សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ​ឯកឧត្ដម ហ៊ឹម ឆែម
BREAKING NEWS
Search

សម្ដេច​ក្រឡាហោម ស ខេង ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ​ឯកឧត្ដម ហ៊ឹម ឆែម

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់​ដឹក​នាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​ នៃ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្ដម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​សៅរ៍ ១០​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយ​រោគាពាធ។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​ប្រតិភូ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដាក់​កម្រងផ្កា អុជ​ធូប ស្មិងស្មាធិ៍ គោរព​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និង​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​ លោកជំទាវ សួស ណា​រ៉ា ហឹម ឆែម ព្រមទាំង​ក្រុម​គ្រួសារ ក្នុង​បរិយាកាស​ប្រកបដោយ​សេចក្ដី​ក្រៀមក្រំ និង​អាឡោះអាល័យ ចំពោះ​ការ​ទទួល​មរណភាព​រ​បស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ប្រគល់​ជូន​លោកជំទាវ សួស ណា​រ៉ា ព្រមទាំង​ក្រុមគ្រួសារ នូវ​បច្ច័យ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម។ ក្នុង​នោះ ​បាន​បន្ត​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស ដែល​ សម្ដេច​ បាន​សរសេរ​ចារ​ទុកជា​កិច្ច​ចុងក្រោយ នៃ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម​។​

​ក្នុង​សារ​រំលែក​មរណទុក្ខ​ផ្ញើ​ជូន ​លោកជំទាវ សួស ណា​រ៉ា កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូស​បញ្ជាក់​ថា ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម គឺជា​បញ្ញវន្ត​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​ចូលរួម​ចំណែក​តស៊ូ​បម្រើ​យ៉ាងសកម្ម និង​ប្រកប​ដោយ​ស្វាមីភក្ដិ​យ៉ាង​ស្មោះស្ម័គ្រ​ក្នុង​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ​រហូតដល់​វិនាទី​ចុង​ក្រោយ​ នៃ​ជីវិត​របស់​ឯកឧត្ដម​។​

​មរណភាព​របស់ ​ឯកឧត្ដម ហ៊ឹម ឆែម មិន​ត្រឹមតែ​ជា​ការ​បាត់បង់​ស្វាមី ឪពុក ជីតា ជា​ទីគោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​របស់​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ ក៏​ជា​ការ​បាត់បង់​នូវ​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​របស់​ជាតិ ដែល​បាន​លះបង់​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី មិន​ខ្លាច​នឿយហត់ ចូលរួម​កសាង​សង្គម​ជាតិ​តាមរយៈ​ការ​លើកកម្ពស់​នូវ​គុណ​តម្លៃ​ នៃ​វប្បធម៌ និង​ព្រះពុទ្ធសាសនា​។​

​ក្នុងនាម​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​ នៃ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង មាន​សេចក្ដី​សង្វេគ​សោកស្ដាយ​ជា​អនេក ប្រកបដោយ​សមានទុក្ខ​ក្រៀមក្រំ និង​រន្ធត់​ក្ដុកក្ដួល​ឥតឧបមា​ចំពោះ​មរណភាព​របស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី និង​បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ លោកជំទាវ សួស ណា​រ៉ា ហ៊ឹម ឆែម ព្រមទាំង​ក្រុម​គ្រួសារ និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ ឯកឧត្ដម ហ៊ឹម ឆែម បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114