BREAKING NEWS
Search

សហរដ្ឋអាមេរិកហាមឃាត់ការនាំចេញទំនិញពីតំបន់ស៊ីនជាំងដោយលើកឡើងថាការប្រើប្រាស់កម្លាំងពលកម្មទាំងបង្ខំ

សហរដ្ឋអាមេរិកបានបញ្ជាឲ្យមន្រ្តីព្រំដែនរារាំងការដឹកជញ្ជូនសម្លៀកបំពាក់ គ្រឿងបន្លាស់កុំព្យូទ័រនិងផលិតផលផ្សេងទៀតដែលផលិតនៅទីតាំងខ្លះក្នុងតំបន់ស៊ីនជាំងរបស់ប្រទេសចិន។

បញ្ជានេះគឺជាបញ្ជាចុងក្រោយបង្អស់របស់រដ្ឋបាលលោក Trump ដើម្បីដាក់សម្ពាធលើប្រទេសចិនពាក់ព័ន្ធការប្រព្រឹត្តរបស់ខ្លួនទៅលើប្រជាជនឥស្លាមអ៊ុយហ្គ័រក្នុងតំបន់ស៊ីនជាំង។

សហរដ្ឋអាមេរិកបាននិយាយថា ទីតាំងទាំងនោះបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឬកម្លាំងពលកម្មក្នុងពន្ធនាគារ។

លោក Mark A. Morgan ស្នងការស្តីទីនៃភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបាននិយាយថា “បទបញ្ជាកាលពីថ្ងៃចន្ទគឺជាការផ្ញើសារយ៉ាងច្បាស់មួយទៅកាន់សហគមន៍អន្តរជាតិថា យើងនឹងមិនអត់ឱនចំពោះការធ្វើខុសច្បាប់ អមនុស្សធម៌និងការកេងប្រវ័ញ្ចលើកម្លាំងពលកម្មដោយបង្ខំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនោះទេ”។

លោកបន្តថា “រដ្ឋបាលលោក Trump នឹងមិនគាំទ្រក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសដាក់កម្មករដែលងាយរងគ្រោះក្នុងការធ្វើពលកម្មដោយបង្ខំហើយធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មអាមេរិកដែលគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋនោះទេ”។

បទបញ្ជាដែលសហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃចន្ទគឺមិនមែនជាការហាមឃាត់ទូទាំងតំបន់ដែលខ្លួនបានពិចារណានោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីបាននិយាយថា ពួកគេនៅតែកំពុងស្វែងរកលទ្ធភាពនោះ។

គួរបញ្ជាក់ថា ប្រទេសចិនផលិតបានប្រហែល២០ភាគរយនៃកប្បាសរបស់ពិភពលោកដោយភាគច្រើនចេញពីតំបន់ស៊ីនជាំង។ តំបន់នេះក៏ជាប្រភពដ៏សំខាន់នៃគីមីឥន្ធនៈនិងទំនិញផ្សេងទៀតដែលបំពេញតម្រូវការរោងចក្រចិនផងដែរ។

ក្នុងខែនេះ ក្រុមហ៊ុនខ្សែភាពយន្តយក្ស Disney របស់អាមេរិកបានទទួលរងនូវការរិះគន់ដោយសារតែផ្នែកខ្លះនៃខ្សែភាពយន្ត Mulan របស់ខ្លួនមានថតផ្នែកខ្លះនៅក្នុងតំបន់ស៊ីនជាំង៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ BBC

ចុចអាន៖ ពិព័រណ៍ HeliRussia 2020 ចាប់ផ្ដើមនៅថ្ងៃអង្គារនេះជាមួយនឹងការដាក់តាំងបង្ហាញឧទ្ធម្ភាគចក្រថ្មីៗ

ចុចអាន៖ តម្លៃប្រេងឥន្ឋនៈ បានធ្លាក់ចុះ១៥០រៀល ក្នុង១លីត្រ