដែល​ជា​ដៃគូ​ដ៏​សំខាន់​បំផុត ​ដោយ​មិន​អាច​អវត្តមាន​ភាគី​ណាមួយ​បាន​ឡើយ។ ឯក​ឧត្តម​បាន​ធ្វើ លើក​ថា នេះ​ជា​ពេល​ដែល​ យើង​ត្រូវ​ចាប់​ផ្តើម​រួមគ្នា​ឲ្យ​កាន់តែ​ស្អិតល្មួត និង​ខ្លាំងក្លា​បំផុត​ក្នុង​ការ​អនុវត្ត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​ ដើម្បី​សម្រេច​នូវ​គោលដៅ​រួម​មួយ គឺ លុបបំបាត់​ជំងឺរបេង​ចេញពី​ពិភពលោក​យើង​នេះ​ឲ្យ​ខាង​តែ​បាន៕
អត្ថបទ៖ គឿន​វេត
សូមចុចអាន៖ ​ចក្រភព​អង់គ្លេស បរិច្ចាគ​ថវិកា​​១​លាន​ផោន ដល់​មូលនិធិ​អាស៊ាន​ សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩