ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជំទាវ ហ៊ុន ស៊ី​ណាត ​​បញ្ចេញ​ប្រសាសន៍​ រឿង​ អ៊ឹម ជីវ៉ា និង ហេង ឡុង ​​​​ពាក់មុខយក្ស​ដាក់គ្នា

ភ្នំពេញ​ ៖​ ស្រប​ពេលដែល​រឿងរ៉ាវ​របស់ លោក អ៊ឹម ជីវ៉ា ,​លោក ហេង ឡុង និង​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ​កំពុងតែ​ស្ថិតក្នុង​កម្ដៅ​១៨០​អង្សា​ បង្ក​ការចាប់អារម្មណ៍​ដល់​អ្នក​គាំទ្រ ​ក្រោយ​ពេល​លោក អ៊ឹម ជីវ៉ា ទម្លាយ​រឿង​ផ្ទៃក្នុង​របស់​សមាគម​សិល្បករ​ខ្មែរ​រហូត​ផ្ទុះ​សង្គ្រាម​ពាក់មុខយក្ស​ និង​ប្រកាស​ប្ដឹង​ផ្ដល់​ឡើង​តុលាការ​នោះ ​ក៏​ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត ថ្លែង​មានប្រសាសន៍​លើ​ករណី​នេះ ​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​គ្រប់គ្នា​។​

បើ​តាម​ខ្លឹមសារ​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត​ ដែល​បាន​ចូល​ទៅ​Comment​ នៅ​លើ​សារ​របស់​លោក អ៊ឹម ជីវ៉ា បង្ហោះ​ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​ជាមួយ​ លោក ហេង ឡុង និង ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់ថា ​អ្វីដែល​ចង់បាន​ពេលនេះ​ គឺ​លោកជំទាវ​ ចង់​ឲ្យ​ភាគី​ទាំង​សងខាង​សម្រុះសម្រួល​គ្នា​បញ្ចប់​រឿង ​ប្រសើរ​ជាង​ការ​ប្ដឹងផ្ដល់​ឡើង​តុលាការ​។

លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​មានប្រសាសន៍​ដូច្នេះ​ថា ​មីង​គិត​ថា​សុទ្ធតែ​គ្នាឯង​ទេ គួរតែ​ដក​ថយ​មួយ​ជំហាន​ម្នាក់ៗ​ដោះស្រាយ​គ្នា​ទើប​ល្អ​។​ ជាការ​ឆ្លើយតប​ តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា បាន​លើក​ឡើង​ថា​ អរគុណ​អ្នក​ម្តាយ​ តែ​គេ​មិន​គិត​អញ្ចឹង បែរជា​ប្តឹង​ទៅវិញ​។​ បើ​អ្នក​ម្តាយ ហ៊ុន ស៊ី​ណាត ឲ្យ​កូន​ដើរ​ថយក្រោយ​ម្នាក់​មួយ​ជំហាន​ដើម្បី​ដោះស្រាយ កូន​នឹង​ធ្វើតាម​អ្នក​ម្តាយ ​តែ​ត្រូវ​សុំឲ្យ​ លោក ហេង ឡុង និង​អ្នកនាង ច​ន​ច័ន្ទ​លក្ខិណា ដក​ពាក្យបណ្ដឹង​សិន បាន​កូន​ដក​ពាក្យបណ្ដឹង​ទាំង​បួន​ស្ថាប័ន​តាម​ក្រោយ​ពួកគាត់​ដែរ ..! ។

លោក អ៊ឹម ជីវ៉ា បាន​បន្តថា​ តែបើ​ លោក ហេង ឡុង និង ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មិន​ព្រម​ដក​ពាក្យ​បណ្ដឹង​ទេ ​កូន​នឹង​សុំ​សិទ្ធិ​ស្វ័យ​ការពារ​ខ្លួន​ទៅតាម​ច្បាប់​បណ្ដឹង​វិញ​ដែរ កូន​ចង់​ជម្រាប​អ្នក​ម្តាយ​ថា កូន​គ្រាន់តែ​ជាយ​ជើង​ក្រោយ​ទេ ហើយ​រាល់​ពាក្យពេចន៍​ប្រសាសន៍​របស់​អ្នក​ម្តាយ​ទូន្មាន ​គឺ​កូន​ស្តាប់​តាម​ ព្រោះ​អ្នក​ម្តាយ​ជា​ចាស់ទុំ​ប្រកបដោយ​គុណធម៌ ព្រហ្មវិហារ​ធម៌ ជា​អាជ្ញាកណ្ដាល ដូចនេះ​កូន​ត្រូវតែ​ស្តាប់​តាម​អ្នក​ម្តាយ ហ៊ុន ស៊ី​ណាត។​

សូម​ជម្រាប​ថា ​បញ្ហា​ជម្លោះ​រវាង​តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា ,​លោក ហេង ឡុង និង ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​បាន​ផ្ទុះ​កម្ដៅ​ឡើង ​បន្ទាប់ពី​លោក អ៊ឹម ជីវ៉ា ប្រកាស​លាឈប់​ពី​សមាគម​សិល្បករ​ខ្មែរ​ព្រោះ​តែ​បញ្ហា​គ្មាន​តម្លាភាព​ផ្ទៃក្នុង​។ ​មិនតែប៉ុណ្ណោះ​ លោក អ៊ឹម ជីវ៉ា បានបង្ហាញ​មូលហេតុ ​និង​បក​អាក្រាត​ភាព​ពុក​រលួយ​របស់​សមាគម​៩​ចំណុច​ចាក់​ចំ​បេះដូង​ ទើប​ធ្វើ​ឲ្យ​ លោក ហេង ឡុង និង​អ្នក​នាង ច​ន ច័ន្ទ​លក្ខិណា ឈួល​ចុង​ច្រមុះ​ប្រកាស​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ចោទ​ប្រកាន់​ចំនួន​៣​ចំណុច​៕

អត្ថបទ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114