ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ទ្រុង​ធុន​ធំ​មួយ​គ្រឿង បើក​បុក​រះ​​ ​រថយន្ត​៤​គ្រឿង ​និង​ក្រឡាប់​កង់​បី​១​គ្រឿង​

ភ្នំពេញ​ ៖ រថយន្ត​ទ្រុង​ធុន​ធំ​ដឹក​អីវាន់​១​គ្រឿង​ មិនដឹងថា​អ្នកបើកបរ​មានរឿង​អី​ក្នុង​ចិត្ត​នោះទេ ​បាន​ជា​បើកបរ ក្នុង​ល្បឿន​លឿន​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​រថយន្ត​៤​គ្រឿង​ជា​បន្តបន្ទាប់ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ រួមជាមួយ​ម៉ូតូ​កង់​បី​១​គ្រឿង​ក្រឡាប់​បះជើង​ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រង​របួស ​ឬ​ស្លាប់​បាត់​បង់ជីវិត​នោះទេ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ តាម​ផ្លូវ​វ៉េង​ស្រេង ត្រង់ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​3D-6267 រង​ការខូចខាត​កំពឹត​មុខ ​​បើកបរ​ដោយ​បុរស​មិន​ស្គាល់​ឈ្មោះ​ម្នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន។ ចំណែក​រថយន្ត ​ដែល​រង​ការខូចខាត​នោះ ​រួមមាន ៖ ​ទី​១,​រថយន្ត​ម៉ាក​ព្រុស​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-8672 បាន​រង​ការ​ខូចខាត​ទាំង​មុខ​ទាំងក្រោយ​។​ ទី​២,​រថយន្ត​ម៉ាក​ឡិច​ស៊ីស​NX-200T ​ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-6776 រង​ការខូចខាត​ផ្នែក​ខាងក្រោយ។ ទី​៣,​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-0819 រង​ការខូចខាត​ខ្ទេច​មុខ និង​ចំហៀង​ខ្លួន​ខាងស្ដាំ​។ ទី​៤,​រថយន្ត​សាំ​យ៉ុង​ពណ៌​លឿង​ ពាក់​ស្លាក​លេខ​កំពង់ចាម​2A-8297។ ទី​៥,​ម៉ូតូ​កង់បី​ ពណ៌ស​ ពាក់​ស្លាក​លេខ​កណ្ដាល​1AB-9538 ក្រឡាប់​ និង​រង​ការខូចខាត​យ៉ាង​ដំណំ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​ រថយន្ត​ទ្រុង​ដឹក​អីវ៉ាន់​បង្កហេតុ​នោះ​ បើកបរ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើ​ត​ទៅ​លិច ​លុះ​ពេល​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បុក​រថយន្ត​ព្រូស​ពីក្រោយ​ពេញទំហឹង ​រុញ​ផ្ទប់​បង្គោល​ស្លាក​ប៉ាណូ​១​ដើម​ បណ្ដាល​ឲ្យ​ខ្ទេច​ទាំង​មុខ​ទាំង​ក្រោយ​។​បន្ទាប់មក​រថយន្ត​បង្ក បាន​បើក​រត់​ ហើយ​បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​ឡិច​ស៊ី​ស​NX200T រង​ការខូចខាត​កាង​ក្រោយ រួចហើយ​​ជ្រុល​បន្ត​ទៅបុក​រថយន្ត​តា​កូ​ម៉ា​ខ្ទេច​មុខ​ និង​ចំហៀង​ខ្លួន​ថែម​ទៀត​។ ​ខណៈ​នោះ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទៀត​ និង​បាន​បន្ត​ទៅបុក​ម៉ូតូ​កង់​បី​១​គ្រឿង​ក្រឡាប់ រួច​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​សាំ​យ៉ុង​មួយ​តង់​ទៀត ​ទើប​ឈប់​ស្ងៀម​។​

ក្រោយមក ​អ្នកបើកបរ​ ត្រូវបាន​នគរបាល​ចាប់ខ្លួន​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​១ ចំណែក​រថយន្ត​ទាំង​៥​គ្រឿង ​និង​ម៉ូតូ​កង់​បីមួយគ្រឿង ​ត្រូវបាន​នគរបាល​នាំយកទៅ​រក្សាទុក​រង់ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទ ៖ វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114