BREAKING NEWS
Search

​​ចៅអធិការ​​វត្ត​មួយ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ សន្យា​​ការពារ​ទី​ទួល​ប្រាសាទ​បុរាណ​​​អាយុ​ជាង​១​ពាន់​ឆ្នាំឱ្យ​បាន​គង់​វង្ស​

កំពង់ឆ្នាំង ៖ ទី​ទួល​បុរាណ​ប្រាសាទ​បុរាណ​១​កន្លែង​មាន​ឈ្មោះថា “​ទីទួល​ពិ​ស្រី ជ័យ​សូរ្យ​វង្ស កំពង់​ព្រះ​” ស្ថិតនៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ គឺជា​ទីទួល​ប្រាសាទ​បុរាណ ដែល​មាន​វ័យ​ចំណាស់​ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ។ ថ្មីៗ​នេះ ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ បានចេញ​សេចក្ដី​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ​និង​គណៈកម្មការ​គ្រប់គ្រង​វត្ត​នៅលើ​ទីទួល​បុរាណ​ប្រាសាទ​១​នេះ ដោយ​ហាម​ធ្វើ​កំណាយ ឬ​បញ្ចុះសព​បន្តទៀត​ជាដាច់ខាត ដើម្បី​អភិរក្ស​ទីទួល​ប្រាសាទ​បុរាណ​ប្រវត្តិសាស្ត្រ​១​នេះ ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយ បាន​ដឹង ​បាន​ស្គាល់ និង​ ជួយ​ថែរក្សា​ការពារ​ឲ្យ​បាន​គង់វង្ស។

លោកគ្រូ​ចៅអធិការ​វត្ត​កំពង់ព្រះ ព្រះនាម អ៊ុំ សុគន្ធ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ធ្នូ មាន​ថេរ​ដីកា​ថា ចាប់​តាំង​ពី​ទទួល​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង ​វិចិត្រសិល្បៈ ​ស្ដីពី​ការ​បញ្ឈប់​ការ​បញ្ចុះសព ការ​ធ្វើ​កំណាយ និង​ការ​ធ្វើ​សំណង់​រឹង លើ​ទីទួល​ប្រាសាទ​មួយ​នេះ​មក ព្រះអង្គ​បាន​ខិតខំ​ថែរក្សា​ការ​ពារ តាម​ការណែនាំ​របស់​ក្រសួង ដោយ​មិន​អនុញ្ញាត​ដូច​មុនៗ​ទៀតឡើយ ពិសេស​គឺ​ការបញ្ចុះ​សព​នៅ​រដូវ​ទឹក​ឡើង ដែល​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក​ក្នុង​មូលដ្ឋាន​នេះ ដោយ​អនុញ្ញាត​ត្រឹមតែឲ្យ​បូជា​សព​តែ​ប៉ុណ្ណោះ​ មិនអាច​បញ្ចុះ​លើដី​ទួល​បុរាណ​នេះ​បាន​ទៀត​ឡើយ​។ ដោយ​បច្ចុប្បន្ន​ព្រះអង្គ​ និង​គណៈកម្មការ​វត្ត កំពុងតែ​យកចិត្តទុកដាក់​ថែរក្សា​លើ​ទីទួល​បុរាណ​ប្រាសាទ ក៏ដូចជា​សម្អាត​នៅ​ទីធ្លា​ជុំវិញ​ប្រាសាទ​កំពង់ព្រះ​នេះ​ជាដើម គឺ​ក្នុង​គោលបំណង​ថែរក្សា​ការពារ នៅ​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ទាំងនេះ ឲ្យ​បាន​គង់វង្ស​មិន​ឲ្យ​បាត់បង់ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹង​ បាន​ស្គាល់​នូវ​ស្នាដៃ​បុព្វបុរស​ខ្មែរ។

លោកគ្រូ​ចៅអធិការ អ៊ុំ សគ​ន្ឋ ក៏បាន​សម្ដែង​ទឹក​ព្រះទ័យ​សោកស្ដាយ​ផង​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ ២០១២ មាន​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​បាន​មក​ជីក​រណ្ដៅ​ធ្វើ​បង្គោល​អង់តែន បង្ក​ផល​ប៉ះពាល់​ដល់​គ្រឹះ ប្រាង្គ​ប្រាសាទ​មួយទៀត ក្នុងចំណោម​ប្រាសាទ​ចំនួន​២​ ដែល​កំពុងមាន​សព្វថ្ងៃ។ ក្រោយមក ​មន្ទីរ​និង​ក្រសួង​ជំនាញ បាន​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន​ខាងលើ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​ព្រះអង្គ​បានដឹង​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ គឺ មាន​វត្ថុ​បុរាណ​មានតម្លៃ​មួយចំនួនធំ​ត្រូវ​បាន​ក្រុម​អ្នក​ជីក​រណ្តៅ​នោះ​លួច​យក​ទៅ​ពេ​ល​ដែល​ជីក​រណ្តៅ​ធ្វើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​នោះ ដែល​កាលនោះ​ព្រះ​អង្គ​នៅ​ធ្វើជា​យោធា​នៅឡើយ​។ បច្ចុប្បន្ន​រណ្ដៅ​១​នេះ ក្រសួង​វប្បធម៌ ​បាន​ប្រក់​ដំបូល​ការពារ​លើ​គ្រឹះ​ប្រាសាទ ដែល​បានធ្វើ​កំណាយ​ទៅ​ប៉ះចំ​នោះ​ហើយ មិន​ឲ្យ​អ្នកណា​មក​ប៉ះពាល់​បាន​ទៀតឡើយ។

ទន្ទឹមគ្នា​នេះដែរ ព្រះអង្គ​ ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ រស់នៅក្នុង​មូលដ្ឋាន​ជុំវិញ​ទី​ទួល​ប្រាសាទ​នេះ មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​យក​ថ្ម ឬ​ឥដ្ឋ​បុរាណ ចេញពី​ទួលប្រាសាទ​នោះឡើយ។

ដោយឡែក លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​ និង ​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​៖ ប្រាសាទ​កំពង់ព្រះ បាន​កសាងឡើង​ក្នុង​ចន្លោះ​សតវត្ស​ទី​៧ និង ​ទី​៨ ក្នុង​រជ្ជកាល​ប្រទេស​ខ្មែរ​គ្រងរាជ្យ​ដោយ​ព្រះ​នាង​ជ័យ​ទេវី បើ​គិត​មកដល់ពេលនេះ​មាន​ប្រាសាទ​កំពង់ព្រះ អាយុ​ជាង​១​ពាន់​ឆ្នាំ​ហើយ​។​

លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យើង​នៅក្នុង​មូលដ្ឋាន ជួយ​ថែរក្សា​ការ ពារ​ប្រាសាទ និង​ទីទួល​ប្រាសាទ​កំពង់ព្រះ ឲ្យ​បាន​គង់វង្ស ដើម្បី​អភិរក្ស​ប្រាសាទ​នេះ ឲ្យ​ក្លាយ​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​នឹងមាន​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត ហើយ​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង៕


អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114