លោក​ចម ប្រសិទ្ធ សាទរ​ចំពោះ​លទ្ធផល​ការងារ និង​គុណ​តម្លៃ​ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​
BREAKING NEWS
Search

លោក​ចម ប្រសិទ្ធ សាទរ​ចំពោះ​លទ្ធផល​ការងារ និង​គុណ​តម្លៃ​ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​

ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ និង​គុណ​តម្លៃ​ នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល ដែល​កំពុងតែ​មានការ​វិវឌ្ឍ​រីកចម្រើន​ជា​សកល​តែម្ដង។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ​ប្រសិទ្ធ ថ្លែង​បែបនេះ​ ខណៈ​ជួប​សំណេះសំណាល​ជាមួយ​តំណាង​សហគ្រាស​សង្គម Womentum នៅ​កម្ពុជា​ ក្នុង​កាលៈទេសៈ​ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទើបត្រូវ​រាជរដ្ឋាភិបាល​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ស្រប​ពេលដែល​សហគ្រាស​សង្គម​មួយ ឈ្មោះ Womentum ទើបត្រូវ​បង្កើតឡើង​នៅ​កម្ពុជា ដែល​ធ្វើ​ការងារ​ផ្តោត​ការយកចិត្ត​ទក​ដាក់​ទៅលើ​ការ​ជំរុញ​ភាពជា​សហគ្រិន​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ កាលពី​ល្ងាច​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង។​

ក្នុង​នោះ ​ថ្មីៗ​នេះ Womentum ទើប​ត្រូវ​បាន​បង្កើត​នូវ​កម្មវិធី​មួយ​ឈ្មោះថា Women Tech Media ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​មានការ​យល់ដឹង​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើកស្ទួយ​អាជីវកម្ម​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ឆ្ពោះ​ទៅ​សេដ្ឋកិច្ច​ទីផ្សារ​ឌីជីថល​ផង​នោះ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ជាមួយ ​លោកស្រី ទូច សុជាតិ​តា តំណាង​ប្រចាំ​កម្ពុជា ​នៃ​សហគ្រាស​សង្គម Womentum និង​សហការី បាន​ផ្ដោត​សំខាន់​ក្នុង​គោល​បំណង​ដើម្បី​ពិនិត្យ​មើល​ភាព​ទំនាក់ទំនង​គ្នា និង​កិច្ចការ​មួយ​ចំនួន​ដែល​ត្រូវ​សហការ ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ពង្រឹង​សហគ្រិន​ភាពជា​ស្ត្រី។ ដែល​ក្នុង​ឱកាស​នោះ លោកស្រី សុជាតិ​តា បាន​ជម្រាប​ជូន​ពី​ខេត្ត​គោលដៅ​ចំនួន​ពីរ គឺ​ខេត្ត បាត់ដំបង និង​ខេត្ត​សៀមរាប ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​គម្រោង​បណ្ដុះបណ្ដាល​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា។

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី ទូច សុជាតិ​តា បាន​ជម្រាប​ជូន​ពី​ប្រវត្តិ​ នៃ​ការ​បង្កើត​សហគ្រាស​សង្គម Womentum នៅ​កម្ពុជា ដោយ​ទទួល​បទពិសោធន៍​ពី​ស្ថាបនិក​ម្នា​ក់ នៅ​ប្រទេស​សិង្ហបុរី ដែល​សហគ្រាស​របស់​គេ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១៤ ដោយ​យក​ទស្សនវិស័យ នៃ​ការដឹកនាំ​ផ្តោត​ជា​សំខាន់​ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា ជាពិសេស ជួយ​ជំរុញ​ភាពជា​សហគ្រិន​របស់​ស្ត្រី។

លោកស្រី​បាន​បន្តថា ការ​ធ្វើ​អាជីវកម្ម​តាម​បែប​បច្ចេកវិទ្យា​មាន​សារៈសំខាន់​បំផុត ក្នុង​បរិបទ​សកលភាវូបនីយកម្ម​យើង​នេះ។ ពីព្រោះ​យើង​អាច​ធ្វើ​អាជីវកម្ម ឬ​មុខ​ជំនួញ​បាន​ច្រើនយ៉ាង ចំណេញ​ពេលវេលា មាន​ទំនាក់ទំនង​ទីផ្សារ​រហ័ស មានការ​ទូទាត់​ត្រឹមត្រូវ ជាមួយនឹង​ការធានា​នូវ​គុណភាព​ទំនិញ។ យើង​ក៏​នឹង​អាចឈាន​ពី​អាជីវកម្ម​គ្រួសារ ទៅជា​អាជីវកម្ម​បែប​ស្តង់ដារ ព្រមទាំង​អាច​ឈាន​ដល់​កម្រិត​សង្វាក់​ផលិតកម្ម​សកល ដោយសារ​ការអនុវត្ត​សេដ្ឋកិច្ច​តាម​បែប​ឌីជីថល ឬ​ពាណិជ្ជកម្ម អេឡិចត្រូនិក (E-Commerce)​នេះ។ ក៏ប៉ុន្តែ​ការងារ​នេះ មិនមែន​សាមញ្ញ​ពេក​ទេ ត្រូវការ​បណ្ដុះបណ្ដាល​ឲ្យ​មាន​ជំនាញ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​សុវត្ថិភាព អាច​ជឿ​ទុក​ចិត្ត​បាន ។​

លោកស្រី បាន​សង្កត់ធ្ងន់ថា មិនមែន​ដោយ​គ្រាន់តែ​ចេះ​លក់​ផលិតផល Live តាម Online ក្នុង​បណ្ដាញ Facebook និង​ការ​ដឹកជញ្ជូន​ដល់​គេហដ្ឋាន ថា​ជា​អាជីវកម្ម​ឌីជីថល​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​គឺ​នៅមាន​បច្ចេកវិទ្យា ឬ​ប្រព័ន្ធ​ទំនាក់ទំនង​ជាច្រើន​ទៀត ដែល​យើង​អាច​ទាញយក​មក​ប្រើប្រាស់ តាម​រយៈ App ផ្សេងៗ ដោយ​ខ្លួនឯង​ ​មិនបាច់​ចំណាយ​ដើមទុន និង​មាន​ភាពងាយស្រួល​ផងដែរ។​

ជាមួយគ្នានេះ លោកស្រី ក៏បាន​លើកឡើង​ពី​សមិទ្ធផល​ការងារ​អនុវត្ត​កន្លងមក​ ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ក្នុង​ប្រទេស ដោយ​ក្នុង​នោះ នៅ​កម្ពុជា ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​អង្គការ​អន្តរជាតិ​នានា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ជាដើម សហគ្រាស​សង្គម​របស់​លោកស្រី​បាន​ចងក្រង​នូវ​សៀវភៅ​មាន​ចំណងជើង​ចំនួន​០២​ក្បាល ០១​ក្បាល​ឈ្មោះ អ្នកដឹកនាំ​ស្ត្រី​របស់​កម្ពុជា និង​០១​ក្បាល​ទៀត​ឈ្មោះ ស្ត្រី​ឆ្នើម។ ដែល​ក្នុងនោះ​មាន​ស្ត្រី​ឆ្នើម និង​ភាពជា​អ្នកដឹកនាំ​ជា​ស្ត្រី​ជា​ជនជាតិ​កម្ពុជា​ចំនួន​២១​នាក់ និង​បរទេស​ចំនួន​០៣​នាក់ ត្រូវ​បាន​រំលេច​ក្នុង​សៀវភៅ​នោះ តាមរយៈ​ប្រវត្តិ និង​ស្នាដៃ​លេចធ្លោ​របស់​ពួកគាត់​ម្នាក់ៗ ដែល​យើង​ជ្រើស​ចេញពី​ក្នុង​ខាង​វិស័យ​ឯកជន ផ្នែក​សាធារណៈ និង​ពី​អង្គការក្រៅរដ្ឋាភិបាល ដោយ​យើង​អាច​កំណត់​បាន​ថា ជា​ស្ត្រី​ឆ្នើម ដែល​ប្រឡូក​ក្នុង​វិស័យ​បច្ចេក​វិទ្យា។

នៅពេល​ខាងមុខ​នេះ ​នឹង​ជ្រើសរើស​ចងក្រង​ឲ្យ​មាន​ស្ត្រី​ឆ្នើម​កាន់តែ​ច្រើនឡើង​ទាំង​នៅ​កម្ពុជា ក្នុង​អាស៊ាន និង​តំបន់​អាស៊ី​ផងដែរ​ តាម​លទ្ធភាព​ជាក់ស្ដែង។ ដោយឡែក ជាមួយ​ក្រសួងកសិកម្ម សហ​គ្រាស​សង្គម Womentum របស់លោក​ស្រី​កំពុង​សហការ​ជាមួយ​ក្រសួង ទាក់ទង​នឹង​គម្រោង​បង្កើត Agri-SMEs Linkage ដោយ​ផ្តោតទៅលើ​ផែនទី​ស្វែងរក​ទីតាំង​ផលិត​របស់​កសិករ តើ​ពួកគាត់​ផលិត​អ្វីខ្លះ? នៅ​ទីតាំង​ណាខ្លះ? មាន​សង្វាក់​ផលិតកម្ម​បែប​ណា? ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយ​ពួកគាត់​ក្នុង​ទំនាក់ទំនង​លក់​ផលិតផល​ក្នុង​ទីផ្សារ​បែប​ឌីជីថល។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ និង​គុណ​តម្លៃ​ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល ដែល​កំពុង​មាន​ការវិវឌ្ឍន៍​រីក​ចម្រើន​ជា​សាកល។

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ថា កិច្ចការ​នេះ​ ទើប​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ត្រូវ​រាជ​រដ្ឋា​ភិ​បាល​ បាន​ប្ដូរ​ឈ្មោះ​ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បាន​បង្កើត​នូវ​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​មួយ និង​វិទ្យាស្ថាន​មួយ ដែល​នឹង​រួមមាន មន្ទីរ​ពិសោធន៍ និង​ថ្នាល​បណ្ដុះបណ្ដាល​នៅ​ក្នុង​នោះ​ផង​ដែរ។

ទាក់ទង​ការងារ​បណ្ដុះបណ្ដាល​សហគ្រិន​ស្ត្រី ក្នុង​វិស័យ​បច្ចេកវិទ្យា ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀម​រាប លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​សាទរ ដោយ​សូម​ឲ្យ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ​របស់​ក្រសួង រួមមាន​អគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម។ ហើយក៏​សូម​ឲ្យ​មាន​ឈ្មោះ​ស្ត្រី​ក្នុង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​តាម​ប្រព័ន្ធ Online នោះ​ផង​ដែរ ដើម្បី​ក្លាយ​ជា​គ្រូ​បង្គោល​សម្រាប់​បណ្ដុះបណ្ដាល​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​បន្ត​ទៀត​៕
អត្ថបទ ៖ វិមាន​

សូមចុចអាន ៖ apple និង google រួមគ្នាកម្មវិធីតាមដានកូវីដ ១៩ លើគ្រប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114