ផ្លូវជាតិ​លេខ​៥៥ ប្រវែង​សរុប​១៨០​គីឡូម៉ែត្រ​ គ្រោង​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ
BREAKING NEWS
Search

ផ្លូវជាតិ​លេខ​៥៥ ប្រវែង​សរុប​១៨០​គីឡូម៉ែត្រ​ គ្រោង​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ កំពុង​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​គម្រោង​ផ្លូវជាតិ​លេខ​៥៥ ប្រវែង​សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវ​ប្រសព្វ​ផ្លូវជាតិ​លេខ​៥ (១៩១+១៥០) រហូតដល់​ភ្នំក្រវាញ​-​ស្រុក​វាលវែង​-​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​) និង​ពិធី​បើកការដ្ឋាន​សាង​សង់​ផ្លូវជាតិ​លេខ​១០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កាលពី​ថ្ងៃ​ចន្ទ ៩​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួង លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព ​នៃ​ការត្រៀម​រៀបចំ​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ និង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០​ថ្មី ដោយមាន​ការចូលរួម​ពី​សមាជិក​សមាជិកា​គណៈកម្មការ​ត្រៀម​រៀបចំ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ផង​ដែរ​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព ​នៃ​ការ​ត្រៀម​រៀបចំ​របស់​គណៈកម្មការ​ទទួលបន្ទុក​នីមួយៗ​ដែល​បាន​ត្រូវ​ចាត់តាំង​ឲ្យ​បំពេញ​ភារកិច្ច​រៀងៗ​ខ្លួន សំដៅឲ្យ​ការរៀបចំ​ពិធី​សម្ពោធ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​លទ្ធផល​ខ្ពស់​តាម​ការ​គ្រោងទុក​។

លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើ​ឲ្យ​គណៈកម្មការ​ទទួល​បន្ទុក​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​ពន្លឿន​ការងារ​របស់​ខ្លួន​ដែល​នៅ​សេសសល់​ឲ្យ​បាន​ចប់សព្វគ្រប់​តាម​កាលកំណត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត​។

សូម​ជម្រាប​ជូន​ថា ផ្លូវជាតិ​លេខ​៥៥ មាន​ប្រវែង​សរុប​ចំនួន​១៨០​គីឡូម៉ែត្រ និង ​ទទឹង​៩​ម៉ែត្រ សាង​សង់​ឡើង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា គិត​ចាប់ពី​ផ្លូវ​ប្រសព្វ​ផ្លូវជាតិ​លេខ​៥ (១៩១+១៥០) រហូត​ដល់​ភ្នំក្រវាញ​-​ស្រុក វាលវែង​-​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​) គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕


អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114