គិតខុសធ្ងន់ណាស់ដែលមិនហ៊ាន​ហាត់ប្រាណពេលមាន​ផ្ទៃពោះ​
BREAKING NEWS
Search

គិតខុសធ្ងន់ណាស់ដែលមិនហ៊ាន​ហាត់ប្រាណពេលមាន​ផ្ទៃពោះ​

ជា​ទូទៅ​ស្ត្រី​មាន​ផ្ទៃពោះ​ភាគ​ច្រើន​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ ​ព្រោះ​ពួកគេ​គិត​ថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក។ លំហាត់​ប្រាណ​នៅ​ពេល​មាន​ផ្ទៃពោះ​ពិត​ជា​ល្អ​ សម្រាប់​អ្នក​ជា​ម្ដាយ​និង​កូន​ ប៉ុន្តែ​ក៏​គួរ​តែ​យកចិត្តទុកដាក់​ចំពោះ​លំហាត់​ប្រភេទ​ណា​ដែល​គួរ​ធ្វើ។

មុន​ពេល​ចាប់ផ្ដើម​ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​ស្វែងរក​ព័ត៌មាន​ចាំបាច់​រួម​ទាំង​អនុសាសន៍​ល្អៗ។

ខាងក្រោម​នេះ​ជា​ហេតុផល​ល្អ ៗ មួយ​ចំនួន​ ដែល​ស្ត្រី​គួរ​ធ្វើ​លំហាត់​ប្រាណ​ពេល​មាន​ផ្ទៃពោះ៖

១. ពង្រឹង​ស្មារតី​

នៅ​ពេល​ហាត់ប្រាណ​ អ្នក​ជា​ម្ដាយ​នឹង​បាន​ពង្រឹង​ស្មារតី​ព្រមទាំង​រាងកាយ ​ហើយ​រៀបចំ​ខ្លួនត្រៀម​ដើម្បី​បង្កើត​កូន។ ការសិក្សា​បាន​បង្ហាញ​ថា ​ធ្វើ​លំហាត់​ប្រាណ​អំឡុង​ពេល​មានផ្ទៃពោះ​ អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​សម្រាលកូន។ ស្ត្រី​អាច​សម្រាល​កូន​លឿន​និង​ឆាប់​ជា​សះស្បើយ​ ដោយសារ​តែ​មាន​សុខភាព​ល្អ​អំឡុង​ពេល​មាន​ផ្ទៃពោះ។

២. ជំរុញ​សកម្មភាព​កូន​ឱ្យ​សកម្ម

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Montreal កាល​ពី​ឆ្នាំ ២០១៣ បាន​បង្ហាញ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​ក្នុង​រយៈពេល ២០ នាទី ឬ៣ ដង​ក្នុង​មួយ​សប្ដាហ៍​ ជួយ​បង្កើន​ថាមពល​ខួរក្បាល​កូន ព្រមទាំងជំរុញ​សកម្មភាព​កូន​ឱ្យ​សកម្មនៅ​ក្នុង​ផ្ទៃ។

៣. គេង​លក់​ស្កប់ស្កល់​ជាង​មុន

ប្រសិន​បើ​ស្ត្រី​មាន​បញ្ហា​ក្នុង​ការ​គេង អំឡុង​ពេល​មាន​ផ្ទៃពោះ​ ជា​ពិសេស​ក្នុង​រយៈពេល ៣ ខែ​ចុងក្រោយ សូម​កុំ​បារម្ភ​អី។ ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​មាន​បញ្ហា​ដំណេក​នៅ​ពេល​ខ្លះ ​ប៉ុន្តែ​បើ​សិន​ពួកគេ​ចាប់ផ្ដើម​ហាត់ប្រាណ ​គឺ​អាច​ជួយ​បាន​ច្រើន ។

៤. ព្យាបាល​ឈឺ​ឆ្អឹង​ខ្នង​

ឈឺ​ឆ្អឹង​ខ្នង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ជា​ទូទៅ​គឺ​ជា​បញ្ហា​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរ​តែ​ទាំងអស់។ មាន​រឿង​ជា​ច្រើន​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ព្យាបាល​ការ​ឈឺចាប់​នេះ​ ហើយ​ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​រឿង​មួយ​គួរ​ធ្វើ។ លំហាត់​ប្រាណ​អំឡុង​ពេល​មាន​ផ្ទៃពោះ​​ កាត់​បន្ថយ​ការ​ឈឺ​ខ្នង​ ឬ​បំបាត់​បាន​តែម្ដង។

៥. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម

លំហាត់​ប្រាណ​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​គភ៌​បាន​ដែរ។ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​កើត​ឡើង​នៅ​ពេល​ដែល​ស្ត្រី​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម។ ដើម្បី​ចៀសវាង​បញ្ហា​នេះ​ត្រូវ​ប្រាកដ​ថា​ ស្ត្រី​បាន​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​ និង​ហាត់ប្រាណ​ទៀងទាត់។

៦. ជួយ​ឲ្យ​រាងកាយ​ត្រឡប់​មក​ដូចដើម​វិញ​បាន​លឿន

ពេលខ្លះ​ជា​រឿង​មួយ​ពិបាក​ខ្លាំង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ​ពេល​សម្រាល​កូន​រួច​ហើយ​សង្ឃឹម​ថា​រាង​កាយ​នឹង​ត្រលប់​មក​ជា​ធម្មតា។ ប៉ុន្តែ​បើ​អ្នក​ម្ដាយ​គ្រប់រូប​ព្យាយាមហាត់ប្រាណ​ទៀងទាត់​ នោះ​នឹង​ទទួល​បាន​សុខភាព​ល្អ​ ហើយ​រាង​ដែល​ប្រាថ្នា​ក៏​ត្រលប់​មក​វិញ​បាន​រហ័ស។

៧. កាត់​បន្ថយ​អារម្មណ៍​ប្រែប្រួល

ដោយសារ​អ័រម៉ូន​របស់​ស្ត្រី​ផ្លាស់ប្ដូរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ​សូម​កុំ​ឆ្ងល់​ថា​តើ​ហេតុអ្វី​ស្ត្រីមាន​ផ្ទៃពោះ​តែង​ផ្លាស់ប្ដូរ​អារម្មណ៍​លឿន​ជាង​ផ្លេកបន្ទោរ។ ដើម្បី​កាត់បន្ថយ​អារម្មណ៍​ទាំងនោះ​សូម​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀងទាត់។ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​ធ្វើ​ឱ្យ​​តុល្យភាព​អ័រម៉ូន​ថេរ​ ​ក៏​ដូចជា​បង្កើន​ទំនុក​ចិត្ត​ផង​ដែរ។

ដូចដែល​បាន​បង្ហាញ​ប្រាប់ ​​ការ​ធ្វើ​លំហាត់​ប្រាណ​មិន​អាក្រក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទេ។ គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ​ស្ដាប់​រាងកាយ​ខ្លួនឯង។ ប៉ុន្តែ​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​ ហើយ​កុំ​ភ្លេច​ផឹក​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន៕

ចុចអាន៖ ប្រយ័ត្នក្មេងៗឈានទៅវ័យជំទង់ដែលចេះផឹក ចេះជក់ព្រោះមូលហេតុទាំងនេះ

ចុចអាន៖​រោយ​ស្មា​ឈឺ​ក​ជា​ប្រចាំ​អាចសាកល្បង​ដំណោះស្រាយ​ទាំងនេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ