BREAKING NEWS
Search

ក្រុង​ហាណូយ បញ្ជា​ឱសថស្ថាន​ទាំង​អស់ រាយការ​ពី​អាការៈ​ពលរដ្ឋ​មក​ទិញ​ថ្នាំ

រដ្ឋបាល​ក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​បញ្ជា​ឲ្យ​បណ្តា​ឱសថស្ថាន​ទាំង​អស់​ទូទាំង​ក្រុង ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​កាន់​សមត្ថកិច្ច នៅ​ពេល​មាន​ពលរដ្ឋ​មក​ទិញ​ថ្នាំ ជាមួយ​អាការ​រោគសញ្ញា​ជំងឺ​កូវីដ ១៩ ដូច​ជា ក្អក និង​គ្រុន​ក្តៅ ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ ១៩។ នេះ​បើ​តាម​ការ​ដក​ស្រង់​សម្តី​លោក Nguyen Duc Chung ចៅហ្វាយ​ក្រុង​ហាណូយ។

យោង​តាម​ការ​លើក​ឡើង​ខាង​លើក បណ្តា​ឱសថស្ថាន​សរុប​ជាង ៧ពាន់​កន្លែង ទូទាំង​រដ្ឋធានី​ហាណូយ ត្រូវតែ​​រាយការ​ទៅ​សមត្ថកិច្ច ហើយ​បើ​ខក​ខាត ឬ​ថ្លោះ​ធ្លោយ​មិន​បាន​រាយការ ឱសថស្ថាន​ទាំង​នោះ ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់។

លើស​ពី​នេះ បណ្តា​មេដឹកនាំ​ក្រុង​ហាណូយ ក៏​បាន​បញ្ជា​ទៅ​កាន់​គ្លីនិក​ឯក​ជន​ទាំង​អស់ រាប់​បញ្ចូល​ទាំង​មជ្ឈមណ្ឌល​សុខាភិបាល ត្រូវ​យក​សំណាក​របស់​អ្នក​ជំងឺ​ខ្លួន ដែល​មាន​អាការ​ក្អក គ្រុន​ក្តៅ និង​ពិបាក​ដកដង្ហើម ដើម្បី​មក​ធ្វើ​តេស្ត​វីរុស​កូវីដ ១៩។

ផ្អាក​តាម​ការ​អះអាង​ពី​សំណាក់​ចៅហ្វាយ​ក្រុង​ហាណូយ ស្ថានភាព​រាតត្បាត​ជំងឺ​កូវីដ ១៩ ក្នុង​តំបន់​ខ្លួន កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ស្ថានការ​បាន​ល្អ ខណៈ​មន្ទីរពេទ្យ Bach Mai ដែល​ផ្ទុះ​ការ​ឆ្លង​ថ្មីៗ​នេះ ក៏​ត្រូវ​គេ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ​ដែរ។

គិត​មក​ទល់​ពេល​នេះ ទូទាំង​ប្រទេស​វៀតណាម បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ ១៩ សរុប ២៦៧​នាក់ ក្នុង​នោះ ១៦៩​នាក់​បាន​ជាសះស្បើយ ហើយ​ក៏​មិន​មាន​ករណី​ស្លាប់​កើត​ឡើង​នៅ​ឡើយ​ដែរ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider