អ្នក​នាំពាក្យ៖ អំពាវនាវរដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ អវត្តមានពេលចូលឆ្នាំ

លោក ហេង សួរ​ អ្នក​​នាំពាក្យក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានអំពាវនាវដល់​ រដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមាន ក្នុងអំឡុងពេលចូលឆ្នាំ។ នេះបើតាម​ទំព័រហ្វេសបុក​ផ្លូវការរបស់​លោក​។

លោក​​បាន​សរសេរ​ថា ដើម្បីបង្ការហានិភ័យក្រោយពេលចូលឆ្នាំខាងមុខនេះ និងយោងទៅតាមវិធានចត្តាឡីស័កសុខាភិបាល សូមរដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីប្រគល់ជូនអាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័ក (ដាក់បងប្អូនទាំងនោះឱ្យនៅ ដាច់ដោយឡែកពីគេ) នៅតាមផ្ទះជួលរបស់គាត់ ចំនួន ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឱ្យចូលធ្វើការ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​​ប្រកាសលើក​ពេល​ថ្ងៃឈប់​សម្រាក ក្នុង​ឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​នៅពេល​ក្រោយ​ និង​សម​ស្រប​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃ​ Covid-19។

អត្ថបទ​៖ សុខលីម​