កំណាយ​ស្រាវជ្រាវ​អំពី​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ ​ពី​អង្គរ​ ទៅ​រលួស​
BREAKING NEWS
Search

កំណាយ​ស្រាវជ្រាវ​អំពី​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ ​ពី​អង្គរ​ ទៅ​រលួស​

សៀមរាប ៖ បុរាណ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​រាជធានី​ពីរ​នៅ​សម័យអង្គរ គឺ​រាជធានី​យសោធរ (​អង្គរ​) និង​រាជធានី​ហរិហរាល័យ (​រលួស​) ស្ថិតនៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាប ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៩​ថ្មីៗ​កន្លងទៅនេះ។​

តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​បណ្ឌិត ឈាន រដ្ឋា ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បានឲ្យ​ដឹងថា ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ​ពី​តំបន់​អង្គរ​ទៅ​តំបន់​រលួស គឺ​ក្នុង​គោលបំណង​ប្រៀបធៀប​ទៅនឹង​រចនា​សម្ពន្ធ ​នៃ​ផ្លូវ​បុរាណ​ដទៃទៀត​ដែល​ស្ថិតនៅ​ទីតាំង​ផ្សេង និង​ពិចារណា​ក្នុង​ការលើក​គម្រោង​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី​លើក​តម្លៃ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឡើងវិញ​ឲ្យ​ក្លាយ​ជា​បេតិកភណ្ឌ​រស់​។​

លោក រដ្ឋា បន្តថា ក្នុងការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​អំពី​រចនា​សម្ពន្ធ​ផ្លូវ​បុរាណ ក្រុមការងារ​បាន​ចុះ​សិក្សា​សម្រង់​ប្លង់ វាស់វែង និង​បើក​រណ្តៅ​កំណាយ​ចំនួន​៥ ដើម្បី​ដឹង​ពី​បច្ចេកទេស​ នៃ​ការសាងសង់​ផ្លូវ​របស់​បុព្វបុរស​ខ្មែរ​។ ជា​លទ្ធផល​ស្រាវជ្រាវ​បង្ហាញ​ថា ផ្លូវ​បុរាណ​នេះ​កសាងឡើង​ដោយ​ការចាក់​បង្ហាប់​ដី​មាន​បី​ស្រទាប់ គឺ​ស្រទាប់​ក្រោម​ប្រើ​ល្បាយ​ដីខ្សាច់​ជាមួយ​ដីឥដ្ឋ ស្រទាប់​កណ្តាល​ប្រើ​ល្បាយ​កម្ទេច​ថ្មបាយក្រៀម ដីខ្សាច់ និង​ដីឥដ្ឋ និង​ស្រទាប់​ខាងលើ​បង្អស់​ជា​ល្បាយ​ដីឥដ្ឋ​លាយ​ជាមួយ​ដី​ខ្សាច់​ភាគច្រើន។​

ផ្លូវ​នេះ​មាន​ទំហំ​សរុប​ចន្លោះ​ពី​៥៦​ ទៅ​៦៦​ម៉ែត្រ ដោយ​ចែកជា​ទ្រូងផ្លូវ​ទំហំ ពី​៣០​ទៅ​៤០​ម៉ែត្រ ជើង​ទេរ​៣​ម៉ែត្រ​សងខាង ប្រឡាយ​ទឹក​ប្រវែង​ពី​៧​ទៅ​១០​ម៉ែត្រ​សងខាង និង​កម្ពស់​ផ្លូវ​ពី​១,២០​ទៅ​១,៥០​ម៉ែត្រ​។ ក្រៅពី​លទ្ធផល​បាន​ពី​កំណាយ​ខាងលើ តាមរយៈ​ការវាស់វែង​លើ​ទីតាំង​ផ្សេងៗ​គ្នា​នៅលើ​កំណាត់​ផ្លូវ​បុរាណ​នេះ​ឃើញថា ជាទូទៅ​ផ្លូវ​មាន​ទំហំ​សរុប​ចន្លោះ​ពី​៧០ ទៅ ១០០​ម៉ែត្រ គិត​ទាំង​ប្រឡាយ​អម​ផ្លូវ​ផង ដោយឡែក​នៅ​ជិត​នឹង​គល់ស្ពាន​តួ​ផ្លូវ​មាន​ទំហំ​រួម​តូច​ចន្លោះ​ពី​៥៦ ទៅ​៦៦​ម៉ែត្រ​៕

អត្ថបទ ៖ កញ្ញា វ៉ាត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114