BREAKING NEWS
Search

ចោរ​ស្រី​ល្បី​ខាង​ដាក់​ថ្នាំ​សណ្ដំ​ឲ្យ​ម្ចាស់​កង់​បី​ ត្រូវ​អស់​លក្ខណ៍​ហើយ​

​ភ្នំពេញ ​៖ ចោរ​ស្រី​ល្បី​ខាង ប្រើ​ល្បិច​ធ្វើជា​ភ្ញៀវ ហៅ​ម៉ូតូ​កង់​បី​(​Passapp​) ជិះរួច​ដាក់​ថ្នាំ​ងងុយដេក​ នៅ​ក្នុង​ទឹកក្រូច​ ធ្វើ​សកម្មភាព​លូក​យក​កាបូប​លុយ​និង​កាបូបស្ពាយ ទូរស័ព្ទ បាន​សម្រេច​ជាច្រើនលើកឥឡូវនេះ​អស់​លក្ខណ៍​ហើយ ក្រោយ​ពី​អ្នក​រត់​កង់​បីដូច​គ្នា​ចំណាំ​មុខ ក៏​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៣០នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៤៣៦ ក្រុម​ទី​២១ ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។​

ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ អ៊ុច ចាន់ថា អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ថន កោសល្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​លេខ​១២ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ សូម​បញ្ជាក់​ថា ករណី​បែប​នេះ​ធ្លាប់​កើតមាន​ចំនួន​ពីរ​លើក​មក​ហើយ​ កាលពី​សប្តាហ៍​មុន​ដោយ​គេ​បាន​ឃើញ​បុរស​ពីរ​នាក់​ ដេក​សន្លប់​នៅ​លើ​កង់​បី​របស់​ខ្លួន​ នៅ​មិន​ដឹង​ថា​អ្នកណា​ជា​អ្នក​ដាក់​ថ្នាំ​សណ្ដំ​ឡើយ​ ទើបតែ​ពេលនេះ ត្រូវ​បាន​គេ​ឃើញ​បុរស​ម្នាក់ទៀត​ដេក​សន្លប់​ជា​លើក​ទី៣ តែ​ពេលនេះ​គេ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ប្រហែលជា​អាច​ករណី​មុន​ក៏​មាន​សកម្មភាព​ដូចគ្នា​នេះ​ដែរ​។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ផន អូន អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​ពី​ផ្សា​របឹង​កេងកង​មក​ផ្សារ​បឹងត្របែក ខណៈ​មកដល់​ផ្សារ​បឹងត្របែក​ក៏បាន​ឲ្យ​ឈប់​រួច​ក៏​ចុះ​ពីលើ​ម៉ូតូ​កង់​បី​រួច​ក៏​ហៅ​ម៉ូតូ​កង​បី​មួយទៀត​ជិះ​ទៅ​ម្ដុំ​មជ្ឈមណ្ឌល​រ៉ុក​ដោយ​ប្រាប់​ថា ​ទៅ​ទិញ​ទឹកក្រូច​ផឹក​។ ប្រភព​បន្ត​ថា​ក្រោយមក​ក៏​បុរស​ ដែល​ជា​ម្ចាស់​កង់​បី​ឥណ្ឌា (Passapp) ជូន​មក​ផ្សារ​បឹងត្របែក​វិញ ខណៈ​ជិះ​បាន​ពាក់​កណ្ដាល​ផ្លូវ ស្ត្រី​ដែល​ជា​ជនសង្ស័យ​ក៏បាន​ឲ្យ​ទឹកក្រូច​ដែល​ខ្លួន ​បាន​ដាក់​ថ្នាំ​ងងុយដេក​រួច​ទៅ​ឲ្យ​បុរស​ ដែល​ជា​ម្ចាស់​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ថា ​ផឹកទឹក​ក្រូច​ទៅ​ខ្ញុំ​ឲ្យ ខណៈ​នោះ​បុរស​រង​គ្រោះ​ក៏បាន​ផឹកទឹក​ក្រូច​ ដែល​ជនសង្ស័យ​ខាងលើ​នោះ​ឲ្យ​មក​ផឹក​បាន​ឬមួយ​សន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​បុរស ​ដែល​ជា​ម្ចាស់​កង់​បី​បាន​ងងុយគេង​ក៏បាន​ឈប់​ម៉ូតូ​នៅ​ម្ដុំ​ផ្សារ​បឹងត្របែក​តែម្ដង​។​

ប្រភព​បន្ត​ថា ពេលនោះ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​បាន​លូក​យក​កាបូប​លុយ​និង​កាបូបស្ពាយ​របស់​បុរស ​ដែល​ជា​ម្ចាស់​រត់​កង់​បី​បានសម្រេច​ហើយ​បម្រុង​រត់​គេច​ខ្លួន​ តែ​ត្រូវ​អ្នក​រត់​កង់​បី​ឥណ្ឌា​ដូចគ្នា​បាន​ស្គាល់​បុរស​ខាងលើ​ដោយមាន​ការសង្ស័យ​ក៏បាន​ហៅ​ស្ត្រី​ ដែល​ជា​ស្ត្រី​សង្ស័យ​នោះ​ឲ្យ​ឈប់​រួច​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ​ទើប​ដឹង​ថា​ ស្ត្រី​ខាងលើ​ដែល​ជា​ជនសង្ស័យ​បាន​ដាក់​ថ្នាំ​ងងុយគេង​ឲ្យ​ទៅ​បុរស​ ដែល​ជា​ម្ចាស់​កង់​បី​នោះ​ពិតប្រាកដ​មែន​។​

ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។ ចំពោះ​ករណី​ឃាត់​ស្ត្រី​ដាក់​ថ្នាំ​សណ្ដំ​លើ​អ្នក​រត់​ម៉ូតូ​កង់​បី​នេះ​មិនទាន់​ដឹង​ថា ​នាង​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​២ នាក់​ដែល​ធ្លាប់​សន្លប់​ដេក​លើ​ម៉ូតូ​រួច​មក​ហើយ​នោះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​សមត្ថកិច្ច​មិន​ទាន់​បាន​សួរនាំ​៕
អត្ថបទ៖ ​ឌួង​វិ​រះ​ជ័យ
សូមចុចអាន៖ នាំគ្នា២​នាក់​បងប្អូន​​លួច​ទ្រព្យ​គេ ម្ចាស់​មក​ទាន់​ ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​