ក្រសួងសុខាភិបាល គ្រោងនឹងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅតាមមន្ទីរពេទ្យជនបទទូទាំងប្រទេស
BREAKING NEWS
Search

ក្រសួងសុខាភិបាល គ្រោងនឹងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅតាមមន្ទីរពេទ្យជនបទទូទាំងប្រទេស

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ទៅថ្ងៃអនាគតក្រសួងនឹងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅតាមមន្ទីរពេទ្យនៅជនបទដើម្បីបង្កើនប្រសិទ្ធភាពការព្យាបាលដល់អ្នកជំងឺប្រកបដោយគុណភាពខ្ពស់។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការអនុវត្តប្រព័ន្ធនេះគឺអនុញ្ញាតឲ្យគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកស្រុកនានា នៅពេលជួបប្រទះអ្នកជំងឺណាម្នាក់ ដែលមានរោគសញ្ញាប្លែកមិនដែលជួបពីមុនមកអាចសុំប្រឹក្សាជាមួយគ្រូពេទ្យនៅថ្នាក់ជាតិទៅតាមឯកទេសនីមួយៗ បានដើម្បីពិភាក្សាគ្នាលំអិតពីស្ថានភាពរបស់អ្នកជំងឺ។

លោកស្រីបានបន្តថា ការផ្តល់យោបល់នេះគឺអាចជួយឲ្យគ្រូពេទ្យចេះធ្វើរោគវិនិច្ឆ័យដល់អ្នកជំងឺកាន់តែច្បាស់ និងអាចពង្រឹងសមត្ថភាពដល់គ្រូពេទ្យបានមួយកំរិតថែមទៀត ព្រមទាំងជួយដល់អ្នកជំងឺ ដោយមិនចាំបាច់ធ្វើដំណើរមកព្យាបាលនៅភ្នំពេញឡើយ ព្រោះគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកស្រុកអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាលជំងឺ ដោយសារទទួលបានបទពិសោធន៍ និងការណែនាំពីគ្រូពេទ្យឯកទេសថ្នាក់ជាតិរួចហើយ។

លោកស្រីបានបន្ថែមថា គម្រោងនេះក្រសួងនឹងបន្តពិភាក្សាជាមួយដៃគូជាបន្តបន្ទាប់ទៀត ព្រោះយើងត្រូវការគិតគូរ និងរៀបចំផែនការមួយឲ្យបានច្បាស់លាស់មុននឹងដាក់ឲ្យអនុវត្ត។ លោកស្រីបានបញ្ជាក់ថា «បច្ចុប្បន្ននេះក្រសួងបាននឹងកំពុងពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធប្រជុំគ្នាតាមអនឡាញគ្រប់ដណ្តប់ឲ្យបានទូទាំង២៥រាជធានីខេត្តដែលអាចភ្ជាប់មកក្រសួងដើម្បីឲ្យយើងអាចធ្វើការងារនេះដោយផ្ទាល់ជាមួយមន្ទីរសុខាភិបាលដោយមិនចាំបាច់ឲ្យគាត់ធ្វើដំណើរមកភ្នំពេញដោយសារយើងរវល់មមាញឹកនិងម្យ៉ាងយើងកំពុងអនុវត្តនូវគម្លាតសុវត្តិភាពសង្គមនិងបុគ្គលក្នុងអំ ឡុងពេលដែលកំពុងតែជំរុញវិធានការអនុវត្តវិធានការទប់ស្កាត់រលកទី២នៃចម្លងវីរុសកុវីដ១៩នៅកម្ពុជា»។

លោកស្រីបានបញ្ជាក់ទៀតថា ក្រៅពីនេះក្រសួងក៏គ្រោងនឹងបង្កើតប្រព័ន្ធអេកូឡូស៊ី នៃបច្ចេកវិទ្យាសុខាភិបាល( HealthTech)ដើម្បីឈានឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាពិសេសជួយកែលម្អគុណភាពផ្តល់សេវាសុខភាពជួនប្រជាពលរដ្ឋ។ លើសពីនេះក៏នឹងគ្រោងអនុវត្តប្រព័ន្ធ TeleHealth System និងកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្សេងៗទៀតដើម្បីបំពាក់ជូនប្រជាជននូវចំណេះដឹងអំពីវិធានការ ការថែទាំសុខភាពនិងវិធានការការពារជំងឺទូទៅព្រមទាំងការដាក់ពង្រាយលេខទូរសព្ទ័បន្ទាន់សំរាប់ ២៥ រាជធានី – ខេត្តដើម្បីភ្ជាប់ពីវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាមួយប្រជាជនដែលមានតម្រូវការផងដែរ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ កម្ពុជាបន្តទទួល​ឥទ្ធិពល​ជ្រលងនៃប្រព័ន្ធសម្ពាធទាប