ហាណូយជាប់ចំណាត់ថ្នាក់ ជា​ទីក្រុង​ថោក​ជាងគេ​នៅ​អាស៊ីសម្រាប់ទេសចរណ៍

ផ្អែក​តាម​ការ​សិក្សា​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទេសចរណ៍​ Alpha ដែល​មាន​ការិយាល័យ​នៅ​ចក្រភពអង់គ្លេស ​បាន​បង្ហាញ​ថា​ទីក្រុង​ហាណូយ​និង​ទីក្រុង​វៀងចន្ទន៍​ គឺ​ជា​ទីក្រុង​ដែល​មានការចំណាយទូទៅថោក​បំផុត​នៅ​អាស៊ី​ សម្រាប់​អ្នក​ដំណើរ​ដែល​ចូលចិត្ត​ផ្សងព្រេង​ ឬ Backpacker ​ក្នុង​ឆ្នាំ ២០២០ ខណៈ​ពេល​ដែល​ទីក្រុង​បាងកក​ផ្ដល់​នូវ​អាហារ​ដែល​មាន​តម្លៃ​ថោក​បំផុត។

ទីក្រុង​ហាណូយ ​ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​វៀតណាម​ បានឈរ​នៅលំដាប់​កំពូល​ក្នុង​ចំណោម ៣១ចំណាត់ថ្នាក់ ដែល​បាន​ចុះ​ក្នុង​សៀវភៅ​ណែនាំ “ទី​ក្រុង​ដែល​មាន​តម្លៃ​ថោក​ជាងគេ​ក្នុង​តំបន់​អាស៊ី​” របស់ Backpacker Index ។​ នៅ​ប្រទេស​វៀតណាម​​  ទីក្រុង​ហូជីមិញ​និង​ Hoi An​ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ឈរ​នៅ​លេខ ៣ និង​លេខ ៦ រៀងៗ​ខ្លួន​ដែរ។

ក្រុមហ៊ុន​ធានារ៉ាប់រង​ទេសចរណ៍ Alpha បាន​ស្ទាបស្ទង់​ទិសដៅ​ទេសចរណ៍​ដែល​ចូលចិត្ត​ដំណើរ​ផ្សងព្រេង​ស្ពាយ​កាបូប​តាម​ខ្លួន ​និង​វាយតម្លៃ​ពួកគេ​ដោយ​ផ្អែក​លើ​ថ្លៃដើម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សណ្ឋាគារ​ ជិះ រថយន្ត​នឹង​ដឹក​អ្នក​ដំណើរ​ អាហារ​៣ពេល​ ភេសជ្ជៈ​នឹង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទីក្រុង។

បើ​តាម​ការ​ស្ទាបស្ទង់​បាន​បង្ហាញ​ថា ទីក្រុងដែល​​ចំណាយ​តិច​បំផុត​គឺ ទីក្រុង​ហាណូយ ១៨,៦៦ ដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ​ ​ នៅ​ក្រុង​វៀងចន្ទន៍​ចំណាយ​អស់១៩,៣០ ដុល្លារ​​ និង ១៩,៨៦ ដុល្លារ​អាមេរិក​សម្រាប់​ទីក្រុង​ហូជីមិញ។ ចំណែក​ឯ​ទីក្រុង Yangon នៅ​ប្រទេស​មីយ៉ាន់ម៉ា និងនៅទីក្រុង Pokhara នៅ​នេប៉ាល់​វិញ​ ជាប់​ចំណាត់​ថ្នាក់​ទី ៤ និង​ទី ៥ ប្រហែល ២០,៥០ ដុល្លារ​អាមេរិក​និង ២០,៦៣ ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ។

ដោយឡែកទីក្រុង​ភ្នំពេញ​ក្នុង​បញ្ជីនេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩ ជាមួយ​ការ​ចំណាយជាមធ្យម ២២,៥៩ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ទេសចរ Backpacker ៕

 

ចុចអាន៖សណ្ឋាគារ​ប្រណីតៗ​នៅអាស៊ីប៉ាស៊ីហ្វិក ​ដែលបើកដំណើរការឆ្នាំ ២០២០

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ