BREAKING NEWS
Search

ហេតុផលដែលយើង​គួរផ្អាក​គិតពីការងារអំឡុងពេលហូលីដេ

មនុស្សដែលមាន​ការទទួលខុសត្រូវខ្ពស់ និងមាន​សមានចិត្ត​ដិតដាមលើអាជីពខ្លួន ភាគច្រើន បារម្ភពីការងារជានិច្ច សូម្បី​ទៅកម្សាន្តសម្រាកដល់ណានៅតែ ស្លន់ស្លោ ចច្រប់ជាមួយ​ទូរសព្ទ មិនថាលើឆ្នេរ ក្នុងសណ្ឋាគារ ពេលអាហារ ពេលជុំគ្រួសារ ពេលហែលទឹក ។ល។

នោះជាបញ្ហា ហើយមិនមែនបញ្ហាតូចឡើយ!

យើងទាំងអស់គ្នាត្រូវការថ្ងៃឈប់សម្រាក និងគំនិត ដែលពិតជាបានឈប់សម្រាកពីការងារទាំងស្រុង។ ការទៅមាត់សមុទ្រ អង្គុយមើលកំព្យូទ័រ មិនមែនជាការ​សម្រាកដែលអនុញ្ញាតឱ្យយើងមានលទ្ធភាព​កាតើបន្ថយភាពតឹងតែងហត់នឿយនៃខួរក្បាល និងបង្កើន សមត្ថភាព​ច្នៃប្រឌិត បង្កើតប្រព័ន្ធរាងកាយ ដែលមានសុខភាពល្អនិងបញ្ឈប់ខ្លួនយើងពីការលង់នៅក្រោមសមុទ្រនៃភាពតានតឹងដែលទាក់ទងនឹងការងារនោះទេ។

ការសម្រាក មិនទាក់ទងនឹង​កន្លែង​ដែលយើងទៅ ឬរយៈពេលហូលីដេ​ប៉ុនណា ទេ ប៉ុន្តែទាក់ទងនឹង​សកម្មភាព​របស់យើង។

ចំណែកខាងក្រោមនេះជាវិធីសាស្ត្រ​ដើម្បីរាងកាយនិងចិត្ត​គំនិត បានសម្រាកពិតៗ៖

១ រៀបចំផែនការសកម្មភាព​សម្រាប់វិស្សមកាល

ត្រូវបង្កើតសកម្មភាព​ណាដែលអនុញ្ញាត្តិឱ្យយើងបានរីករាយជាមួយសេរីភាពថ្មី គិតអ្វីផ្សេងពីសព្វថ្ងៃ កំណត់ឱ្យច្បាស់ថាតើនឹង​មានការងារច្រើនប៉ុណ្ណាដែលគួរឆ្លើយតប ឬគួរផ្អឹបទុកសិន នៅពេលឈប់សម្រាក។

២ ច្បាស់លាស់នឹង​ខ្លួនឯង

ប្រាប់សហសេវិកថា យើង​នឹងមិនពិនិត្យអ៊ីមែលឬឆាតទេ បើមានបញ្ហាតូចតាចពួកគេមិនគួរទូរស័ព្ទមកឡើយ។ កំណត់ថា គ្រប់គ្នាមិនគួររំពឹងថាយើងនឹងឆ្លើយតបរឿង​ការងារពេលហូលីដេឡើយ។  ព្យាយាមកុំទុកអ្វីដែលធ្វើបានពាក់កណ្តាល គួររួចរាល់មុនពេលឈប់សម្រាក ប្រសិនមិនចង់មានអារម្មណ៍តានតឹងពាក់កណ្តាល​សម្រាក។

៣ ថាទេចំពោះឧបករណ៍

ទូរស័ព្ទឬកុំព្យូទ័រយួរដៃនៅវិស្សមកាល គួរ​កុំទុកក្បែរខ្លួន​ ហើយ​បើនៅសមុទ្រត្រូវគិតអំពីទឹកសមុទ្រ អំពីមេឃ ​អំពីដីខ្សាច់​ ជាជាងគិតងប់ងល់​​ថតរូប ឬ​គិតពីអ្នកកំពុង​តាមមើលយើងលើបណ្តាញសង្គម។ ព្យាយាមនៅជាប់រវល់ ជាមួយ​ការរត់ត្រឹកៗ ការជិះកង់ ស្តាប់តន្ត្រី ឬ អានសៀវភៅ ណាមួយ​មិនមែន​ការងារ​។

 ៤ សាកល្បងល្បែងផ្សងព្រេង

ត្រូវប្រាកដថាមិនមែនល្បែងស៊ីសងដែលបង្កើរសម្ពាធទេ សូម្បីតែសំរាកនៅលើឆ្នេរខ្សាច់ ជិះអូប័រ  គេងតង់ មុជទឹក រៀនដើរលើខ្សែ អ្វីក៏ដោយ​ដែលពុំមែនជាសកម្មភាព​ប្រចាំ​ថ្ងៃ​របស់យើង គឺធ្វើបាន ដោយ​រំលឹកខ្លួនឯងថា យើង​មានសិទ្ធិធ្វើជាមនុស្ស​ផ្សេង​ខុសពីតួនាទីអាជីពយើង នៅថ្ងៃ​ឈប់សម្រាក។

៥ បង្កើតអារម្មណ៍ថ្មី

នេះជាពេលដែលយើងអាចស្លៀកពាក់តាមអារម្មណ៍ មិនថា ប៊ីគីនី ខោងូតទឹកចម្រុះពណ៌ តែងខ្លួន​ឆ្កួតៗ​តែស្រស់ស្រាយចិត្ត ពាក់មួកដូចអ្នកលេងសៀក​ ពាក់វ៉ែនតាដូចអ្នកលេង អ្វីក៏ដោយ​ បម្រើអារម្មណ៍​ខ្លួនឯងចុះ ព្រោះយើងពុំមែនជាមេធាវី​ ជាអ្នកនយោបាយ ជាមេដឹកនាំ​ ទៀតទេ ពេលនេះជា​គ្រាន់តែសម្រាក និងធ្វើឱ្យចិត្ត​ថ្លើមបានបំពេញនូវអារម្មណ៍ថ្មី​ ដែលមិនប៉ះពាល់សិទ្ធិអ្នកដទៃ។

ដោយ សុភា

ប្រភពmetro

ចុចអាន ៥យ៉ាងដែលយើងច្រើនធ្វើខុសពេលដើរកម្សាន្តឆ្ងាយៗ

ចុចអាន ពេលស្ត្រេសទៅផឹកស្រាដូចទៅសម្លាប់ខ្លួន ដើរកម្សាន្តតាមធម្មជាតិទើបព្យាបាល